Connect with us

ព័ត៌មានជាតិ

ផ្លូវ​យុទ្ធសាស្រ្ត​ក្រាលកៅស៊ូប្រវែង ២៦ គ.ម តភ្ជាប់​ពី​ផ្លូវជាតិ​លេខ ៤៨ ដល់ស្រុកថ្មបាំង សាងសង់​សម្រេច​បាន ៧៥%

បានផុស

នៅ

ការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវកម្រាលបេតុង ១ ខ្សែ ដែល​តភ្ជាប់ពីផ្លូវជាតិលេខ ៤៨ ត្រង់គីឡូម៉ែត្រ ១១៧ ស្ថិតនៅក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ដល់ភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង សម្រេចបានវឌ្ឍនភាពប្រមាណ ៧៥% ហើយ​គ្រោងនឹងបញ្ចប់នៅពេលឆាប់ៗខាងមុខនេះ។

ផ្លូវនេះ​បាន​ចាប់ផ្តើមសាងសង់កាល​ពីខែមីនា ឆ្នាំ២០២៤ មានប្រវែងសរុប ២៦,១០គ.ម ក្នុងនោះក្រាលកៅស៊ូពីរជាន់មាន​ប្រវែង ១៦,៧១៥ គ.ម ទទឹង ៨ ម៉ែត្រ និងក្រាល​បេតុងប្រវែង ៩,៣៨៥ គ.ម ទទឹងចន្លោះពី ៨ ម៉ែត្រ ទៅ ១០ម៉ែត្រ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈការ​ស្ថាបនា​ផ្លូវ​មួយ​ខ្សែនេះ នឹង​ផ្តល់ប្រយោជន៍​ដល់​ប្រជាពលរដ្ឋដែលជាអ្នកទទួលផលដោយផ្ទាល់ និងដោយប្រយោលប្រមាណ ៨៩៥ គ្រួសារ ខណៈ​​ផ្លូវនេះ​ក៏​ជាខ្សែ​ផ្លូវយុទ្ធសាស្ត្រដ៏សំខាន់តភ្ជាប់ទីប្រជុំជនស្រុកថ្មបាំងមកផ្លូវជាតិលេខ ៤៨ និងឆ្ពោះទៅក្រុងខេមរភូមិនដែលជាទីប្រជុំជនសំខាន់របស់ខេត្តកោះកុង។

ក្នុងឱកាសចុះពិនិត្យការដ្ឋានសាងសង់ផ្លូវខាងលើ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ប្រចាំការនៅការដ្ឋានផ្ទាល់ឱ្យពន្លឿនការសាងសង់ ដោយត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងគំនូសប្លង់ដូចមានក្នុងកិច្ចសន្យាការងារ ក្នុងគោលបំណងធានាឱ្យបានផ្លូវជាប់ប្រកបដោយគុណភាព មានភាពធន់ និងប្រើប្រាស់បានយូរអង្វែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម