Connect with us

ព័ត៌មានជាតិ

កម្ពុជាបញ្ជូនជនជាតិកូរ៉េ ៦៤នាក់ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រឡប់ទៅប្រទេសដើមវិញ

បានផុស

នៅ

មន្ត្រីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានបញ្ជូនជនជាតិកូរ៉េខាងត្បូងសរុបចំនួន ៦៤នាក់ ក្នុងនោះមានស្ត្រីចំនួន៥នាក់ ដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យត្រឡប់ទៅប្រទេសដើមរបស់ពួកគេវិញ ដើម្បីឱ្យរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ចាត់វិធានការនិងអនុវត្តនីតិវិធីបន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហៅកាត់ថា គ.ប.ឆ.ប. បានបញ្ជាក់ថា ការបញ្ជូនជនជាតិបរទេសឱ្យត្រឡប់ទៅប្រទេសខ្លួនវិញបន្ទាប់ពីសមត្ថកិច្ចរកឃើញថាមានការជាប់ពាក់ព័ន្ធនឹងការឆបោកអនឡាញ គឺជាផ្នែកនៃការអនុវត្តនីតិវិធីច្បាប់ និងប្រព្រឹត្តទៅក្នុងក្របខណ្ឌនៃយន្តការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ហើយដែលក្រសួងស្ថាប័ន សមត្ថកិច្ចជំនាញ តែងតែអនុវត្តយ៉ាងម៉ឺងម៉ាត់ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យានេះ។

កន្លងមក កម្ពុជាបានបញ្ជូនជនជាតិកូរ៉េចំនួន ១៨០នាក់ ឱ្យត្រឡប់ទៅសាធារណរដ្ឋកូរ៉េវិញរួចមកហើយ។ រាជរដ្ឋាភិបាលកម្ពុជាតែងតែបានស្នើការសហការពីអាជ្ញាធរសមត្ថកិច្ចនៃរដ្ឋាភិបាលកូរ៉េ ដើម្បីមកទទួលជនជាតិរបស់ខ្លួនដែលជាប់​ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យត្រឡប់ទៅប្រទេសខ្លួនវិញ ដើម្បីបន្តចាត់វិធានការ។ ជាងនេះទៀត រាជរដ្ឋាភិបាលកម្ពុជា តាមរយៈលេខាធិការដ្ឋាន គ.ប.ឆ.ប. បានស្នើសុំកិច្ចសហការជាមួយសមត្ថកិច្ចជំនាញនៃរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ក្នុងការបន្តស្រាវជ្រាវស៊ីជម្រៅ ដើម្បីឆ្ពោះទៅវែកមុខបណ្តាញអង្គការចាត់តាំង និងប្រភពដែលនៅពីក្រោយការឆបោកអនឡាញនេះ ដោយផ្អែកលើវត្ថុតាងដែលអាជ្ញាធរកម្ពុជារឹបអូសបាន ក្នុងប្រតិប្រតិបត្តិការពីបណ្តារាជធានីខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។

សូមរំលឹកជូនថា ក្នុងរយៈពេល៤ខែចុងក្រោយ ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រោមការចង្អុលបង្ហាញពី លេខាធិការដ្ឋានគ.ប.ឆ.ប. បានចុះពិនិត្យទីតាំងសង្ស័យ និងបានបង្ក្រាប បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅតាមគោលដៅចំនួន ៩២ទីតាំង ក្នុង ១៨ រាជធានីខេត្ត។ ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុប ប្រមាណ ៣ ៤៥៥ នាក់ មានចំនួន២០សញ្ជាតិ ។

ជាមួយគ្នានេះ សមត្ថកិច្ចជំនាញបានបន្តនីតិវិធីចំពោះ ១០សំណុំរឿងធំៗក្នុងចំណោមសំណុំរឿង ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកអនឡាញនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ និងខេត្តកំពត ដោយបានបញ្ជូនមុខសញ្ញាមេខ្លោង និងបក្ខពួកសរុប ចំនួន៧៥នាក់ (ស្រ្តីចំនួន៥នាក់) ទៅតុលាការ ដើម្បី អនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។
ទន្ទឹមនេះ ជនបរទេសចំនួន ២ ៨២៥នាក់ ក្នុងនោះស្ត្រីចំនួន ៤៧៦នាក់ ត្រូវបាននិរទេសចេញពីប្រទេសកម្ពុជា ខណៈសមត្ថ​កិច្ចក៏បានជួយសង្រ្គោះជនរងគ្រោះឱ្យរួចផុតពីអំពើជួញដូរ និងបានបំបែកបណ្តាញឧក្រិដ្ឋជនឆបោក និងសំបុកនៃការជួញដូរមនុស្សផងដែរ។

លទ្ធផលដែលទទួលបានខាងលើនេះបានបង្ហាញឱ្យឃើញនូវឆន្ទៈខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងការអនុវត្តបទបញ្ជាម៉ឺងម៉ាត់របស់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា ខណៈដែលប្រទេសកម្ពុជា ក៏ជាប្រទេសរងគ្រោះពីអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម