Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ស្នើសហជីពធ្វើជាតំណាងកម្មករ ដោះស្រាយបញ្ហាឱ្យបានទាន់ពេលចៀសវាងតវ៉ា បិទផ្លូវជាអំពើល្មើសច្បាប់

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើឱ្យសហព័ន្ធសហជីពធ្វើជាតំណាងកម្មករនិយោជិតក្នុងការដោះស្រាយបញ្ហានានាឱ្យបានទាន់ពេលវេលាដើម្បីចៀសវាងមានការតវ៉ាបិទផ្លូវសាធារណៈដែលជាអំពើល្មើច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហព័ន្ធសហជីពនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅក្រសួងការងារ លោក ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថាសហព័ន្ធសហជីពត្រូវបន្តពង្រឹងសមត្ថភាពសហជីពមូលដ្ឋានឱ្យមានការជឿទុកចិត្តពីកម្មករនិយោជិតដែលជាសមាជិក ដើម្បីធ្វើជាតំណាងដោះស្រាយបញ្ហា ដែលក្រសួងបានខិតខំផ្តល់គ្រប់មធ្យោយបាយ ទំនាក់ទំនងគ្រប់ប្រភេទសម្រាប់ផ្តល់ព័ត៌មានមកក្រសួង មានទាំងលេខទូរសព្ទមន្រ្តី ប្រអប់បណ្តឹងអនាមិក ប្រព័ន្ធតេឡេក្រាម លេខ Hotline ១២៨៦ សម្រាប់ជួយអន្តរាគមន៍សម្របសម្រួលដោះស្រាយ ដោយមន្រ្តីអធិការកិច្ចការងារ ជាមួយតំណាងម្ចាស់រោងចក្រ សហគ្រាស ដើម្បីចៀសវាងឱ្យបានពេលមានបញ្ហាកើតឡើង ទុកឱ្យកម្មករផ្ទុះការតវ៉ាដោយខុសនីតិវិធី ហើយករណីខ្លះឈានទៅបិទផ្លូវសាធារណៈ ដែលជាអំពើល្មើសច្បាប់។

លោករដ្ឋលេខាធិការ បានកោតសរសើរចំពោះសហជីព ដែលកន្លងមកបានរួមចំណែកក្នុងការចូលរួមគ្រប់សកម្មភាព ទាំងការងារដែលជាសកម្មភាពសហជីព និងការងារសង្គម ក្នុងស្មារតីរួមគ្នាជួយអភិវឌ្ឍជាតិ។

ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការក៏បានជំរុញឱ្យប្រធានសហព័ន្ធសហជីព ត្រូវខិតខំពង្រឹងតួនាទី និងធ្វើការឱ្យបានជិតស្និទ្ធជាមួយសហជីពមូលដ្ឋានរបស់ខ្លួន ដើម្បីឱ្យរាយការណ៍អំពីបញ្ហាវិវាទការងារ និងបញ្ហាប្រឈមនានា នៅតាមបណ្ដារោងចក្រ សហគ្រាស ដើម្បីក្រសួងអាចជួយអន្តរាគមន៍ដោះស្រាយទាន់ពេលវេលា ជូនបងប្អូនកម្មករនិយោជិត។

បើតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមសីហា ឆ្នាំ ២០២៥ សហជីពដែលបានចុះបញ្ជីការមានចំនួន ៦ ៧៣៥ ដោយក្នុងនោះ សហជីពមូលដ្ឋានមានចំនួន ៦ ៤១១, សហព័ន្ធសហជីពមានចំនួន ២៨២ និងសហភាពសហជីពមានចំនួន ៤២។ នៅក្នុងនោះ ក៏មានសមាគមនិយោជកចំនួន ១៣ ដែរ។

លោកបន្តថា គ្រាន់តែក្នុងរយៈពេល ២ខែ គឺនៅខែកក្កដា និងខែសីហា ឆ្នាំ ២០២៥នេះ ការចុះបញ្ជិការសហជីពថ្មីមានរហូតដល់ ៦៨ ដោយក្នុងនោះ សហជីពមូលដ្ឋានមានចំនួន ៦៧ និងសហព័ន្ធសហជីពចំនួន ១៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម