Connect with us

ព័ត៌មានជាតិ

ឆ្នាំ២០២៥នេះ ខេត្តកោះកុង វាស់វែងក្បាលដីជូនពលរដ្ឋសរុប ២២.៣១៤ក្បាលដី

បានផុស

នៅ

កោះកុង ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោលដីខេត្តកោះកុង បង្ហាញថា ឆ្នាំ២០២៥នេះ មន្រ្តីរបស់ខ្លួនបានចុះវាស់វែងក្បាលដីជូនប្រជាពលរដ្ឋសរុប២២.៣១៤ក្បាល ដោយកំណត់តំបន់វិនិច្ឆ័យចំនួន៣៤ភូមិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្នាំ២០២៥នេះ មន្រ្តីជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោលដីខេត្តកោះកុង បានកំណត់តំបន់វិនិច្ឆ័យក្បាលដីចំនួន៣៤ភូមិ ប្រមូលទិន្នន័យក្បាលដីបាន៤.០១១ក្បាលដី វាស់វែងក្បាលដីសរុប២២.៣១៤ក្បាលដី និងគូរក្បាលដីក្នុងកំព្យូទ័របាន១៤.១១៣ក្បាលដី។

ក្នុងអង្គសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦របស់មន្ទីរ លោក រស់ វីរ៉ាវុធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោលដីខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី២១ខែតុលានេះថា ក្រៅពីការប្រមូលទិន្នន័យ និងវាស់វែងក្បាលដី មន្រ្តីដែនដីក៏បានចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំលើដីឯកជន និងដីឯកជនរបស់រដ្ឋសរុបចំនួន១៧១បណ្ណ។

បើតាមលោក រស់ វីរ៉ាវុធ នៅឆ្នាំ២០២៤កន្លងទៅ មន្ទីរអនុវត្តការងារលើវិស័យសំណង់ ដោយចេញលិខិតអនុញ្ញាតសាងសង់ចមនួន១២គម្រោង លិខិតបើកការដ្ឋានសាងសង់៥គម្រោង ចេញវិញ្ញាបនបត្រប្រកបអាជីវកម្មក្រុមជាងចំនួន៣ក្រុម និងការងារចុះត្រួតពិនិត្យសំណង់បាន៥គម្រោង។

ទន្ទឹមនោះ មន្ទីរក៏មានបញ្ហាប្រឈមផងដែរ ព្រោះម្ចាស់ដីមួយចំនួនមិនផ្តលព័ត៌មានពីប្រវត្តិដី ដោយសារធ្វើចំណាកស្រុកទៅធ្វើការឆ្ងាយ។ ភាគីទំនាស់ខ្វះឆន្ទៈសម្របសម្រួលដោះស្រាយប្រកាន់យកតែឈ្នះរៀងៗខ្លួន។ ការសាងសង់សំណង់ខ្លះគ្មានលិខិតអនុញ្ញាតខុសនគរូបនីយប្បញ្ញាត្តិ និងលើផ្លូវសាធារណៈ ព្រែក អូរ និងប្រឡាយ។

ទោះបីជាពន្លឿនការចុះបញ្ជីក្បាលដី ចុះត្រួតពិនិត្យសំណង់ និងផ្អារការដ្ឋានសាងសង់យ៉ាងណាក្តី។ មន្ទីរបានផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធដល់អាជ្ញាធរមូលដ្ឋាន ក្រុមជាង និងប្រជាពលរដ្ឋឱ្យយល់ដឹងកាន់តែច្បាស់ពីការស្នើសុំសាងសង់។

លោក ឡោះ ម៉ាន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោលដី បានណែនាំដល់មន្រ្តីដែនខេត្ត ធ្វើយ៉ាងណាចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យបានចប់សព្វគ្រប់តាមផែនការរបស់ក្រសួងដែលបានដាក់ចេញ។ មិនត្រឹមតែប៉ុណ្ណោះទេ រាល់ការសាងសង់សំណង់ណាមួយ គប្បីមានការស្នើសុំលិខិតអនុញ្ញាតមកអាជ្ញាធរ និងមន្រ្តីជំនាញដែនដី តាមរយៈច្រកចេញចូលតែមួយដោយមិនសង់មុនការសុំច្បាប់នោះទេ ដែលជាអំពើបំពាននឹងច្បាប់ហាមឃាត់។

លោកអនុរដ្ឋលេខាធិការ ដដែល អះអាងថា ការស្នើសុំលិខិតអនុញ្ញាតសាងសង់សំណង់ សុទ្ធតែមានការកំណត់ពេលវេលាដល់ម្ចាស់សំណង់ ករណីប្រសិនបើម្ចាស់សំណង់ដាក់ពាក្យហើយមិនទាន់មានការឆ្លើយតបយឺតយ៉ាវពីមន្ទីរជំនាញ និងក្រសួងដែនដី ម្ចាស់សំណង់ធ្វើសំណង់ វាជាចំណុចខ្វះខាតរបស់មន្រ្តីជំនាញដែលពុំបានដឹងគ្រប់ជ្រុងជ្រាយចំពោះឯកសារស្នើសុំ។ ដូច្នេះលោក ទាមទារឱ្យអាជ្ញាធរ និងមន្រ្តីជំនាញ ពិនិត្យតាមដានការដ្ឋានសំណង់ក្នុងមូលដ្ឋានឱ្យបានត្រឹមត្រូវ។

លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង បានវាយតម្លៃខ្ពស់អំពីលទ្ធផលការងាររបស់មន្រ្តីដែនដែលសម្រេចបាននៅពេលនេះសំដៅដល់ការលើកកម្ពស់សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពប្រែក្លាយកម្ពុជាជាប្រទេសជឿលឿនទៅអនាគត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញអនុវត្ត។

លោកស្រីអភិបាលខេត្ត នៅតែបន្តជំរុញដល់មន្រ្តីជំនាញពន្លឿនការចុះបញ្ជីដីធ្លីឱ្យចប់ តាមផែនការរបស់ក្រសួងដែនដីឆ្នាំ២០២៥នេះ។ រីឯអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធក៏ចាំបាច់ចូលរួមសហការសម្របសម្រួលជាមួយនឹងប្រជាពលរដ្ឋ ដើម្បីឱ្យការងារស្នូលមួយ សម្រេចទៅតាមការកំណត់៕

អត្ថបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម