Connect with us

ព័ត៌មានជាតិ

ច្បាប់ថវិកាជាតិឆ្នាំ២០២៦ ត្រូវបានលើកមកពិភាក្សា និងឆ្លងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃនេះ

បានផុស

នៅ

នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើសេចក្ដីព្រាងច្បាប់មួយចំនួន ក្នុងនោះរួមទាំងសេចក្ដីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ឬស្គាល់ថា ច្បាប់ថវិកាជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ព្រឹកនេះ ក៏នឹងពិភាក្សា និងឆ្លងលើសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ និងសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៥។ ខណៈសេចក្តីព្រាងច្បាប់មួយចំនួនទៀត គឺពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម។

សេចក្ដីព្រាងច្បាប់ដែលពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មនោះ រួមមាន៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖

-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។

-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន ស្តីពីការលុបបំបាត់ ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។

-ពិធីសារទី២ ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃ សាធារណរដ្ឋសិង្ហបុរី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម