Connect with us

ព័ត៌មានជាតិ

ឃើញមន្ត្រីក្រសួងការងារសកម្ម មិននឹកស្មានថា ធ្វើការ៧ថ្ងៃក្នុងមួយសប្ដាហ៍ពីម៉ោង ៧ព្រឹក ដល់ម៉ោង ១០កន្លះយប់

បានផុស

នៅ

មន្រ្តីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងបំពេញការងារយ៉ាងស្វាហាប់ទាំងយប់ទាំងថ្ងៃពោល៧ថ្ងៃ ក្នុងមួយសប្តាប៍ រួមទាំងថ្ងៃបុណ្យទានផងដែរ។​ ការបន្ថែមម៉ោងធ្វើការនេះ ដើម្បីផ្តល់សេវាប្រឹក្សាយោបល់ផ្នែកច្បាប់ ទទួល​ពាក្យបណ្តឹង និងអន្តរាគមន៍ពាក់ព័ន្ធការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមឱ្យតែឆាប់រហ័ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង នាឱកាសបុណ្យអុំទូករយៈពេល៣ថ្ងៃនេមកនេះ​ ក្រៅពីមន្រ្តីនៃក្រសួងការងារប្រចាំការ ផ្លាស់ប្តូរវេនគ្នាធ្វើ រដ្ឋមន្រ្តីក្រសួងការងារ ក៏បានចាត់ចែងមន្ទីរការងារតាមបណ្តារាជធានី-ខេត្ត ប្រចាំការដើម្បីផ្តល់ព័ត៌មាននៅក្នុងវ័ស័យការងារ និង ដោះស្រាយបញ្ហារបស់បងប្អូនកម្មករនិយោជិត។

មន្រ្តីប្រចាំការថ្ងៃបុណ្យអុំទូក

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានខ្សឹបប្រាប់ថា តាំងពីដើមឆ្នាំ ២០២៤មកម្លេះ មន្ត្រីក្រសួងការងារបានអនុវត្តប្រចាំការ ៧ថ្ងៃក្នុងមួយសប្តាហ៍ និងមានក្រុមប្រចាំការតាមប្រព័ន្ធទូរសព្ទ Hotline ថែមទៀតផង ដើម្បីផ្តល់ការប្រឹក្សា ទទួលបណ្តឹង និងបញ្ហាពាក់ព័ន្ធនានា របស់បងប្អូនកម្មករ-និយោជិត ប្រជាពលរដ្ឋទូទៅទាក់ទងនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកបញ្ជាក់ថា៖«ការបន្ថែមម៉ោងការងារនេះ ដើម្បីបម្រើតាមសេចក្ដីតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ និងកម្មករ-និយោជិត ឱ្យទាន់ពេលវេលា និងឆាប់រហ័ស ដោយក្រសួង បានបែងចែកវេនធ្វើការដោយមានអ្នកចូលតាំងពីម៉ោង ៧ព្រឹក ហើយមានបងប្អូនមន្ត្រីខ្លះ ក៏ត្រូវប្រចាំការពេលយប់ដល់ ១០:៣០នាទីយប់ ផងដែរ»។

លោក ស៊ុន មេសា

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលចុះហត្ថលេខាដោយលោក ហេង សួរ ជារដ្ឋមន្ត្រី កាលពីខែមេសា ឆ្នាំ ២០២៤កន្លងទៅ មន្ត្រីនៃក្រសួងការងារ ត្រូវបែងចែកវេនធ្វើការចាប់ពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ១០:៣០នាទីយប់ ហើយថ្ងៃសៅរ៍ និងថ្ងៃអាទិត្យគឺដូចគ្នាពីម៉ោង ៧ព្រឹក ដល់ម៉ោង ១០:៣០នាទីយប់ ដូចគ្នា។

ទន្ទឹមនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏មានក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានតាមរយៈប្រព័ន្ធ Hotline លេខ “១២៩៧” ឬ “១២៨៦” ដោយធ្វើការ ២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍ផងដែរ និងតាមប្រព័ន្ធតេឡេក្រាមផងដែរ (ក្រុមតេឡេក្រាម “សម្រាប់និយោជក” (https://t.me/EmployerChat) ឬក្រុមតេឡេក្រាម “សម្រាប់កម្មករនិយោជិត” (https://t.me/KhmerWorkerChat))។

តាមការសង្កេត អំឡុងពេលពលករខ្មែរវិលត្រឡប់ពីថៃចូលប្រទេសកម្ពុជាវិញ មន្រ្តីជំនាញរបស់ក្រសួងការងារ បានទៅដល់ទីតាំងច្រកព្រំដែនកម្ពុជា-ថៃនីមួយៗ និងដាក់ប៉ុស្តិ៍ប្រចាំការដើម្បីរង់ចាំទទួលស្វាគមន៍ប្រជាពលរដ្ឋ និងពលករខ្មែរ ថែមទាំងផ្តល់ឱកាសការងារនៅនឹងកន្លែងថែមទៀតផង។ ដែលទាំងនេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្រោមការយកចិត្តទុកដាក់បស់រដ្ឋមន្រ្តីក្រសួងការងារ លោក ហេង សួរ។

ជាមួយគ្នានេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ ថ្លែងអំណរគុណដល់ទឹកចិត្ត និងការប្តេជ្ញាចិត្តរបស់បងប្អូនមន្ត្រី និងថ្នាក់ដឹកនាំ នៃក្រសួងការងារគ្រប់កម្រិតទាំងអស់ ដែលមានការប្តេជ្ញាខ្ពស់ក្នុងការបម្រើបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋក្នុងវិស័យការងារសន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម