ព័ត៌មានជាតិ
ប្រមុខការទូតកម្ពុជា នឹងបំពេញទស្សនកិច្ចផ្លូវការនៅសិង្ហបុរី ដើម្បីជំរុញភាពជាដៃគូសន្តិភាពស្ថិរភាព និងវិបុលភាពក្នុងតំបន់
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា នឹងបំពេញទស្សនកិច្ចផ្លូវការនៅសិង្ហបុរី ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ដើម្បីជំរុញភាពជាដៃគូសន្តិភាពក្នុងតំបន់អាស៊ាន។ ដំណើរទស្សនកិច្ច២ថ្ងៃរបស់ប្រមុខការទូត ប្រាក់ សុខុន នៅលើសិង្ហបុរី ក្នុងគ្រាដែលកម្ពុជា និងសិង្ហបុរីកំពុងប្រារព្ធខួប៦០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតបែបនេះ គឺតបតាមការអញ្ជើញរបស់លោក វីរៀន បាឡាគ្រឹស្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី។

តាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា ក្នុងអំឡុងពេលនៃទស្សនកិច្ចលើដីសិង្ហបុរី លោកប្រាក់ សុខុន នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរដ្ឋសិង្ហបុរី ឡរ៉េន វ៉ុង។
រដ្ឋមន្ត្រីការបរទេសកម្ពុជា ក៏នឹងជួបជាមួយសមភាគីរបស់លោក ដើម្បីពង្រឹងចំណងមិត្តភាពដ៏ជិតស្និទ្ធបន្ថែមទៀត និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី លើគ្រប់វិស័យដែលមានសក្តានុពល។

ក្រសួងការបរទេសកម្ពុជា ចាត់ទុកដំណើរទស្សនកិច្ចនេះ គឺជាបញ្ជាក់ជាថ្មីអំពីចំណងមិត្តភាពដ៏ជ្រាលជ្រៅ និងយូរ អង្វែង កិច្ចសហប្រតិបត្តិការផ្តល់ប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ ព្រមទាំងការប្តេជ្ញាចិត្ត រួមគ្នាក្នុងការជំរុញបន្ថែមទៀតនូវភាពជាដៃគូដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។ ដំណើរទស្សនកិច្ចនេះ មានសារៈសំខាន់ជាពិសេស ខណៈដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត។
កម្ពុជា និងសិង្ហបុរី បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នានៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៦៥ ពោលគឺរយៈពេល១ខែបន្ទាប់ពីប្រទេសសិង្ហបុរីទទួលបានឯករាជ្យពីម៉ាឡេស៊ី។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានបំពេញទស្សនកិច្ចនៅសិង្ហបុរីកាលពីឆ្នាំ២០២៤ កន្លងទៅ ចំណែកនាយករដ្ឋមន្ត្រីសិង្ហបុរី ឡរ៉េន វ៉ុង ក៏បានបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ថ្មីៗ។
ក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីសិង្ហបុរីនៅកម្ពុជា នាដើមខែកក្កដា ចំពេលប្រទេសទាំងពីរប្រារព្ធខួប៦០ឆ្នាំ នៃទំនាក់ទំនង សមភាគីទាំងពីរ វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ យូរអង្វែង និងប្រកបដោយផ្លែផ្កា និង ប្ដេជ្ញាបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

នៅលើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា សិង្ហបុរី គាំទ្រឱ្យកម្ពុជា និងថៃ ដោះស្រាយបញ្ហាព្រំដែនក្ដៅដ៏ចម្រូងចម្រាសដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការច្បាប់អន្តរជាតិ។
ក្នុងពេលកម្ពុជា-ថៃ ផ្ទុះជម្លោះព្រំដែនទ្រង់ទ្រាយធំ នៅចុងខែកក្កដា សិង្ហបុរីក៏ប្រឹងប្រែង និងគាំទ្រប្រកបដោយស្ថាបនា ជួយឱ្យសម្រេចបាននូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


