Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ឱ្យគ្រប់មូលដ្ឋានសុខាភិបាល ត្រូវជំរុញការប្រើប្រព័ន្ធ​បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពការងារ

បានផុស

នៅ

លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​ណែនាំ​ដល់​គ្រប់​មូលដ្ឋាន​សុខាភិបាល​ទាំងអស់ ត្រូវខិតខំ​ស្វែងយល់ និង​ជំរុញ​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​ឱ្យ​កាន់តែ​រលូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​កិច្ចប្រជុំ​កម្រិត​ថ្នាក់ដឹកនាំ​លើក​ទី​ ១ នៃ​ខែ​វិច្ឆិកា ដើម្បី​ពិនិត្យ​វឌ្ឍនភាព​ការងារ និង​លើក​ទិសដៅ​ការងារ​បន្ត​ កាលពី​ថ្ងៃទី​ ១០​ វិច្ឆិកា តាម​ប្រព័ន្ធ Zoom លោក​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី​ ក៏បាន​ណែនាំ​ដល់​មន្ទីរ​សុខាភិបាល នៅ​តាម​ខេត្ត​ជាប់​ព្រំដែន ត្រូវ​ពិនិត្យ​មូលដ្ឋាន​សុខាភិបាល ដែល​ផ្អាក​ដំណើរការ​ក្នុង​អំឡុង​ពេល​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ ដោយ​រៀបចំ​ឱ្យ​ដំណើរការ​ឡើងវិញ ដើម្បី​ធានា​ការ​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ។ បន្ត​ពង្រឹង​ការ​បម្រើ​សេវា ប្រកបដោយ​គុណភាព សមធម៌ និង​ក្រមសីលធម៌ ដើម្បី​បង្កើន​ទំនុកចិត្ត​ដល់​ប្រជាពលរដ្ឋ​។ គ្រប់​មូលដ្ឋាន​សុខាភិបាល ត្រូវមាន​ពិធីសារ ដោយ​បិត​លើ​ជញ្ជាំង​ងាយស្រួល​ក្នុង​ការមើល និង​អនុវត្ត​ការងារ​។ បន្ត​យកចិត្តទុកដាក់​បន្ថែម​លើ​ការងារ​និយ័តកម្ម និង​ការងារ​ឱសថ ដោយ​ផ្ដោត​សំខាន់​លើ​គុណភាព និង​ការ​ផលិត​ឱ្យ​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស។

ជាមួយគ្នានេះដែរ ត្រូវ​ពង្រឹង​បន្ថែម​ការផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយនូវ​ការ​បម្រើសេវា​សុខាភិបាល នៅតាម​អង្គភាព​រៀងៗ ខ្លួន។ គ្រប់​មូលដ្ឋាន​សុខាភិបាល​ទាំងអស់ ត្រូវខិតខំ​ស្វែងយល់ និង​ជំរុញ​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​ឱ្យ​កាន់តែ​រលូន​។ ចំណែក​ថ្នាក់​ដឹកនាំ​មន្ទីរពេទ្យ ត្រូវ​ចុះ​ពិនិត្យ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ឱ្យបាន​ជាប្រចាំ​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន ឥរិយាបថ​ជាមួយ​អ្នកជំងឺ ដើម្បី​ពិនិត្យ​រក​ចំណុច​ខ្វះខាត​កែលម្អ។ ជំរុញ​ការ​ចុះ​ពង្រឹង​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​បង្អែក ដោយ​ធ្វើការ​ផ្ទៀងផ្ទាត់​នូវ​ចំណុច​ដែល​ត្រូវ​កែលម្អ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ។

លោក​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​ថ្នាក់ដឹកនាំ មន្ទីរពេទ្យ​ជាតិ មន្ទីរ​សុខាភិបាល​រាជធានី ខេត្ត ជាពិសេស​ការិយាល័យ​ស្រុក​ប្រតិបត្តិ មណ្ឌល​សុខភាព ដែល​នៅ​កៀក​នឹង​ប្រជាពលរដ្ឋ ត្រូវ​ពង្រឹង​ការ​បម្រើ​សេវា​គុណភាព ប្រសិទ្ធភាព ក្រមសីលធម៌​វិជ្ជាជីវៈ ក្នុង​ការ​លើក​កម្ពស់​សុខុមាលភាព​ពលរដ្ឋ​កម្រិត​មូលដ្ឋាន ឱ្យ​កាន់តែ​ប្រសើរ​ឡើង។

លោក​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា «ក្នុង​នាម​អ្នកដឹកនាំ សូម​ឆាប់​មើល​ឱ្យ​ឃើញ​នូវ​បញ្ហា​ប្រឈម​ទាំងឡាយ និង​គិត​មុន​ជាស្រេច នូវ​ដំណោះស្រាយ​ផ្សេងៗ»៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម