Connect with us

ព័ត៌មានជាតិ

វិនិយោគ​វិស័យ​កសិកម្ម​លើកលែង​ពន្ធ​ប្រាក់​ចំណេញ ៩ ឆ្នាំ នាំចូល​គ្រឿង​ម៉ាស៊ីន ជី ពូជ ​រួច​ពន្ធ​ថែម​​ទៀត

បានផុស

នៅ

រដ្ឋាភិបាល​បាន​ផ្តល់​ការ​លើក​ទឹកចិត្ត​ដើម្បី​ជំរុញ​ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម តាមរយៈ​ការ​ផ្តល់​ភាព​អនុគ្រោះ​និង​ការ​លើកលែង​ពន្ធ​ផ្សេងៗ។

លោក សួន សុផល អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​វិយោគ​កម្ពុជា​បាន​បញ្ជាក់​ថា ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការទាក់ទាញការ​វិនិយោគ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធ​វិស័យ​កសិកម្ម រដ្ឋាភិបាល​បាន​ផ្តល់​កញ្ចប់​លើក​ទឹកចិត្តសម្រាប់​ការ​​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម និង​កែច្នៃ​កសិផល។ អ្នកវិនិយោគ​ក្នុង​វិស័យកសិកម្ម និង​កែច្នៃ​កសិផលទទួល​បានការ​លើក​លែង​ពន្ធ​លើ​ប្រាក់​ចំណេញ​រហូត​ដល់ ៩ ឆ្នាំ បូក​នឹង​រយៈពេល ៦ ឆ្នាំ​ទៀត​នៃ​ការ​បង់ពន្ធ​តាម​អត្រា​កំណើន​សរុប ១៥ ឆ្នាំ

បន្ថែមពីនេះ អ្នក​វិនិយោគ​ក៏​ទទួល​បាន​ការ​អនុគ្រោះ​លើ​ការ​នាំចូល​គ្រឿង​ម៉ាស៊ីន​កសិកម្ម រួម​ទាំង​ជី ពូជ និង​ធាតុ​ចូល​ផលិតកម្ម​ដទៃ​​ទៀត គឺ​អាច​នាំ​ចូល​ដោយ​រួច​ពន្ធ។ ពិសេស​ជាង​នេះ​ទៅទៀត គឺ​ការ​លើកលែង​ពន្ធ​​តម្លៃ​បន្ថែម (VAT) សម្រាប់​អ្នក​វិនិយោគ​នៅ​ពេល​ដែល​​ទិញ​ធាតុ​ចូល​ផលិតកម្ម ឬ​កសិផល​ពី​ប្រជា​កសិករ​ក្នុងស្រុក​។

ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា២០២៥ ពី​កាលានុវត្តភាពសម្រាប់វិស័យកសិអាហារនៅកម្ពុជា លោក សួន សុផល ​បាន​មើល​ឃើញ​ថា ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​ជួប​បញ្ហា​​ប្រឈម​ច្រើន​ ប៉ុន្តែ​ក៏​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ឱកាស​ក្នុង​ការ​វិនិយោគ។

រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​គោលនយោបាយ​និង​ច្បាប់​វិនិយោគថ្មី​ ដែល​មាន​ភាព​ចំហ​និង​បើក​ទូលាយ ​​ដែល​មាន​ការ​លើក​ទឹកចិត្ត​និង​អនុគ្រោះ​បំផុត​ បើ​ប្រៀបធៀប​បណ្តា​ប្រទេស​ផ្សេង​ទៀត​លើ​ពិភពលោក​។

លោក សួន សុផល បាន​បញ្ជាក់ថា ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​​បង្កើត​តុ​វិនិយោគ​​ផ្នែក​កសិ​ចំណី​អាហារ​ ដែល​ជា​ការ​សហការ​រួម​គ្នា​មាន​សមាជិក​មក​ពី​ក្រសួង​កសិកម្ម ក្រសួងឧស្សាហកម្ម ក្រសួង​ពាណិជ្ជកម្ម​ និងក្រសួង​​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ដើម្បី​​​ជួយ​សម្រួល​ទាក់ទាញ​ការ​វិនិយោគ​បន្ថែមលើ​វិស័យ​កសិកម្ម​​ និង​កសិ​ចំណី​អាហារស្រប​​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​​បាន​ជំរុញ​ការ​​អនុវត្ត​​​គោលនយោបាយ​ និង​ច្បាប់​វិនិយោគ​ជា​គោល។

ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​មាន​កំណើន​យ៉ាង​ខ្លាំង​។ បើតាម​ទិន្នន័យ​ពី​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​នៅ​ក្នុង​រយៈពេល ១០ ខែ ឆ្នាំ ២០២៥ កម្ពុជា​​ទទួល​បាន​​ទំហំ​ទុន​វិនិយោគ​​ប្រមាណ ៤០០ លាន​ដុល្លារ​​កើន​ឡើង ២០០% បើ​ធៀប​ឆ្នាំ ២០២៤។

នៅ​ឆ្នាំ ២០២៤ កម្ពុជា​ទទួល​បាន​គម្រោង​វិនិយោគ​ចំនួន ៤១៤ គម្រោង ដែល​ជា​កំណត់ត្រា​ច្រើន​បំផុត​ក្នុង​រយៈពេល ៣០ ឆ្នាំ ខណៈ​រយៈពេល ១០ ខែ ​ឆ្នាំ ២០២៥ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័ត្រ​​គម្រោង​វិនិយោគ​ចំនួន ៥៧៥ គម្រោង ដែល​មាន​ទុន​វិនិយោគ​ជាង ៩ ០០០ លាន​ដុល្លារ​។

លោក សួន សុផល បានបញ្ជាក់​ថា ក្នុង​ចំណោម ៥៧៥ គម្រោង​នេះ វិស័យ​កសិកម្ម​និង​កសិឧស្សាហកម្ម​បាន​រួម​ចំណែក​​យ៉ាង​ធំ​ធេង​ ដែល​បាន​ទាក់ទាញ​ទុន​វិនិយោគ​ជាង ៤០០ លាន​ដុល្លារ។ បើ​ធៀប​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០២៤ មានការ​កើន​ឡើង​ជាង ២០០%៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម