ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ក្រសួងកំពុងបន្តពង្រឹងលើក្រមសីលធម៌ និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន
លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា បច្ចុប្បន្ន ក្រសួងព័ត៌មាន កំពុងបាននិងបន្តពង្រឹងគុណភាព សមត្ថភាពអ្នកសារព័ត៌មានបន្ថែម ទាំងផ្នែកក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេស គឺពង្រឹងការប្រតិបត្តិធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានឱ្យបានខ្ជាប់ខ្ជួនក្នុងការបម្រើការងារប្រចាំថ្ងៃរបស់ខ្លួន។

ការលើកឡើងរបស់អ្នកនាំពាក្យ បន្ទាប់ពីកាលពីថ្មីៗ អ្នកសារព័ត៌មានអនឡាញ បានប្រើប្រាស់កាយវិការ និងពាក្យសម្តីមិនសមរម្យដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់ស្ត្រី ក្នុងប្រតិបតិការតាមចាប់អ្នកទោសដែលត្រូវបានរំដោះពីតុលាការនៅខេត្តស្វាយរៀង កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ ជាមួយគ្នានេះ ក្រសួងព័ត៌មានបានចាត់វិធានការភ្លាមៗ ដោយសម្រេចលុបចោលសុពលភាពបណ្ណសម្គាល់អត្តសញ្ញាណជាអ្នកសារព័ត៌មានរបស់បុគ្គលនោះ និងហៅមកណែនាំក្រោយពីបានរកឃើញមានកំហុសឆ្គងវិជ្ជាជីវៈធ្ងន់ធ្ងរ។ លោក បន្តទៀតថា ក្រសួងព័ត៌មាន ក៏បានដាក់បុគ្គលនោះ ក្នុងបញ្ជីហាមឃាត់មិនអនុញ្ញាតឱ្យធ្វើអាជីវកម្ម និងសកម្មភាពនានាក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ចាប់ពីពេលនេះតទៅ។

លោក ទេព អស្នារិទ្ធ មានប្រសាសន៍ថា៖ “ជានិច្ចកាល ក្រសួងតែងបានតម្រង់ទិសលើការអនុវត្តការងាររបស់អ្នកសារព័ត៌មានទាំងអស់ឱ្យជាប់លាប់នូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ជាពិសេស ទិដ្ឋភាពនានាពាក់ព័ន្ធនឹងការផ្សាយព័ត៌មានដែលអាចប៉ះពាល់ដល់សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីក៏ដូចជាជនរងគ្រោះ កុមារ និងសិទ្ធិបុគ្គល”។
បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន បញ្ជាក់ទៀតថា នៅក្នុងអាណត្តិទី៧នេះ ក្រសួងបានអនុវត្តន៍នូវនិយាមអប្បបរមាពាក់ព័ន្ធ និងការផ្តល់បណ្ណសម្គាល់អ្នកសារព័ត៌មាន មុននឹងចេញបណ្ណដល់អ្នកសារព័ត៌មាន គឺក្រសួងពិនិត្យភ្ជាប់លក្ខខណ្ឌ ការគោរពធម្មនុញ្ញវិជ្ជាជីវៈ និងការយល់ដឹងពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាលក្ខខណ្ឌសំខាន់មួយក្នុងចំណោមលក្ខខណ្ឌផ្សេងទៀតក្នុងការវាយតម្លៃមុននឹងផ្តល់បណ្ណជូនអ្នកសារព័ត៌មាន។ ជាមួយគ្នានេះ ក្រសួងក៏បានអនុវត្តនិយាមអប្បបរមាដូចជាការកំណត់អាយុ សមត្ថភាព មានសញ្ញាបត្រពាក់ព័ន្ធ កម្រិតវប្បធម៌ចំណេះដឹង និងជំនាញសារព័ត៌មានមូលដ្ឋានគ្រឹះសម្រាប់លក្ខខណ្ឌក្នុងការផ្តល់បណ្ណសារព័ត៌មានផងដែរ។

លោក ទេព អស្នារិទ្ធ បានអំពាវនាវដល់អ្នកសារព័ត៌មានត្រូវគោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួនស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ក្នុងការអនុវត្តការងាររបស់ខ្លួន ប្រចាំថ្ងៃ ពិសេសមិនត្រូវផ្សាយព័ត៌មានដែលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ ស្ត្រី សិទ្ធិបុគ្គល មិនត្រូវប្រើពាក្យពេចន៍លែបខាយ រិះគន់ ឬបន្ទុះបង្អាប់ប៉ះពាល់ដល់ស្រ្តី ជនងាយរងគ្រោះ កុមារ ឬអ្នកមានជំងឺផ្លូវកាយ ឬផ្លូវចិត្តឡើយ។ លោកថា៖ “ចំពោះការបំពានមិនអនុវត្តតាម អ្នកប្រព្រឹត្តខុសនឹងត្រូវប្រឈមនឹងការ ទទួលខុសត្រូវតាមច្បាប់ស្តីពីរបបសារព័ត៌មាន និងលិខិតបទដ្ឋានពាក់ព័ន្ធ”។

សូមជម្រាបថា ក្នុងឆ្នាំ២០២៤ ក្រសួងបានដាក់ឱ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលក្រសួង និងមន្ទីរព័ត៌មានក្នុង២៥ រាជធានី ខេត្ត កំពុងបន្តពង្រឹងការប្រតិបត្តិធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន នេះក្នុងចំណោមអ្នកសារព័ត៌មាន ទាំងសារព័ត៌មានប្រពៃណី និងទំនើប។ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ ជាលក្ខខណ្ឌសំខាន់មួយក្នុងចំណោម លក្ខខណ្ឌសម្រាប់ផ្តល់បណ្ណសម្គាល់អ្នកសារព័ត៌មានជូនអ្នកសារព័ត៌មានណាម្នាក់ ហើយក្នុងក្របខណ្ឌនៃការគ្រប់គ្រង និងការចេញបណ្ណ ដល់អ្នកសារព័ត៌មាន ក្រសួងបានអនុវត្តនិយាមអប្បបរិមា ដូចជា៖ តម្រូវឱ្យគោរពច្បាប់ស្តីពីរបបសារព័ត៌មាន លិខិតបទដ្ឋានគតិយុត្តជាធរមាន លក្ខខណ្ឌតម្រូវមានការកំណត់អាយុ សមត្ថភាពស្របច្បាប់ កម្រិតវប្បធម៌ សញ្ញាបត្រ ជំនាញសារព័ត៌មានគ្រឹះជាមូលដ្ឋាន និងការទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ៕

-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


