Connect with us

ព័ត៌មានជាតិ

កម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងវេទិកាតំបន់សម្រាប់ការចែករំលែកបទពិសោធន៍លើការអភិរក្ស​សត្វផ្សោត​ទឹក​សាប និងជីវ​ចម្រុះ

បានផុស

នៅ

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពីការចែក​រំលែកបទពិសោធន៍ និងការអនុវត្តសកម្មភាពដ៏ជោគ​ជ័យ​លើការអភិរក្ស និងគ្រប់គ្រងសត្វផ្សោតទឹកសាប និងជីវចម្រុះ ដែលធ្វើឡើងលើទឹកដីអង្គរ ខេត្តសៀមរាប។ សិក្ខាសាលានេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ២០២៥ ក្រោមការរៀបចំដោយនាយក​ដ្ឋាន​អភិរក្សជលផល នៃរដ្ឋបាលជលផល គាំទ្រ​ថវិកាពី​រដ្ឋាភិបាល​ចិន តាមរយៈមូលនិធិ​ពិសេសមេគង្គ-ឡាង​ឆាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីបើកវេទិកាថ្នាក់តំបន់នេះ ត្រូវបានធ្វើឡើងកាលព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីលោក ហាស់ សារ៉េត រដ្ឋលេខា​ធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធាន​គណៈ​កម្មការ​​គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍សត្វផ្សោត​ទន្លេមេគង្គ​ អមដោយវត្តមានកញ្ញា អ៊ឹម រចនា លោក ទឹម បូរក្ស ជាអនុរដ្ឋលេខាធិការ និងលោក អ៊ឹង គឹមលាង អភិបាលរង​ខេត្តសៀមរាប រួមទាំងលោក LU Qizhi នាយកការិយាល័យកុលស៊ុលប្រចាំ​ខេត្ត​សៀមរាប នៃស្ថានទូតចិន លោក Wang Ding សាស្រ្តាចារ្យវិទ្យាស្ថាន​ជីវសាស្ត្រ​នៃបណ្ឌិតសភាវិទ្យាសាស្ត្រប្រទេសចិន។

សិក្ខាសាលាក៏មានការចូលរួមពី តំណាងមកពីប្រទេស​ចិន ឡាវ ភូមា និងប្រទេសឥណ្ឌូនេស៊ី មន្ត្រីរដ្ឋបាលជលផល សកលវិទ្យា​ល័យ​ភូមិន្ទ​កសិកម្ម និងវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប និងមន្ទីរ​កសិកម្ម ខេត្តក្រចេះ និងស្ទឹងត្រែង តំណាងអង្គការដៃគូ WWF ផងដែរ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ លោករដ្ឋលេខាធិការ ហាស់ សារ៉េត បានបញ្ជាក់ថា កម្ពុជាប្តេជ្ញាបង្កើនចំនួនសត្វផ្សោត​ក្នុងដែន​ទឹកធម្មជាតិឡើងវិញ ព្យាយាមកាត់បន្ថយ អត្រាស្លាប់ឱ្យនៅកំរិត​ទាប​បំផុត។ ជាលទ្ធផល ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ​ករណីសត្វផ្សោត​ស្លាប់នៅកម្ពុជាពុំមានកើតឡើយ នេះជាជោគជ័យគួរជាទីមោទនៈ ក្នុង​កិច្ចការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ។

សមិទ្ធផលដ៏វិសេស​វិសាល​នេះ លោករដ្ឋលេខាធិការ ថា ដោយសារការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ អង្គការ WWF សហគមន៍នេសាទ ជាពិសេសឆ្មាំទន្លេដែលបានលះបង់​កម្លាំងកាយ និងកម្លាំងចិត្តក្នុងការការពារ និងអភិរក្សសត្វផ្សោតទន្លេ​មេគង្គ ប្រកបដោយការទទួលខុសត្រូវខ្ពស់។

លោក ហាស់ សារ៉េត បញ្ជាក់បន្ថែមថា ថ្វីត្បិតកម្ពុជា​ទទួល​បានជោគជ័យលើការការពារសត្វផ្សោតនេះក៏ពិតមែន ប៉ុន្តែភាព​ជោគ​ជ័យ​នេះមានភាពផុយស្រួយនៅឡើយ។ បើតាមរដ្ឋលេខាធិការរូបនេះ សម្រាប់សិក្ខាសាលាចែក​រំលែក​ពីបណ្តាប្រទេសចិន ឡាវ ភូមា និងប្រទេសឥណ្ឌូនេស៊ី នាពេលនេះ គឺជាឱកាសដែលកម្ពុជាត្រូវសហការ និងរៀនសូត្រពីបណ្តាប្រទេស​ក្នុង​តំបន់ ដើម្បីធានាបាននូវនិរន្តរភាព នៃភាពជោគជ័យនេះ។ កម្ពុជាក៏ចង់​ឃើញ​ភាព​​ជោគជ័យលើការការពារ និងស្តារសត្វផ្សោតនេះ​នៅបណ្តា​ប្រទេ​សក្នុងតំបន់ ក៏ដូចនៅលើសកលលោកផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម