Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ជំរុញបុគ្គលិកសុខាភិបាលយកចិត្តទុកដាក់បម្រើសេវាជូនវីរៈកងទ័ព និងពលរដ្ឋភៀសសឹកឱ្យបានល្អប្រសើរ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានជំរុញដល់បុគ្គលិក និងក្រុមគ្រូពេទ្យទាំងអស់ត្រូវយកចិត្តទុកដាក់ខិតខំបម្រើសេវាពិនិត្យ និងព្យាបាលជំងឺជូនដល់ជំងឺវីរៈកងទ័ព និងប្រជាពលរដ្ឋភៀសសឹកឱ្យបានល្អប្រសើរបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពេលចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅតាមមន្ទីរពេទ្យបង្អែកខេត្ត ស្រុក និងជំរុំភៀសសឹក ក្នុងខេត្តសៀមរាបលោកវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាលបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមការងារគ្រូពេទ្យឯកទេស ដើម្បីផ្ដល់មតិយោបល់ និងធាតុចូលមួយចំនួន ក្នុងការពង្រឹងការថែទាំព្យាបាលឱ្យកាន់​តែមានប្រសិទ្ធភាព និងមានភាពរលូនល្អប្រសើរថែមទៀត ជូនដល់វីរៈកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹក។

លោករដ្ឋលេខាធិការ បានចុះសួរសុខទុក្ខ និងពិនិត្យការបម្រើសេវាសុខាភិបាល ជូនប្រជាពល​រដ្ឋ​ភៀស​​​សឹកមកពីខេត្តឧត្តរមានជ័យ នៅជំរុំភៀសសឹកវត្តបូណ៌ខ្នាតេជោ មានប្រជាពលរដ្ឋភៀសសឹកចំនួន ៦០៣ គ្រួសារ ស្មើនឹង ១៨៨៧នាក់ និងជំរុំភៀសសឹក វត្តប្រាសាទបទុមមោង មានប្រជាពលរដ្ឋភៀសសឹកចំនួន ១៣៩០ គ្រួសារ ស្មើនឹង ៤២៩៣នាក់។

ចំណែកក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ ដែលបាន និងកំពុងសហការចូលរួម ជាកម្លាំងបន្ថែមទៀត ជាមួយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តឧត្តរមានជ័យ បាននឹងកំពុងយកខិតខំបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋភៀសសឹក ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ទោះបីស្ថិតក្នុងស្ថានភាពណាក៏ដោយ ដោយឈរលើ «ស្មារតីសុខាភិបាលតែមួយ» តាមអនុសាសន៍ និងទិសដៅចង្អុលបង្ហាញរបស់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខា​ភិបាល។

ដើម្បីឆ្លើយតបនឹងស្ថានភាពនៅព្រំដែនលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានធ្វើការណែនាំដល់មន្ត្រីសុខាភិបាលត្រូវត្រៀមឱសថ សម្ភារៈបរិក្ខារពេទ្យ និងគ្រូពេទ្យជំនាញដើម្បីជួយសង្រ្គោះវីរកងទ័ព និងពលរដ្ឋរងគ្រោះនៅតាមព្រំដែនកម្ពុជាថៃឱ្យបានទាន់ពេលវេលា។

ចំណែកថ្នាក់ដឹកនាំ មន្ទីរពេទ្យជាតិត្រូវសហការឱ្យបានស្អិតរមួតជាមួយមន្ទីរសុខាភិបាលខេត្តជាប់ព្រំដែន ក្នុងការរៀបចំឆ្លើយតបទាន់ពេលវេលា ឱ្យបានគ្រប់ជ្រុងជ្រោយលើបញ្ហា គ្រប់គ្រងស្ថានភាព ផលប៉ះពាល់ទីតាំងនិងសុខភាពប្រជាពលរដ្ឋ វីរកងទ័ព មធ្យោបាយនៃដោះស្រាយបញ្ហា ដើម្បីធានាយ៉ាងណាការជួយសង្រ្គោះបានទាន់ពេលវេលា ការបញ្ជូនចំគោលដៅ និងមានប្រសិទ្ធភាព។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានណែនាំឱ្យត្រៀម និងពង្រឹងការឆ្លើយតបបន្ទាន់ទៅនឹងស្ថានភាពនៅព្រំដែនកម្ពុជា-ថៃ ដោយសហការជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធទាំងអស់។

សង្គ្រាមឈ្លានពានរបស់កងទ័ពថៃគិតត្រឹមព្រឹកថ្ងៃទី ១២ ធ្នូ ឆ្នាំ២០២៥ បានបណ្តាលឱ្យប្រជាពលរដ្ឋស្លូតត្រង់ស្លាប់បាត់បង់ជីវិតចំនួន១១នាក់ និងរបួស៥៩នាក់ព្រមទាំងមានប្រជាពលរដ្ឋភៀសសឹកទៅរកកន្លែងសុវត្តិភាពប្រមាណជិត២៨ម៉ឺននាក់៕
អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម