Connect with us

ព័ត៌មានជាតិ

សហគមន៍ខ្មែរ ពលករ និងនិស្សិតខ្មែរនៅប្រទេសជប៉ុន ៣០០នាក់ ប្រមូលផ្តុំគ្នាសម្តែងមតិថ្កោលទោសថៃ ដែលបានបើកការបាញ់ប្រហារដ៏ឃោរឃៅមិនរើសគោលដៅឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា

បានផុស

នៅ

(ជប៉ុន)៖ ​សហគមន៍ខ្មែរ​ ពលករ​ និង​និស្សិតខ្មែរ ដែលកំពុងស្នាក់នៅធ្វើការ និ​ង​សិក្សានៅប្រទេសជប៉ុន ប្រមាណ ៣០០នាក់​នៅថ្ងៃទី២១ ​ខែធ្នូ ​ឆ្នាំ២០២៥នេះ ​បាន​បន្ត​ប្រមូល​ផ្តុំ​គ្នា ​ចំនួន ៣​ទី​តាំង ​នៅ​ទីក្រុងតូក្យូ ​ខេត្តអូសាកា ​និង​ខេត្តហ្គិហ្វូ ​ដើម្បី​សម្តែងមតិថ្កោលទោសយ៉ាងដាច់អហង្ការ​បំផុត​ ចំពោះ​ទង្វើ​អមនុស្សធម៌​ដ៏​សាហាវយង់​ឃ្នង​របស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ​ ដែល​បាន​បើកការវាយប្រហា​រគ្មាន​រើសគោលដៅ ​និង​ប្រើប្រា​ស់អាវុធ​គ្រប់ធុន គ្រប់មធ្យោបាយ ​តាម​ផ្លូវ​គោក ​ផ្លូវ​អាកាស ​និង​ផ្លូវ​ទឹក​ក្នុង​ការ​ឈ្លាន​ពាន​ដែន​អធិបតេយ្យភាពកម្ពុជា​។

​ការ​ប្រមូលផ្តុំ​របស់​សហគមន៍ខ្មែ​រ​នៅ​ប្រទេសជប៉ុន​លើក​នេះ ​មាន​ការ​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន​ ២០ស្ថាប័ន ដូចជា​ស្ថាន​ទូត​សហរដ្ឋអាម៉េរិក ​ចិន ​និ​ងម៉ាឡេស៊ី​ប្រចាំប្រ​ទេសជប៉ុន អង្គ​ការ​សហប្រជាជាតិ ​សហភាពអឺរ៉ុប ​សភាជប៉ុន ​ក្រសួង​ការបរទេស​ជប៉ុន ​និង​រដ្ឋបាល​និងសភាថ្នាក់​ខេត្ត​មួយ​ចំនួន ​ដើម្បី​អំពាវនាវ​ឱ្យមា​ន​ការថ្កោលទោស ​ចំពោះ​អំពើ​រំលោភ​បំពាន​របស់​ថៃ និង​ចាត់​វិធាន​ការ​ជា​បន្ទាន់ ​និង​យ៉ាងម៉ឺង​ម៉ាត់​បំផុត ​ដើម្បីដាក់​សម្ពាធ​លើ​ប្រទេស​នេះឱ្យ​បញ្ឈប់​រាល់​សកម្មភាព​យ៉ាង​គឃ្លើន​របស់ខ្លួ​ន ​និង​ងាក​មក​ដោះ​ស្រាយ​បញ្ហាព្រំ​ដែន​ដោយសន្តិវិ​ធី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​ស្ថិត​ក្រោម​ភ្លៀង​ធ្លាក់​នៅ​តាម​ទីតាំង​មួយ​ចំនួន​ក៏​ដោយ​ អ្នក​ចូល​រួម​ទាំង​អស់​បាន​ស្រែក និង​កាន់​បដា​ដែល​បង្ហាញ​ពី​ការគោរព​ដឹង​គុណដ​ល់​វីរកង​ទ័ព​កម្ពុជា ​ដែល​បានការពារ​ទឹក​ដីពីការ​ឈ្លាន​ពាន​របស់​ខ្មាំង ​និង​គាំទ្រពេញ​ទំហឹង​លើ​រាជរដ្ឋាភិបាល​កម្ពុជា ​ព្រម​ទាំង​ថ្កោលទោស ចំពោះ​អំពើ​រំ​លោភ​បំពាន​យ៉ាង​សាហាវ​ព្រៃ​ផ្សៃបំផុត​របស់យោធាថៃ​មក​លើ​ដែន​អធិបតេយ្យភាព ​និ​ង​បូរណភាព​ទឹក​ដី​របស់​កម្ពុជា ​រួម​ទាំង​ការ​បំផ្លាញ​សាលារៀន ​វត្តអារាម​ និ​ង​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្សេង​ៗ ​ព្រម​ទាំង​ធ្វើឱ្យ​បាត់បង់អាយុ​ជីវិ​ត​ប្រជាជន​ស៊ីវិល ​និង​ធ្វើ​ឱ្យប្រជាជនជាង ៥០ម៉ឺន​នា​ក់​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​ធ្លាប់​រស់​នៅ​ក្លាយ​ជា​ជន​ភៀស​សឹក​យ៉ាង​លំបាក។

សហគម​ន៍​ខ្មែរ​នៅ​ប្រទេស​ជប៉ុន បាន​អំពាវ​នាវ​ឱ្យ​សហរដ្ឋអា​ម៉េរិក ​ចិន​ ជប៉ុន​ ម៉ាឡេស៊ី និងសហគមន៍​អន្តរជាតិ​ ប្រើ​ប្រាស់​បច្ចេកវិទ្យា​របស់​ខ្លួន ​ពិនិត្យឱ្យ​បាន​ច្បាស់ថា​ អ្នក​ណា​ជា​អ្នកបើក​ការ​បាញ់​ប្រហារ​មុន ​និង​ចូល​រួម​តាម​ដាន​ស្ថានការណ៍​នេះ​ប្រកប​ដោយភាព​យក​ចិត្តទុក​ដាក់​បំផុត ​ស្រប​ទៅ​នឹង​ការ​គាំទ្រ និ​ងស្វា​គមន៍រ​បស់រា​ជរដ្ឋាភិបាល​កម្ពុជា។

សូម​បញ្ជាក់​ផង​ដែរ​ថា ​បង​ប្អូនខ្មែរនៅ​ប្រ​ទេស​ជប៉ុន ​បាន​ប្រមូល​ផ្តុំ​គ្នាស​ម្តែង​មតិ​ថ្កោល​ទោសថៃ ​នៅ​ទីតាំង​ជា​ច្រើន ​ជា​បន្ត​បន្ទាប់ ​ចាប់​តាំងពី​​យោធា​ថៃ​បាន​បើក​ការ​វាយ​ប្រហារ​ដ៏​កំរោលសារជាថ្មី ម​ក​លើដែ​នអធិបតេយ្យភាពកម្ពុជា​នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ២០២៥៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម