Connect with us

ព័ត៌មានជាតិ

ទូតកាណាដានៅភ្នំពេញ កំពុងតាមដានចំពោះការផ្ទុះសង្រ្គាមតាមព្រំដែនកម្ពុជា-ថៃ

បានផុស

នៅ

ការប្រយុទ្ធគ្នាកំពុងបន្ត ដោយថៃប្រើកម្លាំងយោធាចូលឈ្លានពានជាថ្មីលើដែនអធិបតេយ្យកម្ពុជា ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅភ្នំពេញ បានសម្តែងក្តីព្រួយបារម្ភចំពោះការផ្ទុះសង្រ្គាមតាមព្រំដែនកម្ពុជា និងថៃ ដោយលោកឯកអគ្គរដ្ឋទូតបាននិងកំពុងតាមដានដោយយកចិត្តទុកដាក់បំផុតចំពោះហេតុការណ៍នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គ្រីស្ទាន អង់ជេឡូ ដេសរ៉ូស (Christian Angelo DesRoches) ឯកអគ្គរដ្ឋទូតប្រទេសកាណាដាប្រចាំនៅកម្ពុជា បានបញ្ជាក់ពីកិច្ចខិតខំរួមចំណែករបស់កាណាដាក្នុងការបញ្ចប់ជម្លោះនេះ ដោយសន្តិវិធី ផ្នែកលើច្បាប់អន្តរជាតិ ដើម្បីនាំមកនូវសុខសុវត្ថិភាពសម្រាប់ពលរដ្ឋស្លូតត្រង់នៃប្រទេសទាំងពីរ។

ការបញ្ជាក់របស់លោក គ្រីស្ទាន អង់ជេឡូ ដេសរ៉ូស ធ្វើឡើងនៅក្នុងឱកាសលោកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។

ឆ្លើយតបនឹងការបារម្ភពីជម្លោះព្រំដែនកម្ពុជា និងថៃ ដែលកើតពីការឈា្លនពានរបស់ប្រទេសថៃមកលើកម្ពុជានោះ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា គូសបញ្ជាក់ថា ជម្លោះព្រំដែនរវាងប្រទេសទាំងពីរបានកើតមានជាយូរមកហើយ ដោយសារការប្រើប្រាស់ផែនទីខុសគ្នា។ សម្ដេច ថា កម្ពុជាប្រើប្រាស់ផែនទី ដែលអន្តរជាតិទទួលស្គាល់ ចុះហត្ថលេខាទទួលស្គាល់ដោយបារាំង និងសៀម។ ចំណែកថៃប្រើប្រាស់ផែនទីឯកតោភាគី។

ជុំវិញការឈ្លានពានរបស់ថៃមកលើកម្ពុជាសាជាថ្មីពេលនេះ សម្ដេចប្រធានរដ្ឋសភា បានប្រាប់ទៅកាន់ទូតកាណាដា ថា កម្ពុជាតែងប្រកាន់យកភាពអត់ធ្មត់ ស្វែងរកដំណោះស្រាយដោយសន្តិវិធី គោរពតាមកិច្ចព្រមព្រៀងនានា ក៏ដូចជាច្បាប់អន្តរជាតិ ធ្វើយ៉ាងណាបញ្ចៀសការប្រឈមមុខដាក់គ្នាដោយកម្លាំងប្រដាប់អាវុធ។ ប៉ុន្តែភាគីថៃបានចិញ្ចឹមចិត្តឈ្លានពានកម្ពុជា ដោយបើកការវាយប្រហារមកលើកម្ពុជាជាញឹកញាប់។

ប្រធានរដ្ឋសភាកម្ពុជាសង្កត់ធ្ងន់ថា ការឈ្លានពានចុងក្រោយរបស់ថៃមកលើអធិបតេយ្យកម្ពុជាមានលក្ខណៈឃោរឃៅ អមនុស្សធម៌ ធ្វើឱ្យប៉ះពាល់សុខសន្តិភាព ស្ថិរភាពក្នុងតំបន់ និងសកលលោក រំលោភច្បាប់មនុស្សធម៌អន្តរជាតិ ធ្វើឱ្យពលរដ្ឋស្លូតត្រង់ជាជនស៊ីវិលស្លាប់បាត់បង់ជីវិត និងរងរបួសជាច្រើននាក់ ព្រមទាំងបំផ្លិចបំផ្លាញសម្បត្តិរដ្ឋ និងឯកជនយ៉ាងច្រើនសន្ធឹកសន្ធាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម