Connect with us

ព័ត៌មានជាតិ

កម្ពុជាដឹកនាំអង្គទូតបរទេសចុះមើលទីតាំងដែលថៃរាយបន្លាលួស ដាក់ទូកុងតឺន័រព័ទ្ធយកដី និងផ្ទះពលរដ្ឋខ្មែរក្នុងខេត្តបន្ទាយមានជ័យ

បានផុស

នៅ

នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រសួងការបរទេសកម្ពុជា បានដឹកនាំបណ្តាអង្គទូតបរទេសប្រចាំនៅកម្ពុជា និងអង្គការអន្តរជាតិ ចុះទៅទីតាំងចំនួន៣ ដែលយោធាថៃបានរាយបន្លាលួស និងដាក់ទូកុងតឺន័រព័ទ្ធយកដោយខុសច្បាប់នៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរចុះពិនិត្យលើដីជាក់ស្ដែងនេះ ត្រូវបានដឹកនាំដោយលោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្ដីទីក្រសួងការបរទេសកម្ពុជា និងដោយមានការធ្វើបទបង្ហាញពីសំណាក់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។

គួរឱ្យដឹងថា កងកម្លាំងប្រដាប់អាវុធរបស់ថៃ បាននិងកំពុងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង តាមរយៈការរាយបន្លលួស ដាក់ទូកុងតឺន័រព័ទ្ធយកដី និងបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរនៅតាមខ្សែបណ្ដោយព្រំដែន ហើយតួយ៉ាង ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ កងកម្លាំងរបស់ថៃបានរាយបន្លលួស ដាក់ទូកុងតឺន័រ និងចូលកាន់កាប់ដោយខុសច្បាប់នៅតំបន់បឹងត្រកួន ក្នុងស្រុកថ្មពួក និងនៅភូមិជោគជ័យ ភូមិព្រៃចាន់ ក្នុងឃុំអូរបី ស្រុកអូរជ្រៅ ដែលជារំលោភលើដែនអធិបតេយ្យរបស់កម្ពុជា និងជាសកម្មភាពដែលយោធាថៃរំលោភបំពានលើបទឈប់បាញ់រវាងប្រទេសទាំងពីរ ក្រោយថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានរាយការណ៍ទៅកាន់បណ្ដាអង្គទូតឱ្យដឹងថា ផ្ទះប្រជាពលរដ្ឋចំនួនជាង២ពាន់ខ្នងត្រូវបានបំផ្លាញ និងភូមិចំនួន៦ ត្រូវបានយោធាថៃ បន្តដាក់កុងតឺន័រ និងរាយបន្លាលួស ខណៈប្រជាពលរដ្ឋជាង៣ពាន់គ្រួសារ កំពុងបន្តស្នាក់ក្នុងមណ្ឌលសុវត្ថិភាព ដែលអាជ្ញាធរបានរៀបចំ។ បើតាមលោកអភិបាលខេត្ត នៅភូមិជោគជ័យ យោធាថៃដាក់ទូកុងតឺន័រចំនួន៤ទីតាំង ដែលមាន១៦កុងតឺន័រ ដោយកាន់កាប់ដីទំហំ១៣៧ហិកតា សម្រាប់នៅឯភូមិព្រៃចាន់ ដាក់ទូកុងតឺន័រចំនួន៣ទីតាំង ដែលមាន ៦៣កុងតឺន័រ ក្នុងទំហំផ្ទៃដី៤២ហិកតា។

ដោយឡែក នៅតំបន់បឹងត្រកួន ដែលលោក អ៊ុំ រាត្រី អះអាងថា មាន៤ភូមិ ត្រូវបានយោធាថៃព័ទ្ធយក គឺមានផ្ទៃដី៥៨៤ហិកតា ដោយដាក់ទូកុងតឺន័រចំនួន១៣ទីតាំង មាន២៦កុងតឺន័រ។

តែយ៉ាងណា សកម្មភាពរបស់យោធាថៃនេះ ត្រូវបានកម្ពុជាតវ៉ាជាបន្តបន្ទាប់ ដោយប្រឆាំងដាច់ខាតនឹងសកម្មភាពទាំងនេះ ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ តាមរយៈការប្រើប្រាស់កម្លាំងឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម