Connect with us

ព័ត៌មានជាតិ

សមាគមអៃរាវត្តា និងសប្បុរសជន ចែកអំណោយជូនពលរដ្ឋ ២០០ គ្រួសារ និងកងទ័ពកម្ពុជា នៅខេត្តព្រះវិហារ

បានផុស

នៅ

សមាគម​អៃ​រាវ​ត្តា រួម​ជាមួយ​ ក្រុមហ៊ុន​មេគង្គ​ណិត MékongNet , សមាគម​អាជីវកម្ម​កម្ពុជា-វៀតណាម (Vietnam-Cambodia Business Association) , សមាគម​បារាំង សប្បុរសធម៌​បន្ទាន់ Urgence Humanitaire , មូលនិធិ​សប្បុរសធម៌​ទ្រទ្រង់​វីរ​កងទ័ព និង​ជនភៀសសឹក​ដោយ​ក្រុមហ៊ុន មុទិតា ត្រេ​ឌីង ​, ភោជនីយដ្ឋាន​ដើម​ចំប៉ា ព្រមទាំង​សប្បុរសជន​ជាច្រើន​ទៀត បាន​រួម​គ្នា​នាំ​យក​អំណោយ​ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន ២០០ គ្រួសារ នៅ​ភូមិ​ធម្មជាតិ​សម្តេច​តេ​ជោ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណាង​ឱ្យ​សប្បុរសធម៌​ដែល​បាន​ឧបត្ថម្ភ​ទាំង​ថវិកា និង​ស្បៀងអាហារ លោកស្រី ខៃ ចិន្តា ប្រធាន​សមាគម​អភិរក្ស​ដំរី​ខ្មែរ អៃ​រាវ​ត្តា បាន​នាំ​យក​អង្ករ និង​គ្រឿង​ឧបភោគ​បរិភោគ​សរុប​ប្រមាណ ១១ តោន ដើម្បី​ចែក​ជូន​ដល់​កងទ័ព​កម្ពុជា​នៅ​ជួរមុខ ជនភៀសសឹក​ក្នុង​ជំរំ និង​ប្រជាពលរដ្ឋ​ដែល​នៅតែ​អត់ធ្មត់​រស់នៅ​ក្នុង​ភូមិ​កំណើត ដោយ​មិន​បាន​រត់ចេញ​ពី​លំនៅឋាន ក្នុង​អំឡុង​ពេល​មាន​ការ​វាយ​ប្រហារ​ពី​ចោរ​សៀម​ឈ្លានពាន កាលពី​ខែ​ធ្នូ កន្លងទៅ។

នេះ​ជា​លើក​ទី ៣ ហើយ ដែល​លោកស្រី ខៃ ចិន្តា បាន​ចុះទៅ​ចែក​អំណោយ​ដោយ​ផ្ទាល់​នៅ​តំបន់​នេះ។ ក្នុង​ដំណើរ​នោះ លោកស្រី​មាន​ស្វាមី និង​កូនៗ អម​ដំណើរ រួម​ជាមួយ​ប្រធាន​សមាគម Urgence Humanitaire សប្បុរសធម៌​បន្ទាន់ ក្រុមការងារ​តំណាង​ម្ចាស់​ជំនួយ និង​សប្បុរសជន​ផ្សេងៗ​។ អំណោយ​ដែល​បាន​ចែក​ជូន រួមមាន ថ្នាំពេទ្យ អង្ករ មី អំបិល ស្ករស ខ្ទឹមស ឆៃប៉ូវ ត្រី​ប្រឡាក់ ទឹកស៊ីអ៊ីវ ទឹកត្រី ត្រីខ សៀង​ឆា សាប៊ូ នំ​ស្ករ​គ្រាប់ បារី ថ្នាំ​ប៉ូវ និង​អាហារ​សម្រាប់​ទាហាន ទឹក​សុទ្ធ សម្លៀក​បំពាក់​កុមារ និង​សម្ភារៈ​សិក្សា ជាច្រើន​ប្រភេទ​ទៀត។

ថ្វីត្បិតតែ​អំណោយ​ទាំងនេះ មិនអាច​ប្រៀបធៀប​ទៅ​នឹង​តម្រូវការ​ពិត​ប្រាកដ​របស់​ជនភៀសសឹក និង​កងទ័ព​កម្ពុជា​នៅ​ជួរមុខ​បាន​ទាំងស្រុង​ក្តី ប៉ុន្តែ​ទឹកចិត្ត​សប្បុរស និង​ក្តី​ស្រឡាញ់​ដែល​ផ្តល់ជូន គឺ​មាន​តម្លៃ​យ៉ាង​ធំធេង មិន​អាច​វាស់វែង​បាន។

គួរ​រំលឹក​ថា កាលពី​ចុងខែ​ធ្នូ​ កន្លងទៅ សមាគម​អៃ​រាវ​ត្តា ក៏បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ៥,០០០ ដុល្លារ​អាមេរិក ដើម្បី​ជួយ​គាំទ្រ​ដល់​សមរភូមិ​មុខ និង​ជនភៀសសឹក នៅ​វិមាន ៧ មករា ផង​ដែរ​។

សមាគម​អៃ​រាវ​ត្តា បាន​បញ្ជាក់​ថា ក្រៅពី​បេសកកម្ម​អភិរក្ស​សត្វ​ដំរី ដែល​ជា​សត្វ​កម្រ សមាគម ​ក៏​ចូលរួម​សកម្ម​ក្នុង​ការងារ​សប្បុរសធម៌​សង្គម​ផង​ដែរ។ ទោះជា​ប្រឈម​នឹង​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​ក៏​ដោយ សមាគម​ នៅតែ​បន្ត​ខិតខំ​ស្វែងរក​ជំនួយ ដើម្បី​គាំទ្រ​កងទ័ព​កម្ពុជា ដែល​ជា​វីរជន​ដ៏​ក្លាហាន បាន​បូជា​ជីវិត​ការពារ​បូរណភាព​ទឹកដី​ជាតិ។

ជាមួយ​គ្នា​នេះ សមាគម​អៃ​រាវ​ត្តា ក៏បាន​អំពាវនាវ និង​សូម​ស្វាគមន៍​ដល់​សប្បុរសជន​ទាំងអស់ ដែល​មាន​បំណង​ចូលរួម​ជួយ​ឧបត្ថម្ភ និង​រួម​ដៃ​ជាមួយ​សមាគម ក្នុង​ការងារ​មនុស្សធម៌​ នា​ពេល​បន្ត​ទៀត​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម