ព័ត៌មានជាតិ
អាជីវករ២ផ្សារក្នុងក្រុងសៀមរាប ចុះកិច្ចសន្យាបំពេញកាតព្វកិច្ចពាក់ម៉ាសការពារជំងឺកូវីដ-១៩
ខេត្តសៀមរាប៖ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្រុមការងារនៃយុទ្ធនាការជំរុញការពាក់ម៉ាសទាំងអស់គ្នា និងពាក់ម៉ាសឱ្យបានត្រឹមត្រូវ ដែលដឹកនាំដោយលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប រួមជាមួយមន្រ្តីជំនាញនៃមន្ទីរសុខាភិបាល និងកម្លាំងសហការដោយមន្រ្តីសមត្ថកិច្ច មកពីស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងកងរាជអាវុធខេត្ត បានចុះអនុវត្តក្នុងជំហានទី២ គឺការចុះកិច្ចសន្យាព្រមអនុវត្តកាតព្វកិច្ចពាក់ម៉ាសឱ្យបានត្រឹមត្រូវ បន្ទាប់ពីមានការអប់រំនៃជំហានទី១ ដែលកិច្ចសន្យានោះ នឹងត្រូវបានកំណត់ឱ្យជនណា ដែលនៅតែបន្តឱ្យមានការធ្វេសប្រហែស គឺត្រូវទទួលយកការផាកពិន័យ តាមច្បាប់ដែលបានកំណត់។
ក្នុងយុទ្ធនាការលើកនេះ ក្រុមការងារបានរកឃើញអាជីវករចំនួន២៤នាក់ លក់ដូរនៅផ្សារលើធំថ្មី និងផ្សារសាមគ្គីនៃក្រុងសៀមរាប ពុំយកចិត្តទុកដាក់ និងធ្វេសប្រហែស ពាក់ម៉ាសមិនបានត្រឹមត្រូវ និងមួយចំនួនទៀតធ្វេសប្រហែសមិនពាក់ម៉ាសតែម្តង ហើយអាជីករទាំង២៤នាក់នោះ ត្រូវបានក្រុមការងារឱ្យអនុវត្តតាមនីតិវិធី ដោយឱ្យសាម៉ីជនផ្តិតមេដៃលើកិច្ចសន្យា បញ្ឈប់ការធ្វេសប្រហែសរបស់ខ្លួន និងព្រមទទួលរងការផាកពិន័យអន្តរកាលតាមច្បាប់ប្បញ្ញត្តិ បើសិនជាការធ្វេសប្រហែសនេះ កើតមាននៅលើកក្រោយទៀតនោះ។
លោក ពិន ប្រាកដ បានឱ្យដឹងថា វាពិតជាកើតចេញពីការទទួលខុសត្រូវ និងក្តីកង្វល់របស់អាជ្ញាធរខេត្ត ដែលយន្តការកាត់ផ្តាច់ខ្សែចម្លងកូវីដ-១៩ ត្រូវបានអនុវត្តតាមរយៈនៃការដាក់ចេញនូវវិធានការផ្សេងៗជាច្រើននោះ ហើយអ្វីដែលកត់សម្គាល់ គឺមួយរយៈចុងក្រោយនេះ កូវីដ-១៩ត្រូវបានលុកលុយចូលទៅក្នុងផ្សារនានា ដូចជានៅរាជធានីភ្នំពេញ ក្រុងតាខ្មៅ ក្រុងព្រះសីហនុ ហើយនៅក្រុងសៀមរាប ផ្សារចំនួន២ ត្រូវបានបិទខ្ទប់ផ្អាកសកម្មភាពបណ្តោះអាសន្ន១៤ថ្ងៃ កាលពីថ្ងៃទី១២ ខែមេសា កន្លងមកនេះ។
លោក ពិន ប្រាកដ បានឱ្យដឹងទៀតថា បើទោះជាយុទ្ធនាការនេះ បានឈានទៅដល់ការផាកពិន័យនាថ្ងៃខាងមុខ ក៏ប៉ុន្តែអ្វីដែលជាលទ្ធផលចុងក្រោយដែលអាជ្ញាធរខេត្តចង់បាន នោះគឺពុំមែនជាប្រាក់ពិន័យទាំងនោះឡើយ តែគឺការចង់ឃើញប្រជាពលរដ្ឋ ពាក់ម៉ាសបានត្រឹមត្រូវ ដើម្បីការពារអាយុជីវិតទាំងអស់គ្នា។
គួររំលឹកថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រៃវែង និងខេត្តសៀមរាប ត្រូវបានកំណត់យកជាភូមិសាស្រ្ត ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កម្ភៈ” ហើយដែលតម្រូវឱ្យអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងនៃការឆ្លងរាលដាលជម្ងឺកូវីដ-១៩។ តាមច្បាប់ជនណាមិនពាក់ម៉ាស បង្កហានីភ័យនៃការចម្លង ត្រូវពិន័យជាប្រាក់ ពី២០ម៉ឺនដល់១លានរៀល៕
អត្ថបទ៖ គឿនវេត
-
ព័ត៌មានជាតិ១៧ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)