Connect with us

ព័ត៌មានជាតិ

កម្ពុជាបញ្ជាក់ឡើងវិញពីភាពជាដៃគូដ៏រឹងមាំជាមួយ UN ខណៈអ្នកសម្របសម្រួលរបស់ UN ត្រូវបានតែងតាំងថ្មី

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន ស្វាគមន៍វត្តមានលោកស្រី វ្លាដាំងកា អាន់ឌ្រេវ៉ា (Vladanka Andreeva) ដែលត្រូវបានតែងតាំងជាអ្នកសម្របសម្រួលថ្មីរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា។ ក្នុងពេលទទួលលិខិតសារតាំង លោក ប្រាក់ សុខុន បានបញ្ជាក់ឡើងវិញពីការពង្រឹងភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា និងអង្គការសហប្រជាជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួបសម្ដែងការគួរសមដែលធ្វើឡើងកាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស ភាគីទាំងពីរ បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយូរអង្វែងរវាងកម្ពុជា និងអង្គការសហប្រជាជាតិ ស្របតាមអាទិភាពអភិវឌ្ឍន៍ជាតិរបស់កម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ពីការរួមចំណែកដ៏យូរអង្វែងរបស់អង្គការសហប្រជាជាតិ ចំពោះការកសាងប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យសុខភាពសាធារណៈ ការគាំពារសង្គម សកម្មភាពដោះមីន ភាពធន់នឹងអាកាសធាតុ ដំណើរការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច និងការស្វែងរកយុត្តិធម៌ក្រោយពីមានជម្លោះ តាមរយៈអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។

និយាយដល់រឿងសង្គ្រាម លោកឧបនាយករដ្ឋមន្ត្រី លើកឡើងថា គ្មានប្រទេសណាមួយស្គាល់ច្បាស់អំពីតម្លៃសន្តិភាពជាងប្រទេសកម្ពុជានោះទេ ដោយសារកម្ពុជាបានឆ្លងកាត់ប្រវត្តិភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍អស់ជាច្រើនឆ្នាំ។ ក្នុងន័យនេះ លោកបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ទៀតជាមួយនឹងអង្គការសហប្រជាជាតិ។

លោកស្រី វ្លាដាំងកា អាន់ឌ្រេវ៉ា បានសម្តែងនូវក្ដីរីករាយ ដែលបានមកបំពេញភារកិច្ចជាអ្នកសម្របសម្រួលថ្មីរបស់ប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងបានកោតសរសើរចំពោះវឌ្ឍនភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការអភិវឌ្ឍលើគ្រប់វិស័យ។ លោកស្រី ប្តេជ្ញាចិត្តពង្រឹងសហប្រតិបត្តិការរបស់អង្គការសហប្រជាជាតិជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម