Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ជំរុញឲ្យសមត្ថកិច្ច និងមន្ត្រីជំនាញបន្តចុះអនុវត្តឲ្យបានតឹងរ៉ឹងលើបទល្មើសតាមប្រព័ន្ធអនឡាញ

បានផុស

នៅ

យោងតាមសកម្មភាពដឹកនាំកន្លងមករបស់លោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ តាមរយៈលោក សែត វិចិត្រ នាយករដ្ឋបាលខេត្តប៉ៃលិន បានឲ្យដឹងថា លោកស្រីអភិបាលខេត្ត តែងតែផ្តល់អាទិភាពខ្ពស់ លើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសការបង្ក្រាបបទល្មើសបច្ចេកវិទ្យា ដែលកំពុងរីករាលដាល គឺជាចំណុចសំខាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីអភិបាលខេត្ត បានជំរុញឱ្យកម្លាំងសមត្ថកិច្ច និងអាជ្ញាធរត្រូវអនុវត្ត ការពង្រឹងការអនុវត្តច្បាប់ និងការបង្ក្រាប ឲ្យបានម៉ឺងម៉ាត់ ត្រូវតាមដាន និងស្រាវជ្រាវ ការកំណត់មុខសញ្ញា និងទីតាំង ដែលសង្ស័យថា មានការបង្កប់នូវល្បែងស៊ីសងអនឡាញ ឬការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Cybercrime)។ ហើយរាល់បទល្មើសអនឡាញ ដែលរកឃើញ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ដោយមិនត្រូវមានការអន្តរាគមន៍ ឬយោគយល់ឡើយ ដើម្បីរក្សាសន្តិសុខ ក្នុងខេត្ត។

លោកស្រីអភិបាលខេត្តបញ្ជាក់ថា ការចូលរួមពីអាជ្ញាធរមូលដ្ឋាន អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ គឺជាភ្នែកច្រមុះដ៏សំខាន់ គឺត្រូវចុះពិនិត្យតាមដានទីតាំងជួលផ្ទះ សណ្ឋាគារ ឬកន្លែងអាជីវកម្មផ្សេងៗ ដែលអាចផ្តល់ជម្រកដល់ក្រុមឧក្រិដ្ឋជនអនឡាញ។

លោក សែត វិចិត្រ នាយករដ្ឋបាលខេត្ត ក៏បានបញ្ជាក់ដែរថា ក្រៅពីវិធានការក្តៅ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៏បានណែនាំ ឱ្យមានការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន កុំឱ្យចាញ់បោកការអូសទាញ តាមរយៈការងារដែលមានប្រាក់ខែខ្ពស់ខុសធម្មតា ឬការវិនិយោគតាមអនឡាញ ដែលគ្មានប្រភពច្បាស់លាស់។ ជាមួយគ្នានេះ ត្រូវលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋរាយការណ៍ជាបន្ទាន់ដល់សមត្ថកិច្ច ប្រសិនបើឃើញសកម្មភាពសង្ស័យណាមួយ នៅក្នុងសហគមន៍មូលដ្ឋាន។ នេះសបញ្ជាក់ ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ របស់លោកស្រីអភិបាលខេត្ត ក្នុងនាមជាថ្នាក់ដឹកនាំ ដែលចង់ឱ្យខេត្តប៉ៃលិន ក្លាយជាតំបន់ប្រកបដោយសុវត្ថិភាព និងគ្មានការគំរាមកំហែង ពីបទល្មើសបច្ចេកវិទ្យាផងដែរ៕

អត្ថបទ៖ សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម