Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌឫស្សីកែវ ចុះពិនិត្យសណ្ដាប់ធ្នាប់ផ្សារសាំហាន់ និងសិក្សាគម្រោងជួសជុលហេដ្ឋារចនាសម្ព័ន្ធ

បានផុស

នៅ

កាលពី​ល្ងាច​ថ្ងៃ​ទី ០៤ ខែ​កុម្ភៈ ឆ្នាំ ២០២៦ ម្សិលមិញ រដ្ឋបាល​ខណ្ឌ​ឫស្សីកែវ ដឹកនាំ​ដោយ លោក ជិន ប៊ុនធឿន អភិបាល​ខណ្ឌ​ឫស្សីកែវ និង លោក ឡុង ង៉ែត អភិបាល​រង​ខណ្ឌ ព្រមទាំង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ នៃ​រដ្ឋបាល​ខណ្ឌ និង​រដ្ឋបាល​សង្កាត់ បាន​ចុះ​សួរ​សុខទុក្ខ សំណេះសំណាល និង​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​សាំហាន់ និង ផ្សារ​ឫស្សីកែវ​ថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ដំណើរ​ចុះ​ពិនិត្យ​នេះ គណៈ​ដឹកនាំ​ខណ្ឌ​បាន​ផ្តោត​សំខាន់​ទៅ​លើ​ការ​ពិនិត្យ​សណ្ដាប់ធ្នាប់​សាធារណៈ អនាម័យ​បរិស្ថាន សុវត្ថិភាព និង​លក្ខខណ្ឌ​ជុំវិញ​បរិវេណ​ផ្សារ ព្រមទាំង​សិក្សា​គម្រោង ជួសជុល និង​ស្ថាបនា​ផ្លូវ​ក្នុង​មូលដ្ឋាន ដើម្បី​ឆ្លើយតប​តម្រូវ​ការ​រស់នៅ និង​ការ​ប្រកប​អាជីវកម្ម​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ។

នាឱកាស​នោះ លោក ជិន ប៊ុនធឿន បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​អាជីវករ​លក់ដូរ​ទាំងអស់ ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​ថែរក្សា​អនាម័យ​បរិស្ថាន និង​សណ្ដាប់ធ្នាប់​ក្នុង​ផ្សារ ឲ្យ​មាន​ភាព​ស្អាត រៀបរយ និង​មាន​សុវត្ថិភាព​ជា​បន្តបន្ទាប់។ ជាមួយគ្នានេះ លោក​អភិបាល​ខណ្ឌ ក៏​បាន​ស្នើសុំ​ឲ្យ​ម្ចាស់​ផ្សារ​ទាំងពីរ ពង្រឹង​ប្រព័ន្ធ​ពន្លត់​អគ្គិភ័យ ដោយ​ត្រូវ​រៀបចំ​ឧបករណ៍​ពន្លត់​អគ្គិភ័យ​ឲ្យ​គ្រប់គ្រាន់ និង​ងាយស្រួល​ប្រើប្រាស់ ដើម្បី​អាច​អន្តរាគមន៍​បាន​ទាន់​ពេលវេលា ក្នុង​ករណី​មាន​គ្រោះ​អគ្គិភ័យ​កើត​ឡើង​ជាយថាហេតុ។

លោក​អភិបាល​ខណ្ឌ គូស​បញ្ជាក់​ថា រដ្ឋបាល​ខណ្ឌ​ឫស្សីកែវ នឹង​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន ដោយ​គ្រោង​នឹង​បើក​ការដ្ឋាន​ជួសជុល និង​ស្ថាបនា​ផ្លូវ​ឡើងវិញ រៀបចំ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក ដាក់​ធុងសំរាម​តាម​ដង​ផ្លូវ និង​ដំឡើង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បន្ថែម ដើម្បី​ធានា​ឲ្យ​មាន​ភាព​ងាយស្រួល និង​សុវត្ថិភាព​ ក្នុង​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ជាពិសេស​នៅ​ពេល​យប់ និង​ជួយ​គាំទ្រ​ដល់​ការ​ប្រកប​អាជីវកម្ម​របស់​អាជីវករ​ដែល​លក់ដូរ​រហូត​ដល់​យប់​ជ្រៅ។

លើសពីនេះទៅទៀត លោក​អភិបាល​ខណ្ឌ ក៏បាន​បញ្ជា​កម្លាំង​ជំនាញ​ឲ្យ​ត្រៀម​ប្រើប្រាស់​រថយន្ត​បាញ់​ទឹក លាង​សម្អាត​ផ្លូវ​ជុំវិញ​បរិវេណ​ផ្សារ ក្នុង​ពេល​ឆាប់ៗ​ ខាងមុខ ដើម្បី​លើក​កម្ពស់​អនាម័យ​បរិស្ថាន សោភ័ណភាព​ទីក្រុង និង​បង្កើន​គុណភាព​ជីវិត​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម