Connect with us

ព័ត៌មានជាតិ

កម្ពុជា និងកាណាដា អះអាងពីសន្ទុះកើនឡើងនូវចំណងមិត្តភាពប្រទេសទាំងពីរ ហើយប្ដេជ្ញាជំរុញឱ្យកាន់តែរឹងមាំ

បានផុស

នៅ

ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោក Alan Bowman មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសកាណាដា បានចូលជួបពិភាក្សាការងារជាមួយប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន ដោយភាគីទាំងពីរ បានអះអាងពីការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី និងបញ្ជាក់ជាថ្មីពីការតាំងចិត្តរួមគ្នា ក្នុងការពង្រឹងមិត្តភាពយូរអង្វែង និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Alan Bowman អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ និងអូសេអានី នៃក្រសួងការបរទេសកាណាដា កំពុងបំពេញទស្សនកិច្ចការងារនៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើជាសហប្រធានកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគី កម្ពុជា-កាណាដា លើកទី២ នៅរាជធានីភ្នំពេញ។

រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន និងលោក Alan Bowman សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យនៃកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ខណៈភាគីទាំងពីរក៏បានបង្ហាញនូវក្ដីសង្ឃឹមថា កិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២ ពេលនេះ នឹងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កាបន្ថែមទៀត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ក្នុងជំនួបដែលធ្វើឡើងកាលពីថ្ងៃទី១២ ខែកុម្ភៈ ភាគីទាំងពីរ ក៏បានជជែកពីត្រៀមរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅក្នុងឆ្នាំ២០២៦នេះផងដែរ។ លោក ប្រាក់ សុខុន បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ និងបានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរៀបចំកិច្ចប្រជុំកំពូលនេះប្រកបដោយជោគជ័យ។ លោក បានអរគុណកាណាដាសម្រាប់ការគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនេះ។

លោក Alan Bowman បានគូសបញ្ជាក់ការប្តេជ្ញាខ្ពស់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់កាណាដា ក្នុងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនេះ នៅទីក្រុងភ្នំពេញ ព្រមទាំងបានបង្ហាញការត្រៀមខ្លួនរួចរាល់ ដើម្បីជួយគាំទ្រកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលនេះ តាមរយៈបទពិសោធន៍របស់កាណាដាក្នុងការរៀបចំកិច្ចប្រជុំកំពូលធំៗជាច្រើនកន្លងមក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម