Connect with us

ព័ត៌មានជាតិ

ថៃព័ទ្ធយកដីខ្មែរជិត៨រយហិកតាភូមិព្រៃចាន់ ភូមិជោគជ័យ និងតំបន់បឹងត្រកួន ខេត្តបន្ទាយមានជ័យ

បានផុស

នៅ

«ថៃរំលោភកាន់កាប់ដីកម្ពុជាដោយខុសច្បាប់ប្រមាណ៧៦០ហិកតា» អភិបាលខេត្តបន្ទាយមានជ័យ លោក​ អ៊ុំរាត្រី បានប្រាប់ឯកអង្គទូត និងអង្គការអន្តរជាតិដូច្នេះ ក្នុងពេលលោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្ដីទី នៃក្រសួងការបរទេសកម្ពុជា បានដឹកនាំអង្គទូតបរទេស និងអង្គការអន្តរជាតិ ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន នាថ្ងៃទី២៣ ខែកុម្ភៈ ទីដែលយោធាថៃ កម្ទេចផ្ទះពលរដ្ឋខ្មែរ បន្តដាក់ទូកុងតឺន័រលើដីកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលខេត្តបន្ទាយមានជ័័យ បានប្រាប់យ៉ាងលម្អិតថា នៅភូមិជោគជ័យ យោធាថៃបានរាយបន្លាលួស ដាក់ទូរកុងតឺន័រចំនួន១៦ទូ លើទីតាំងចំនួន៤ កាន់កាប់ដីខ្មែរចំនួន១៣៧ហិកតា។ នៅភូមិព្រៃចាន់វិញ យោធាថៃ បានដាក់ទូកុងតឺន័រចំនួន៦៣ទូ លើទីតាំងចំនួន៣ ហើយកាន់កាប់ផ្ទៃដីរបស់កម្ពុជា៤២ហិកតា។ ដោយឡែកនៅតំបន់បឹងត្រកួនថៃបានកាន់កាប់ផ្ទៃដីរបស់កម្ពុជាដល់ទៅចំនួន ៥៨៤ហិកតា ដោយបានដាក់ទូកុងតឺន័រចំនួន២៦ទូ លើទីតាំងចំនួន ១៣កន្លែង។

ទង្វើរាយបន្លាលួស ដាក់ទូរកុងតឺន័រ កម្ទេចផ្ទះពលរដ្ឋខ្មែរ បង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង (fait accompli) របស់យោធាថៃឈ្លានពាននៅភូមិជោគជ័យ និងភូមិព្រៃចាន់ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងនៅតំបន់បឹងត្រកួន ក្នុងស្រុកថ្មពួក ថៃប៉ុនប៉ងរាយបន្លាលួសក្នុងខេត្តបន្ទាយមានជ័យ គឺក្រោយថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៃបន្ទាប់ពីបទឈប់បាញ់បន្ទាន់បានចូលជាធរមាន។

បើតាមអាជ្ញាធរមូលដ្ឋានទង្វើរបស់យោធាថៃឈ្លានពាន បានបំផ្លាញផ្ទះពលរដ្ឋខ្មែរមួយចំនួន និងរារាំងពលរដ្ឋចំនួន១១ ២៥០នាក់ មិនឱ្យចូលទៅរស់នៅក្នុងផ្ទះសម្បែងវិញបានឡើយ។

រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ម្ដងហើយម្ដងទៀតថា កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ តាមរយៈការប្រើប្រាស់កម្លាំងឡើយ។

ក្នុងបទសម្ភាសន៍ជាមួយ Reuters និងFox News សម្ដេច ហ៊ុន ម៉ាណែត បានថ្លែងថា កងកម្លាំងថៃ កាន់កាប់ជ្រៅចូលទៅក្នុងទឹកដីកម្ពុជា នៅក្នុងតំបន់ជាច្រើន ហួសពីផែនទីដែលថៃគូសជាឯកតោភាគីគ្មានការទទួលស្គាល់ពីអន្តរជាតិ។ សម្ដេច ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា«នេះមិនមែនជាការចោទប្រកាន់ទេ ប៉ុន្តែវាជាការពិតនៅលើដីផ្ទាល់។» ៕

ដោយ៖ ង៉ិល ណារ៉ាត់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម