ព័ត៌មានជាតិ
សិស្សានុសិស្សមកពីគ្រួសារវីរកងទ័ព និងកុមារកំព្រា ៣២០នាក់ទទួលអំណោយសប្បុរសធម៌របស់ លោក ហេង សួរ ដើម្បីលើកទឹកចិត្តដល់ការសិក្សា
នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក សោម ចំណាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីចែកសម្ភារៈសិក្សា និងកម្មវិធីអប់រំតាមបែបព្រះពុទ្ធសាសនា ជូនដល់សិស្សានុសិស្សមកពីគ្រួសារក្រីក្រ និងគ្រួសារវីរកងទ័ពចំនួន ៣២០នាក់។

ពិធីនេះត្រូវបានរៀបចំឡើងនៅក្នុងបរិវេណសាលាបឋមសិក្សាជម្ពូវ័ន ដោយមានការចូលរួមពីសំណាក់ លោក ប៉ែន វិបុល រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ព្រមទាំងមន្ត្រីពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ក្នុងឱកាសសំណេះសំណាលនោះ លោក សោម ចំណាន បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោករដ្ឋមន្ត្រី ហេង សួរ និងបានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ឱ្យខិតខំក្រេបជញ្ជក់ចំណេះវិជ្ជា ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សីដ៏ល្អសម្រាប់ចូលរួមអភិវឌ្ឍសង្គមជាតិនាពេលអនាគត។ លោកបានបញ្ជាក់ថា ការចែកអំណោយនាពេលនេះ គឺជាស្មារតីនៃការចែករំលែក និងការយកចិត្តទុកដាក់ខ្ពស់ដើម្បីជួយសម្រាលបន្ទុកជីវភាពដល់គ្រួសារសិស្សានុសិស្សដែលកំពុងជួបការលំបាក ក៏ដូចជាកូនចៅវីរកងទ័ពដែលកំពុងឈរជើងការពារទឹកដីនៅសមរភូមិមុខ។

ជាមួយគ្នានោះដែរលោក ប៉ែន វិបុល ក៏បានបញ្ជ្រាបនូវសារអប់រំផ្លូវចិត្តតាមបែបសាសនា ក្នុងគោលបំណងបណ្តុះស្មារតីឱ្យសិស្សានុសិស្សប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងការគោរពដឹងគុណ ដើម្បីក្លាយជាកូនល្អ សិស្សល្អ និងជាប្រជាពលរដ្ឋគំរូក្នុងសង្គម។

តាមរបាយការណ៍របស់លោកនាយកសាលាបឋមសិក្សាជម្ពូវ័ន បានឱ្យដឹងថា សិស្សានុសិស្សដែលទទួលបានការឧបត្ថម្ភទាំង ៣២០នាក់នោះ រួមមាន កូនវីរកងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ចំនួន ៦៦នាក់, សិស្សភៀសសឹក ២២នាក់, កូនកំព្រាទាំងឪពុកម្តាយ ១៨នាក់, កូនកំព្រាឪពុក ៤៨នាក់, កូនកំព្រាម្តាយ ៣០នាក់ និងសិស្សដែលមានជីវភាពខ្វះខាតចំនួន ១៣៦នាក់ផ្សេងទៀត៕





-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


