Connect with us

ព័ត៌មានអន្ដរជាតិ

តើអាមេរិក អាចបន្តប្រតិបត្តិការ វាយប្រហារអ៊ីរ៉ង់ យូរប៉ុនណាទៀត?

បានផុស

នៅ

ជាង១០ថ្ងៃជាប់គ្នាហើយ ដែលអាមេរិក វាយអ៊ីរ៉ង់ មិនឲ្យដកដង្ហើមស្រួលសោះឡើយ ក្នុងសង្គ្រាមជុំទី៣ ប៉ុន្តែប្រតិបត្តិការយោធានេះ ក៏រងការរិះគន់មិនស្ទើរដែរ ពីសំណាក់អ្នកប្រជាធិបតេយ្យ ក្នុងសភា។

(រូប៖ Reuters)

មានភាពចម្រូងចម្រាស់ខ្លាំង ជុំវិញកញ្ចប់ថវិកាសម្រាប់យកទៅប្រើក្នុងសង្គ្រាមមជ្ឈិមបូព៌ា ខណៈសមាជិកសភាមួយចំនួន បានស្តីបន្ទោសចំៗ នៅចំពោះមុខរដ្ឋមន្ត្រីក្រសួងសង្គ្រាម Pete Hegseth ថា បានយកលុយទៅជះចោល និងចំណាយដោយគ្មានសមហេតុផល ទាល់តែសោះ។

ពីដំបូងឡើយ អ្នកជំនាញអន្តរជាតិ នាំគ្នាលើកឡើងដូចៗគ្នាថា បើសភាជាតិ មិនអនុម័តកញ្ចប់ថវិកាបន្ថែមទេនោះ អាមេរិកអាចច្បាំងជាមួយអ៊ីរ៉ង់ បានត្រឹមតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ។

អ្នកជំនាញ បានលើកយកហេតុផលចំនួន២ ក្នុងចំណោមហេតុផលជាច្រើនទៀត មកបកស្រាយ ក្នុងនោះមានដូចជា ការអស់សាច់ប្រាក់សម្រាប់ប្រតិបត្តិការភ្លាមៗ និងសម្ពាធសេដ្ឋកិច្ច-នយោបាយក្នុងស្រុក។

(រូប៖ Reuters)

មន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណ ព្រមានថា ថវិកាប្រតិបត្តិការស្នូលរបស់កងទ័ពអាមេរិក ប្រហែលអស់ត្រឹមចុងខែកក្កដានេះហើយ ដូច្នេះត្រូវមានលុយបង្វិលបន្ថែម។ ចំណែក បើនិយាយអំពីសម្ពាធសេដ្ឋកិច្ច និងនយោបាយវិញ, ការដែលអ៊ីរ៉ង់ បិទច្រក Hormuz បានរុញតម្លៃប្រេងនៅអាមេរិក ឲ្យហក់ឡើងខ្ពស់បំផុត។

ម្យ៉ាង ស្របពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិ កាន់តែខិតជិតមកដល់ផងដែរនោះ ប្រជាជនអាមេរិក ចាប់ផ្តើមមិនពេញចិត្តនឹង សង្គ្រាមគ្មានថ្ងៃបញ្ចប់ នេះហើយ ដែលដាក់សម្ពាធកាន់តែធ្ងន់លើរដ្ឋបាលលោក ដូណាល់ ត្រាំ ឲ្យស្វែងរកផ្លូវចរចាបញ្ចប់សង្គ្រាម ដាច់ខាត។

ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវ អ្វីៗបានប្រែប្រួលហើយ ដោយសភា​តំណាង​រាស្ត្រ​អាមេរិក ​បានអនុម័ត​ថវិកា​ចំនួន ​៩៥ប៊ីលានដុល្លារ​អាមេរិក នៅថ្ងៃ​ទី២២ ខែកក្កដា ដោយ​ថវិកា​ភាគ​ច្រើន​ត្រូវបានបម្រុងទុក​សម្រាប់មន្ទីរ​បញ្ចកោណ​ ដើម្បីផ្តល់មូលនិធិ​ដល់សង្គ្រាមប្រឆាំង​នឹងអ៊ីរ៉ង់។

(រូប៖ Reuters)

ទីភ្នាក់​ងារសារព័ត៌មាន AFP ផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ ២០២៦ ថា វិធានការនេះ ​ត្រូវ​បានអនុម័ត​ដោយសំឡេងប្រកៀក​ប្រកិត​គ្នា ២១៦ ទល់​នឹង ២១៤ ក្នុងការ​បោះ​ឆ្នោត​ ​ហើយលទ្ធផល បានទៅដល់ដៃព្រឹទ្ធសភាហើយ។

ក្នុងនោះ ថវិកា ​៧៣ប៊ីលាន​ដុល្លារ នឹងបែងចែកទៅឲ្យ​ កងកម្លាំង​ប្រដាប់​អាវុធ និងទីភ្នាក់ងារចារកម្ម ជាពិសេស ​ដើម្បីផ្តល់មូលនិធិដល់​ប្រតិបត្តិការ ដែលទាក់ទងនឹងសង្គ្រាមប្រឆាំង​អ៊ីរ៉ង់ ខណៈ ១២ប៊ីលានដុល្លារ នឹងយកទៅជួយ អ្នកទាំងឡាយណា ​ដែលរងផលប៉ះពាល់​ដោយសង្គ្រាមពាណិជ្ជកម្ម របស់លោកត្រាំ ខណៈ ១០ប៊ីលានដុល្លារទៀត ​នឹងត្រូវប្រើប្រាស់សម្រាប់​កម្មវិធី ទាក់ទងការបោះឆ្នោត។

ការអនុម័តនេះ បានន័យថា អាមេរិក រឹងដៃរឹងជើង អាចច្បាំងជាមួយអ៊ីរ៉ង់ តទៅរាប់ខែទៀត ឬអាចចូលដល់ជាងមួយឆ្នាំក៏ថាបាន អាស្រ័យលើទំហំនៃប្រតិបត្តិការ៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម