ព័ត៌មានជាតិ
ក្រសួងបរិស្ថាន បញ្ជ្រាបចំណេះដឹងពីមូលហេតុនាំឱ្យមានការប៉ះពាល់ដល់ ការបាត់បង់ជីវចម្រុះ និងការបំពុលខ្យល់សាធារណៈ
ក្រសួងបរិស្ថាន បញ្ជ្រាបចំណេះដឹងពីមូលហេតុនាំឱ្យមានការប៉ះពាល់ដល់ការបាត់បង់ជីវចម្រុះ និងការបំពុលខ្យល់សាធារណៈ តាមរយៈកាប់រុករាន ឆ្ការដុតព្រៃ ដើម្បីធ្វើកសិកម្ម និងយកដីជាកម្មសិទ្ធិ ការដុតសំរាម និងសំណល់ប្លាស្ទិក។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានជំរុញឱ្យមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ អនុវត្តឱ្យមានប្រសិទ្ធភាពតាមសារាចរណែនាំលេខ ០១ របស់រាជរដ្ឋាភិបាល ស្តីពីការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ជាពិសេសអនុវត្តវិធានការទប់ស្កាត់ កុំឱ្យមានភ្លើងឆេះព្រៃ បញ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង កាប់ឆ្ការ ដុតទន្ទ្រានព្រៃ ដុតសំរាម សំណល់រឹង និងប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ និងប៉ះពាល់ដល់សុខភាពសាធារណៈ។

ការក្រើនពន្យល់ និងក្រើនរំលឹករបស់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន នៅពេលនេះ ធ្វើឡើងក្នុងពិធីបញ្ជ្រាបចំណេះដឹងស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់ កាលពីរសៀលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៦ សារាចរណែនាំរបស់រាជរដ្ឋាភិបាល លេខ ០១ សរ ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈសំដៅលើកកម្ពស់គុណភាពខ្យល់ និងធានាបានការគាំពារសុខភាពសាធារណៈ និងបរិស្ថាន។

លោកអនុលេខាធិការក្រសួងបរិស្ថាន ដដែល ថ្លែងទៀតថា ស្របតាមស្មារតី នៃសារាចរ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរបរិស្ថាន រួមទាំងសហគមន៍មូលដ្ឋាន អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋ អនុវត្តវិធានការមួយចំនួនដូចជា ៖ ទី១-ក្នុងករណីកើតមានភ្លើងឆេះ អាជ្ញាធរខេត្តកោះកុង ត្រូវដឹកនាំបញ្ជាផ្ទាល់ក្នុងការប្រើកម្លាំងសរុប រួមមាន ពលរដ្ឋ សហគមន៍ សិស្សានុសិស្ស ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ។ល។ ធ្វើការអន្តរាគមន៍ជាបន្ទាន់។ ទី២-ទប់ស្កាត់ភ្លើងឆេះព្រៃ មានជាអាទិ៍កុំឱ្យមានការកាប់ឆ្ការ ដុតរុករានដីព្រៃ ដើម្បីដំណាំផ្សេងៗ ការដុតព្រៃដើម្បីចាប់សត្វព្រៃ ការបន្សល់ភ្លើងនៅក្នុងព្រៃ ដោយការធ្វេសប្រហែស។ល។ ទី៣-អប់រំ ផ្សព្វផ្សាយណែនាំដល់សហគមន៍ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រើប្រាស់ភ្លើងសម្រាប់មធ្យោបាយ ដើម្បីចម្អិនអាហារ ការយកឃ្មុំ ការដុតស្មៅ ព្រៃ ការដុតស្ទាក់ចាប់សត្វ និងការប្រមូលផលអនុផលព្រៃឈើក្នុងតំបន់ការពារធម្មជាតិ។ និងទី៤-ចំណាត់ការផ្លូវច្បាប់ ចំពោះអ្នកមិនប្រុងប្រយ័ត្ន បង្កឱ្យមានភ្លើងឆេះព្រៃ។
គួរកត់សម្គាល់ថា ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា ត្រូវបានតាមដាន និងត្រួតពិនិត្យគុណភាពជាប្រចាំ និងបានផ្សព្វផ្សាយជូនសាធារណជនបានជ្រាបផងដែរតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន និងបណ្តាញសារព័ត៌មាន។ កន្លងទៅ ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការភាពស្អាតលើផ្ទៃមេឃ ជាមួយគ្នានេះ បានចាត់វិធានការបន្តបន្ទាប់ក្នុងការត្រួតពិនិត្យគុណភាពខ្យល់ តាមរោងចក្រ និងប្រភពអាចបង្កការបំពុលខ្យល់ផ្សេងទៀត។ លទ្ធផលគុណភាពខ្យល់នៅកម្ពុជាបានបញ្ជាក់ថា មិនទាន់ទទួលរងការបំពុល និងមិនបង្កការបំពុលដល់ប្រទេសជិតខាងនោះទេ។

ចំណែក លោក អន សុធារិទ្ធិ អភិបាលរងខេត្តកោះកុង ចាត់ទុកការផ្សព្វផ្សាយសារាចរលេខ ០១ នេះ ដើម្បីបញ្ជ្រាបការយលដឹងអំពីផលប៉ះពាល់ នៃការបំពុលខ្យល់ទៅដល់ប្រជាពលរដ្ឋ និងសាធារណជន។ ខ្យល់ដកដង្ហើម ជាជីវិត ប៉ុន្តែបច្ចុប្បន្នគុណភាពខ្យល់កំពុងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរនៅតាមបណ្តាប្រទេសមួយចំនួន។ ព្រោះតែការឆេះព្រៃ និងការដុតសំរាម ឬកាកសំណល់កសិកម្មដោយខ្វះការប្រុងប្រយ័ត្ន។

លោកអភិបាលរងខេត្ត បានបន្តថា នៅពេលព្រៃឈើឆេះ មិនត្រឹមតែបំផ្លាញជម្រកសត្វលោកប៉ុណ្ណោះទេ ប៉ុន្តែវាបានបញ្ចេញផ្សែងពុល និងឧស្ម័នកាបូនិកយ៉ាងច្រើនទៅក្នុងបរិយាកាសដែលធ្វើឱ្យយើងប្រឈមនឹងជំងឺផ្លូវដង្ហើម និងការប្រែប្រួលអាកាសធាតុ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ




-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


