Connect with us

ព័ត៌មានជាតិ

ផ្ទះថ្មី ១២៦ខ្នង នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង សាងសង់រួចរាល់ ត្រៀមផ្ដល់ជូនគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨

បានផុស

នៅ

នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត និងជាប្រធាន អ.ន.ក. ខេត្ត អមដំណើរដោយលោក ប៉ែន សុវណ្ណនី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ខេត្តស្វាយរៀង បានចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្ទះជូនអតីតយុទ្ធជន ដែលជាគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន លើទីតាំងដីសម្បទាន សង្គមកិច្ច នៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ការចុះពិនិត្យ វឌ្ឍនភាពនេះ មានការចួលរួមពីគ្រួសារអតីត គណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ចំនួន ១២៦គ្រួសារ មកពីបណ្តាខេត្តនានា ទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធាន អ.ន.ក.ខេត្ត បានមានប្រសាសន៍ប្រាប់តំណាងគ្រួសារអតីតគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ដែលបានចូលរួមនាពេលនេះថា ផ្ទះ និងដីសម្បទានសង្គមកិច្ចនៅទីនេះ មិនត្រឹមតែជាជម្រកសម្រាប់ការពារកម្តៅថ្ងៃ ទឹកភ្លៀងប៉ុណ្ណោះទេ វាគឺជាមរតកនៃសន្តិភាព ជាការតបស្នង និងភាពកតញ្ញូរបស់រាជរដ្ឋាភិបាលចំពោះវីរជននៅទីនេះទាំងអស់ដែលបានយកសាច់ស្រស់ ឈាមស្រស់ ទៅប្តូរយកសេចក្តីសុខ សន្តិភាព ជូនជាតិមាតុភូមិកម្ពុជា។ ការផ្តល់ផ្ទះ និងដី សម្បទានសង្គមកិច្ចនេះ គឺជាផ្នែកមួយនៃ យុទ្ធសាស្ត្រគាំពារសង្គមដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីធានាថា គ្មានអតីតយុទ្ធជនណាម្នាក់ត្រូវបានបោះបង់ចោលឡើយ។

លោក ប៉ែន សុវណ្ណនី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្វាយរៀង និងជាអនុប្រធាន អ.ន.ក. ខេត្ត បានបញ្ជាក់ថា បច្ចុប្បន្នផ្ទះថ្មីទាំង ១២៦ខ្នង នេះ បានសាងសង់រួចរាល់ ១០០ភាគរយហើយ។ លោកបន្តថា ចំពោះផ្ទះថ្មីនេះ ថ្នាក់ដឹកនាំ សមាគមថ្នាក់កណ្តាល និងថ្នាក់ខេត្តបានរៀបចំប្រព័ន្ធភ្លើង និងជីកស្រះស្តុកទឹកសម្រាប់ប្រើប្រាស់រួចជាស្រេចដើម្បីផ្តល់ភាពងាយស្រួលសម្រាប់បងប្អូនអតីតគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ ១៩៧៨ ទាំងអស់ប្រើប្រាស់ដើម្បីបំពេញត្រូវការចាំបាច់ក្នុងការរស់នៅ។

គ្រួសារអតីតគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ដែលបានចូលរួមក្នុងឱកាសនេះ បានបង្ហាញក្ដីសោមនស្សរីករាយ ដែលបានឃើញអំណោយផ្ទះថ្មីត្រូវបានរៀបចំសាងសង់យ៉ាងល្អ ដែលថ្នាក់ដឹកនាំត្រៀមប្រគល់ជូននាពេលឆាប់ៗខាងមុខនេះ។ ជាមួយគ្នានេះដែរ ពួកគាត់ក៏បានសំណូមពរ ជូនទៅថ្នាក់ដឹកនាំជួយរៀបចំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងភូមិ និងប្រព័ន្ធទឹកស្អាតបន្ថែម សម្រាប់ផ្តល់ភាពងាយស្រួលឱ្យបងប្អូនដែលចូលមករស់។

សូមបញ្ជាក់ថា ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន សាងសង់ជូនអតីតគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ ១៩៧៨ ត្រូវបានសាងសង់លើទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ក្នុងជំហានទីមួយនេះ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តាមរយៈឯកឧត្តមកិត្តិសង្គបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគម បានដឹកនាំការសាងសង់សរុបចំនួន ១២៦ខ្នងផ្ទះ សម្រាប់ផ្ដល់ជូន ១២៦គ្រួសារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម