Connect with us

ព័ត៌មានជាតិ

អភិបាល​ខេត្ត​ស្ទឹងត្រែង៖ មិន​អាច​ហាមឃាត់​ទំនិញ​ថៃ​​ទាំងស្រុង តែ​អាវុធ​ដ៏​មុត​ស្រួច​របស់​ពលរដ្ឋ​កម្ពុជា​គឺ​បន្ត​ពហិការ

បានផុស

នៅ

ឆ្លើយតប​សំនួរ​របស់​អ្នក​សារព័ត៌មានក្នុង​ដំណើរ​ទស្សនកិច្ច​ផ្សព្វផ្សាយ​ពី​សក្តានុពល​ក្នុង​ខេត្ត​ស្ទឹងត្រែង លោក សរ សុពុត្រា អភិបាល​ខេត្ត​ស្ទឹងត្រែង​បាន​លើក​ឡើង​​ជុំវិញ​ការ​នាំ​ទំនិញ​ចេញចូល​ឆ្លង​កាត់​ព្រំដែន​ក្នុង​ខេត្ត​ស្ទឹងត្រែង​ ក្នុង​នោះ​​ផ្តោត​សំខាន់​លើ​ទំនិញ​ពី​ប្រទេស​ថៃ​ដែល​ឆ្លង​កាត់​ច្រក​ព្រំដែន​ប្រទេស​ឡាវ​ចូល​មក​ប្រទេស​កម្ពុជា។

លោក សរ សុពុត្រា អភិបាល​ខេត្ត​ស្ទឹងត្រែង​បាន​​គូស​បញ្ជាក់​ថា ​បើទោះបីជាមានបញ្ហា​នៅតាម​ព្រំដែន​កម្ពុជា​​ថៃ តែ​ទំនិញ​ថៃមួយចំនួន (មិនស្ថិតនៅក្នុង​បញ្ជីហាមឃាត់) ​នៅតែអាច​​បន្តនាំ​ចូល​មកប្រទេស​​កម្ពុជា​តាម​រយៈ​ច្រក​ព្រំដែន​ឡាវជាប់​ខេត្ត​ស្ទឺងត្រែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ថា រដ្ឋាភិបាលមិន​អាច​ហាមឃាត់ការនាំ​ចូល​ទំនិញពីថៃ​បានទាំងស្រុងនោះទេ គឺ​ដោយសារ​កម្ពុជាជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអាស៊ាន។

ប្រសិនបើកម្ពុជាបដិសេធទំនិញពីប្រទេសជាសមាជិក កម្ពុជានឹងត្រូវទទួលទណ្ឌកម្មដែលនឹង​ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ខណៈពេលដែល​ប្រទេស​ជាតិកំពុងមមាញឹក​ក្នុងការ​ការពារ​ព្រំដែន និងដោះស្រាយបញ្ហាជនភៀសសឹក។

យ៉ាងណាមិញ លោក​អភិបាល​ខេត្ត​បាន​លើ​កឡើងពី​វិធានការ​ក្នុង​ការ​គ្រប់​គ្រង​ទំនិញ​នាំ​ចូល​ ត្រូវ​តែ​ទំនិញ​ស្រប​ច្បាប់​ដែលត្រូវបង់ពន្ធចូលថវិកាជាតិ។ ផ្ទុយទៅវិញចំពោះទំនិញដែលនាំចូលតាមច្រកខុសច្បាប់ អាជ្ញាធរនឹ​ងធ្វើការចាប់កម្ទេច ឬដុតចោល និងអនុវត្តទោសលើអ្នកនាំចូល​ថែម​ទៀត។

បន្ថែមពីនេះ​លោក​ផ្តល់​ជា​យោបល់ដល់ជនរួមជាតិ​​​ថា «​អាវុធដ៏មានប្រសិទ្ធភាព​បំផុត​​របស់​ប្រជាជន​កម្ពុជា​ក្នុងការទប់​ស្កាត់​ទំនិញ​ពី​ប្រទេស​ឈ្លាន​ពាន គឺការធ្វើពហិការមិនទិញ និងមិនប្រើប្រាស់។ ប្រសិនបើប្រជាជន​ឈប់​ប្រើប្រាស់ អ្នកនាំ​ចូល​នឹងមិនអាចនាំចូលមកទុកឱ្យខាតបង់ឡើយ ហើយវានឹងបាត់ទៅដោយឯកឯង»​។

លោកបាន​​រំលឹក​ពី​មេរៀនប្រវត្តិសាស្ត្រ ដែល​ពលរដ្ឋ​ត្រូវ​ចងចាំ​ដើម្បីកុំឱ្យធ្លាក់​ទៅក្នុងស្ថាន​ភាព​ឯកោ ឬការបិទខ្ទប់សេដ្ឋកិច្ចដូចកាលពីក្រោយឆ្នាំ ១៩៧៩។

លោក​ថា ស្មារតីជាតិនិយមគួរតែត្រូវបានប្រើប្រាស់ដើម្បីប្រែក្លាយការឈឺចាប់ ទៅជាការ​ខិតខំ​ប្រឹងប្រែង​​​កសាង និងការពារប្រទេសជាតិវិញ។

ពាក់ព័ន្ធ​ការ​នាំ​ទំនិញ​ឆ្លងកាត់ច្រក​​ត្រពាំងក្រៀល​ក្នុង​ខេត្ត​ស្ទឹងត្រែង​ជាប់​ខេត្ត​ចម្ប៉ាសាក់​របស់​ប្រទេស​ឡាវ លោក ឡាច ប៊ុនឡុង ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀលបានប្រាប់កម្ពុជា​ថ្មីថា ក្រោយ​កើត​មាន​ការ​បិទ​ខ្ទប់​ព្រំដែនកម្ពុជា​ថៃ​ លោក​ទទួល​ស្គាល់​មានការ​ហូរ​ចូល​ទំនិញ​ថៃ​មួយ​ចំនួន​តាម​ច្រក​ត្រពាំង​ក្រៀល​ ដោយ​ឆ្លង​កាត់​ពី​ប្រទេស​ឡាវ។

យ៉ាងណាមិញ​លោក​ថា សន្ទុះ​ក្នុង​ការ​នាំ​ចូល​បាន​ថយ​ចុះ​យ៉ាង​ខ្លាំង ខណៈ​ពលរដ្ឋ​កម្ពុជា​បាន​ធ្វើ​ពហិការ​ទំនិញ​ថៃ​ដែល​ធ្វើ​ឲ្យ​ទំនិញ​ថៃ​ថយ​ចុះ​ការ​គាំទ្រ​ និង​ស្ទើរ​តែ​ឈានទៅ​​កាត់​បន្ថយ​ការ​នាំ​ចូល​ទាំង​ស្រុង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម