ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងអប់រំ រំលឹកបទពិសោធន៍ ១០ ឆ្នាំមុន ពីកម្មវិធីសិក្សាបែបសមាហរណកម្ម ឆ្លើយតបបញ្ហាសង្គមជាក់ស្ដែង
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានរំលឹកបទពិសោធន៍ពីការសិក្សាមុខវិទ្យាបែបសមាហរណកម្មដែលជំរុញឲ្យសិស្សចេះរិះគិត និងស្វែងរកដំណោះស្រាយឆ្លើយតបតម្រូវការនៅក្នុងសង្គមជាក់ស្តែង។
លោករដ្ឋមន្រ្តីបានលើកឡើងថា កាលពី ១០ ឆ្នាំមុន លោកបានជួបស្ថាបនិកសាលាអន្តរជាតិមួយ ហើយទទួលបានគំនិតពីការបង្កើតកម្មវិធីសិក្សាដែលផ្ដោតលើការបណ្ដុះបណ្ដាលសិស្សឱ្យក្លាយជាអ្នកគិតបែបវិភាគ (critical thinkers) និងអ្នកដោះស្រាយបញ្ហា (problem solvers)។

លោកចាប់អារម្មណ៍ទៅកម្មវិធីសិក្សាដ៏ថ្មីទំនើបនោះ ខណៈនៅពេលដែលលោកទៅទស្សនាសាលា លោករដ្ឋមន្រ្តីមានការភ្ញាក់ផ្អើលជាខ្លាំង ដោយមុនអាចចូលក្នុងបរិវេណថ្នាក់សិក្សា ត្រូវឆ្លងកាត់ការធ្វើការសាកល្បងខ្លះៗដូចជាការទាយស្លាកសញ្ញាសាលាជាដើម ដែលបង្កើតចេញពីកូដ (coding)។
លោករដ្ឋមន្រ្តីលើកឡើងថា កាលពី ១០ ឆ្នាំមុន ការបង្រៀនកូដនៅកម្រិតសាលារៀនគឺថ្មីណាស់។
ជាក់ស្តែងសៀវភៅស្តីពីសេដ្ឋកិច្ចកម្ពុជា លោកបានចំណាយពេល ១០ ឆ្នាំសរសេរ។ មួយឆ្នាំក្រោយមក សិស្សបានត្រឡប់មកវិញ ហើយផ្តល់អំណោយជាសៀវភៅស្តីពីសេដ្ឋកិច្ចកម្ពុជាដូចគ្នា ប៉ុន្តែត្រូវបានសរសេរឡើងវិញជាភាសាងាយយល់។
លោករដ្ឋមន្រ្តីថា សិស្សបានបែងចែកជាក្រុម ធ្វើការស្រាវជ្រាវ និងសម្ភាសន៍អំពីសេដ្ឋកិច្ចកម្ពុជា រួចសរសេរចេញជាសៀវភៅ។
លោកមានប្រសាសន៍ថា នេះជាវិធីសាស្ត្រដោះស្រាយបញ្ហា (problem-solving approach) ដែលអនុញ្ញាតឱ្យសិស្សយល់ច្បាស់ពីបញ្ហា ហើយអាចបង្កើតចំណេះដឹងថ្មីៗ។
នៅចំពោះមុខរដ្ឋមន្រ្តីក្រសួងអប់រំ យុវសិស្សមួយក្រុមកំពុងសិស្សថ្នាក់ទី ៩ នៅសាលា AUPP Liger Leadership Academy បានបង្ហាញពីដំណោះស្រាយក្នុងការផលិតសាប៊ូ ដើម្បីដោះស្រាយបញ្ហាស្បែកក្បាល។


យុវតីតំណាងក្រុមបានបង្ហាញពីប្រសិទ្ធភាពនៃដំណោះស្រាយនេះ អាចឆ្លើយតបតម្រូវការអ្នកមានបញ្ហាស្បែកឡើងអង្គែរ។
បើតាមយុវតីរូបនេះអះអាងថា ផលិតផលបានពីការស្រាវជ្រាវនេះ បានយកទៅសាកល្បងប្រើប្រាស់នៅតាមហាងសាឡនមួយចំនួន និងទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងការប្រើប្រាស់។
លោកស្រី Janet Tartaglia នាយិកសាលា អេយូភីភី ឡៃហ្គឺ លីឌឺហ្សីប អាកាឌឺមី បានថ្លែងថា ការអប់រំរបស់សាលាមិនផ្តោតលើការទន្ទេញមេរៀនឡើយ។ សិស្សានុសិស្ស គ្រប់គ្រងគម្រោងដោះស្រាយបញ្ហាក្នុងសង្គមជាក់ស្តែង និងកសាងទំនុកចិត្តក្នុងការដឹកនាំដោយសុចរិតភាព។
ការសិក្សាផ្តោតលើភាពជាអ្នកដឹកនាំដោយផ្តល់បទពិសោធន៍អប់រំ និងការសិក្សាតាមគម្រោង (Project-based learning) តាមរយៈ E-STEAM (សហគ្រិនភាព វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា) ជួយលើកកម្ពស់ក្នុងការគិតវិភាគ ការដោះស្រាយបញ្ហា និងទំនាក់ទំនង។
រដ្ឋមន្រ្តីក្រសួងអប់រំ បានលើកឡើងពីបរិបទសិក្សាដែលអនាគតទៅមុខ បច្ចេកវិទ្យាបញ្ញានិមិត្ត AI នឹងផ្លាស់ប្តូររបៀបសិក្សា និងការអប់រំ។
លោករដ្ឋមន្រ្តីថា យើងត្រូវប្រើប្រាស់ AI ជាឧបករណ៍ដើម្បីបង្កើនលទ្ធភាពទទួលបានចំណេះដឹង ប៉ុន្តែត្រូវទទួលខុសត្រូវ និងគិតគូរពីផលប៉ះពាល់។
«វិទ្យាសាស្ត្រណាមួយក៏អាចប្រើប្រាស់ដើម្បីបង្កើតវិបុលភាព ឬបង្កើតគ្រោះមហន្តរាយបានដែរ ដូច្នេះចាំបាច់ត្រូវមានតុល្យភាព និងការប្រើប្រាស់ប្រកបដោយប្រាជ្ញា»។ លោក ហង់ ជួនណារ៉ុង បញ្ជាក់៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


