Connect with us

ព័ត៌មានជាតិ

ព្រឹទ្ធសភាប្រគល់សេចក្ដីព្រាងច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យគណៈកម្មការជំនាញរបស់ខ្លួនពិនិត្យសិក្សា

បានផុស

នៅ

ព្រឹទ្ធសភា បានសម្រេចប្រគល់ភារកិច្ចឱ្យអន្តរគណៈកម្មការជំនាញរបស់ខ្លួនធ្វើការពិនិត្យសិក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មុននឹងដាក់ឱ្យអង្គព្រឹទ្ធសភាពិនិត្យហើយឱ្យយោបល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ ដោយមានលោក អ៊ុច បូររិទ្ធ ប្រធានស្ដីទីនៃព្រឹទ្ធសភា ជាអ្នកដឹកនាំកិច្ចប្រជុំ បានពិនិត្យសំណើរបស់រដ្ឋសភា ក្នុងការសុំឱ្យពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាង និងសេចក្តីស្នើច្បាប់ចាំបាច់ចំនួន២ នោះ គឺសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេចប្រគល់ភារកិច្ចជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌ សហការជាមួយនឹងគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ខណៈសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវបានប្រគល់ភារកិច្ចជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សាផងដែរ។ នេះបើតាមសេចក្ដីប្រកាសលទ្ធផលដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

គួរឱ្យដឹងថា សេចក្ដីព្រាងច្បាប់ និងសេចក្ដីស្នើច្បាប់ទាំងពីរខាងលើ ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុងកាលពីព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២៦ ដោយក្នុងសំឡេង១១២សំឡេងដូចគ្នានៃសមាជិករដ្ឋសភាទាំង១១២រូបដែលមានវត្តមានក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា។

សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺត្រូវបានតាក់តែងឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដែលមាន៥ជំពូក និង២៤មាត្រា នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈម តាមរយៈការបង្កើតវិធានព្រហ្មទណ្ឌ ដើម្បីបំពេញចន្លោះខ្វះខាតនៃច្បាប់បច្ចុប្បន្ន សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

រីឯសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលស្នើដោយក្រុមសមាជិកព្រឹទ្ធសភា នឹងត្រូវធ្វើវិសោធនកម្មទៅលើមាត្រាមួយចំនួន ដូចជាមាត្រា៨ថ្មី មាត្រា៩ មាត្រា១០ មាត្រា១៤ មាត្រា១៧ មាត្រា១៨ មាត្រា២៣ និងមាត្រា២៨ ដើម្បីធានាភាពសមស្រប គណនេយ្យភាព និងប្រសិទ្ធភាពក្នុងការអនុវត្តមុខងារតំណាងរបស់សមាជិកព្រឹទ្ធសភា។

ដោយហេតុថា ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលបានប្រកាសឱ្យប្រើ កាលពីឆ្នាំ២០០៥ កន្លងទៅ បានកំណត់មណ្ឌលបោះឆ្នោតជាភូមិភាគ ដែលមានខេត្តច្រើនបញ្ចូលគ្នា បង្កើតជាឧបសគ្គសម្រាប់ទំនាក់ទំនងរវាងសមាជិកព្រឹទ្ធសភាជាមួយនឹងអង្គបោះឆ្នោត ទើបប្រធានព្រឹទ្ធសភាសម្ដេចតេជោ ហ៊ុន សែន បានផ្ដួចផ្ដើមឱ្យមានការធ្វើវិសោធនកម្មច្បាប់នេះ ដែលចំណុចសំខាន់ គឺការផ្លាស់ប្តូរមណ្ឌលបោះឆ្នោតពីភូមិភាគ មកជាមណ្ឌលបោះឆ្នោតរាជធានី-ខេត្ត ដូចនឹងរដ្ឋសភាដែរ។

ការធ្វើវិសោធនកម្មច្បាប់នេះ នឹងជួយឱ្យព្រឹទ្ធសភាពង្រឹងប្រសិទ្ធភាពនៃការអនុវត្តមុខងារតំណាង បង្កើនគណនេយ្យភាព ព្រមទាំងបង្ខិតសមាជិកព្រឹទ្ធសភាឱ្យកាន់កៀក និងកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត និងប្រជាពលរដ្ឋនៅមូលដ្ឋាន៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម