Connect with us

ព័ត៌មានជាតិ

ឃុំត្រពាំងរូង ស្រុកកោះកុង ប្រកាសជាឃុំអស់គ្រាប់មីន

បានផុស

នៅ

នៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ នេះ អាជ្ញាធរមីនកម្ពុជា និងស្ថានទូតឥណ្ឌា បានប្រកាសថា ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ជាឃុំអស់គ្រាប់មីន និងស្នើដល់ប្រជាពលរដ្ឋកុំបារម្ភ សូមរស់នៅបង្កបង្កើនផលកសិកម្មប្រកបដោយសុវត្ថិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី ១ នៃអាជ្ញាធរមីន បានថ្លែងនៅថ្ងៃទី ២ មេសា នេះ ក្នុងពិធីអបអរសាទរប្រកាសឃុំត្រពាំងរូង ថា ស្ថានទូតឥណ្ឌា បានសម្រេចជ្រើសយកខេត្តកោះកុង ជាផែនការអាទិភាពរបស់ខ្លួនក្នុងការរួមចំណែកគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតស្ថិតក្នុងខេត្តកោះកុង ដោយកំពុងធ្វើការបោសសម្អាតនៅស្រុកកោះកុង។

លោកទេសរដ្ឋមន្រ្តី គូសបញ្ជាក់ទៀតថា ការបោសសម្អាតមីននេះ មិនត្រឹមតែបានជួយសង្រ្គោះអាយុជីវិតពលរដ្ឋទូទៅប៉ុណ្ណោះទេ វាថែមទាំងធ្វើឱ្យពលរដ្ឋចៀសផុតពីការគំរាមកំហែងដោយសារគ្រាប់មីន និងទទួលបាននូវជីវភាពរស់នៅកាន់តែល្អប្រសើរ ពិសេសបង្កបង្កើនផលកសិកម្មប្រកបដោយសុវត្ថិភាពផងដែរ។ អាជ្ញាធរមីនកម្ពុជា កំពុងរៀបចំស្នើបន្ថែមទៅស្ថានទូតឥណ្ឌា ដើម្បីគាំទ្រលើសកម្មភាពបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅខេត្តកោះកុង ក៏ដូចជាខេត្តផ្សេងៗ នៅក្នុងប្រទេសកម្ពុជា។ ជាក់ស្តែង ខេត្តជាប់ព្រំដែននឹងប្រទេសជិតខាង។

គួរជម្រាបថា ឃុំត្រពាំងរូង ស្រុកកោះកុង ត្រូវបានប្រកាសថា អស់គ្រាប់មីន បន្ទាប់ពីស្រុកបូទុមកសាគរ ក្រោមកិច្ចប្រឹងប្រែងរបស់ក្រុមបោសសម្អាតគ្រាប់មីនកម្ពុជា និងជំនួយគំាទ្ររបស់រាជរដ្ឋាភិបាលប្រទេសឥណ្ឌា។

លោក Vanlalvawna Bawitlung បានឱ្យដឹងថា ការប្រកាសឃុំត្រពាំងរូងអស់មីន មិនត្រឹមតែសម្រាប់ខេត្តកោះកុងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាទាំងមូល ដើម្បីឆ្ពោះទៅកាន់អនាគតមួយដែលអស់មីន និងមានសុវត្ថិភាព។ លោកជឿជាក់ថា ខេត្តកោះកុងទាំងមូល នឹងកាន់តែទាក់ទាញការវិនិយោគបន្ថែមទៀត តាមរយៈការទទួលបាន និងការប្រើប្រាស់ដីប្រកបដោយសុវត្ថិភាព ក៏ដូចជាទាក់ទាញភ្ញៀវទេសចរមកទស្សនា និងកម្សាន្ត ក្នុងតំបន់ធម្មជាតិខេត្តកោះកុង កាន់តែច្រើន។

សម្រាប់ លោក ឡៅ ប៊ុនខេង អភិបាលរងខេត្តកោះកុង សូមថ្លែងអំណរអរគុណចំពោះរាជរដ្ឋាភិបាល អាជ្ញាធរមីនកម្ពុជា និងស្ថានទូតឥណ្ឌា ដែលបានយកចិត្តទុកដាក់ខ្ពស់លើសកម្មភាពបោសសំអាតគ្រាប់មីននៅក្នុងខេត្ត ពិសេសឃុំត្រពាំងរូងតែម្តង។

លោកអភិបាលរងខេត្ត ក៏ចាត់ទុកថា ការអស់គ្រាប់មីន ជាសញ្ញាវិជ្ជមានមួយបន្ថែមទៀតលើការងារសន្តិសុខសណ្តាប់ធ្នាប់ និងសក្តានុពលរបស់ខេត្តដែលទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ-អន្តរជាតិ មកកម្សាន្ត អ្នកវិនិយោគមកបណ្តាក់ទុនបង្កើតរោងចក្រ សហគ្រាស ជាបន្តបន្ទាប់។ ជាពិសេសបានធ្វើឱ្យមានកំណើនសេដ្ឋកិច្ចកាន់តែរីកចម្រើនជីវភាពប្រជាពលរដ្ឋ កាត់បន្ថយការចំណាកស្រុក និងផ្តល់ដីដែលមានសុវត្ថិភាពធ្វើកសិកម្មជាដើម។

លោកអភិបាលរងខេត្ត ក៏អំពាវនាវដល់ពលរដ្ឋទាំងអស់ ពិសេសអតីតយុទ្ធជនដែលបានដឹង និងស្គាល់ទីតាំងកប់គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផ្សេងៗ ទៀត ដែលការស្រាវជ្រាវកន្លងមកអាចមិនទាន់គ្រប់ជ្រុងជ្រោយ ឬខ្វះប្រភពព័ត៌មាន សូមពលរដ្ឋជួយសហការផ្តល់ព័ត៌មានអំពីទីតាំងទាំងនោះដល់អាជ្ញាធរដែនដី កងកម្លាំងបោសសម្អាតមីន ដើម្បីការងារជំនាញរៀបចំផែនការស្រាវជ្រាវ ផ្ទៀងផ្ទាត់ទិន្នន័យ និងបោសសម្អាតបានទាន់ពេលវេលា៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម