ព័ត៌មានជាតិ
ដីសម្បទានសេដ្ឋកិច្ចទាំង ២៧ ក្នុងខេត្តរតនគិរីប្រឈមការដកហូត បើក្រុមហ៊ុនមិនពន្លឿនការអភិវឌ្ឍន៍
លោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានក្រើនរំលឹកឲ្យក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ចក្នុងខេត្តរតនគិរីទាំង ២៧ ក្រុមហ៊ុនឱ្យពន្លឿនសកម្មភាពអភិវឌ្ឍន៍លើដីរបស់ខ្លួន ខណៈលោកព្រមានថាអាចនឹងមានការដកហូតផ្ទៃដីមួយចំនួនដើម្បីចែករំលែកឲ្យក្រុមហ៊ុនផ្សេងអភិវឌ្ឍ បើមានការយឺតយ៉ាវឬការវិនិយោគមិនដំណើរការទៅមុខ។
ឆ្លើយតបសំនួររបស់កម្ពុជាថ្មី ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មានទៅតំបន់ភាគឦសានកាលពីពេលថ្មីៗកន្លងទៅនេះ ពាក់ព័ន្ធនឹងចំណាត់ការលើក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ចនៅក្នុងខេត្តរតនគិរី លោក ញ៉ែម សំអឿន បានបញ្ជាក់ថា «សម្រាប់ក្រុមហ៊ុនដែលមិនអាចអភិវឌ្ឍទាន់ពេលវេលា អាជ្ញាធរទាមទារឱ្យមានការចែករំលែកផ្ទៃដីទៅកាន់អ្នកវិនិយោគផ្សេងទៀត ដើម្បីជំរុញការអភិវឌ្ឍឱ្យបានលឿន»។

លោកបន្តថា អាជ្ញាធរកំពុងជំរុញយ៉ាងខ្លាំងដល់ក្រុមហ៊ុនដែលយឺតយ៉ាវ ប្រសិនបើក្រុមហ៊ុនណាមួយមិនព្រមពន្លឿនសកម្មភាពឬនៅតែយឺតយ៉ាវ អាជ្ញាធរបានព្រមានថានឹងប្ដឹងទៅកាន់ក្រសួងកសិកម្ម ដែលជាស្ថាប័នចេញអាជ្ញាប័ណ្ណ ដើម្បីដកហូតដីមកគ្រប់គ្រងបែងចែកដល់ក្រុមហ៊ុនផ្សេងយកទៅអភិវឌ្ឍ។
«បច្ចុប្បន្នបញ្ហានេះកំពុងស្ថិតក្នុងដំណាក់កាលជជែកនិងចរចានៅឡើយ ហើយមិនទាន់មានតួលេខជាក់លាក់ណាមួយអំពីទំហំដីដែលត្រូវចែករំលែកនោះទេ»។ លោក ញ៉ែម សំអឿន បញ្ជាក់។

ពាក់ព័ន្ធផែនការជំរុញការវិនិយោគខេត្តភូមិភាគឦសានរបស់រដ្ឋាភិបាល លោកអភិបាលខេត្តក៏មើលឃើញបញ្ហាប្រឈមមួយគឺខ្វះដីសម្រាប់ការវិនិយោគ។ ហេតុនេះហើយ ទើបលោកប្រាប់ឲ្យក្រុមហ៊ុនដែលទទួលបានដីសម្បទានទាំង ២៧ ក្រុមហ៊ុនក្នុងខេត្ត ត្រូវជំរុញការអភិវឌ្ឍឲ្យបានលឿន បើមិនដូច្នេះទេលោកនឹងមានចំណាត់ការក្នុងការឈានដកហូតផ្ទៃដីមួយចំនួនទៅឲ្យក្រុមហ៊ុនផ្សេងទៀតចូលរួមអភិវឌ្ឍ ដើម្បីឱ្យដំណើរការលឿនទាំងអស់គ្នា។
យ៉ាងណាមិញ បើតាមលោកអភិបាលខេត្ត បច្ចុប្បន្នមានក្រុមហ៊ុនមួយចំនួនកំពុងទាក់ទងជាលក្ខណៈឯកជនស្វែងរកផ្ទៃដីវិនិយោគ ក្រោមការសម្របសម្រួលពីរដ្ឋលេខាធិការដ្ឋានច្រកចេញចូលតែមួយនៃគណៈកម្មការជំរុញការវិនិយោគភូមិភាគឦសាន។

ខេត្តរតនគិរីជាខេត្តគោលដៅមួយក្នុងផែនការជំរុញការវិនិយោគខេត្តនៅតំបន់ភាគឦសានរបស់រដ្ឋាភិបាល។ សក្តានុពលរបស់ខេត្តនេះគឺវិស័យកសិកម្មដោយខេត្តមានផ្ទៃដីធំទូលាយ ហើយដីមានជីវជាតិសម្រាប់ដាំដុះដំណាំយុទ្ធសាស្រ្តដើម្បីនាំចេញ។
លោក ញ៉ែម សំអឿន បានបញ្ជាក់ថា ដំណាំកសិកម្មជាវិស័យបង្គោលដ៏សំខាន់របស់ខេត្តរតនគិរី ដែលក្នុងនោះដំណាំស្វាយចន្ទីមានការដាំដុះលើផ្ទៃដីប្រមាណ ១០ ម៉ឺនហិកតា កៅស៊ូប្រមាណ ៨ ម៉ឺនហិកតា និងដំឡូងមីជិត ២ ម៉ឺនហិកតា។
ខណៈដែលខេត្តមានផ្ទៃដីកសិកម្មធំទូលាយប៉ុន្តែខ្វះខាតរោងចក្រកែច្នៃ លោកជំរុញឱ្យមានការវិនិយោគលើរោងចក្រកែច្នៃនិងវេចខ្ចប់ ដើម្បីបង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ច។
បន្ថែមពីនេះ លោកក៏លើកទឹកចិត្តឲ្យមានការវិនិយោគដាំដុះដាំដំណាំសក្តានុពលមួយចំនួនទៀតមាន កាហ្វេ កាកាវ ក៏ដូចជាទុរេនក្នុងខេត្តរតនគិរី ដោយសារលោកមើលឃើញដំណាំទាំងនេះបច្ចុប្បន្នកំពុងមានតម្រូវការខ្ពស់និងទីផ្សារល្អ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


