Connect with us

ព័ត៌មានជាតិ

អភិបាលស្រុកអង្គរបូរី ថ្មី ដឹកនាំកម្លាំងចម្រុះចុះពិនិត្យបង្គោលព្រំដែនកម្ពុជា-វៀតណាម ដើម្បីពង្រឹងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន

បានផុស

នៅ

លោក កង អាណាន់ អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ និងកម្លាំងសមត្ថកិច្ចចម្រុះ ចុះពិនិត្យស្ថានភាពបង្គោលសីមាព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិសាស្ត្រស្រុកអង្គរបូរី ខេត្តតាកែវ ជាប់នឹងស្រុកអានភូ ខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងបេសកកម្មចុះពិនិត្យនេះ មានការអមដំណើរដោយលោក ហង្ស វិច្ឆិការាំង្សី អភិបាលរងស្រុក លោក ឈឹម ធី អភិបាលរងស្រុក ព្រមទាំងកម្លាំងផ្នែកសឹករងស្រុក អធិការដ្ឋាននគរបាលស្រុក មូលដ្ឋានកងរាជអាវុធហត្ថស្រុក កម្លាំងវរៈការពារព្រំដែន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

ក្រុមការងារបានចុះពិនិត្យជាក់ស្តែងលើបង្គោលសីមាធំប្រភេទ C ចំនួន៣បង្គោល រួមមានបង្គោលលេខ ២៥៤, ២៥៥ និងលេខ ២៥៦ ដែលស្ថិតនៅតាមខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ។ ក្រៅពីនេះ ក៏បានពិនិត្យផ្ទៀងផ្ទាត់បង្គោលតម្រុយចំនួន២១បង្គោល និងបង្គោលពិសេសចំនួន៣២បង្គោល ដែលស្ថិតនៅក្នុងចន្លោះបង្គោលសីមាធំទាំង៣ផងដែរ។

ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងតាមដានស្ថានភាពជាក់ស្តែងនៃបង្គោលព្រំដែន ធានាការគ្រប់គ្រងដែនដីឱ្យបានច្បាស់លាស់ និងពង្រឹងកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពតាមបណ្តោយព្រំដែនឱ្យកាន់តែមានប្រសិទ្ធភាព។ ជាមួយ​គ្នា​នេះ​ដែរ រដ្ឋបាលស្រុកអង្គរបូរី បានចាត់ទុកការចុះពិនិត្យ និងថែរក្សាបង្គោលសីមាព្រំដែន ជាកិច្ចការអាទិភាពមួយ ដើម្បីរក្សាបូរណភាពទឹកដី និងបង្កើនទំនុកចិត្តជូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ព្រំដែន៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម