Connect with us

ព័ត៌មានជាតិ

លោក សោម ពិសិដ្ឋ៖ វីរភាព និងការលះបង់របស់អតីតយុទ្ធជន គឺជាគំរូដ៏ថ្លៃថ្លានៃស្មារតីស្នេហាជាតិ និងភាពអង់អាចក្លាហាន

បានផុស

នៅ

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាល​ខេត្តកែប និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកែប បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ឧសភា ២០២៦។​ ពិធី​នេះក៏មានការអញ្ជេីញចូលរួមពីសំណាក់​ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរមូលដ្ឋាន សមាជិក​ សមាជិកា​ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូប ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះ រៀបចំឡើងក្នុងគោលបំណង រំឭកគុណបំណាច់របស់អតីតយុវជន និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអតីតយុទ្ធជន និងនិវត្តជន​ ដែលបានលះបង់ពាក់លីសាច់ស្រស់ ឈាមស្រស់ និងកម្លាំងកាយចិត្ត ក្នុងបុព្វហេតុការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងសុខសន្តិភាពជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

ក្នុងឱកាសនោះលោកស្រី គឹម ចន្នី អភិបាលរងខេត្តកែប និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកែប បានអានរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ដោយបានលើកឡើងអំពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត និងស្ថាប័នពាក់ព័ន្ធក្នុងការគាំទ្រ និងដោះស្រាយជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន តាមរយៈការផ្តល់អំណោយ សម្ភារៈប្រើប្រាស់ និងការគាំពារសង្គមផ្សេងៗ។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអាននូវសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយបានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះអតីតយុទ្ធជន និងនិវត្តជន ដែលបានធ្វើពលិកម្មយ៉ាងធំធេងក្នុងបុព្វហេតុការពារជាតិ និងការកសាងសុខសន្តិភាពសម្រាប់ប្រទេសកម្ពុជា។

លោក សោម ពិសិដ្ឋ បានថ្លែងបន្ថែមថា វីរភាព និងការលះបង់របស់បងប្អូនអតីតយុទ្ធជន គឺជាគំរូដ៏ថ្លៃថ្លានៃស្មារតីស្នេហាជាតិ និងភាពអង់អាចក្លាហាន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារបូរណភាពទឹកដី ការស្តារ និងកសាងប្រទេសឱ្យមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃ។

លោក សោម ពិសិដ្ឋ ក៏បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពពាក់ព័ន្ធ និងសប្បុរសជន សូមបន្តយកចិត្តទុកដាក់គាំទ្រ និងជួយដោះស្រាយជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ឱ្យកាន់តែប្រសើរឡើងបន្ថែម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដេីម្បីចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាព និងសុខមាលភាពរបស់បងប្អូនអតីតយុទ្ធជន​អោយកាន់តែមានភាពល្អប្រសេីរឡើងបន្ថែមទៀត៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម