Connect with us

ព័ត៌មានជាតិ

មិនចាញ់រដូវចូលឆ្នាំ រមណីដ្ឋានកាំពីនៅតែ​ជា​មុខព្រួញទេសចរ​​មក​កម្សាន្ត​ច្រើន​នៅថ្ងៃ​ចុងសប្តាហ៍

បានផុស

នៅ

រមណីយដ្ឋាន​ទឹកជួរទន្លេមេគង្គកាំពី នៅតែជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងពេញនិយមបំផុតសម្រាប់ថ្ងៃបុណ្យ និង​ថ្ងៃចុងសប្ដាហ៍។

ជាក់ស្ដែងនាថ្ងៃសៅរ និងអាទិត្យ មានអ្នកទេសចរប្រមាណជាង ១ ០០០នាក់ បានមកលេងកម្សាន្ត បេីទោះបីពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរបានបញ្ចប់ហេីយក្ដី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប្រាក់ វិកុល មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តក្រចេះបានឲ្យដឹងថា បច្ចុប្បន្ននៅមានភ្ញៀវទេសចរបន្តមកលេង​កម្សាន្ត​ជារើយៗ ប៉ុន្តែមិនដូចកាលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឡើយ ហើយអាជីវករនៅទីនោះក៏បានរុះរើរោងទឹកជាបណ្តើរៗផ​ងដែរ នៅសល់ប្រហែលជា ៣០% ទៀតប៉ុណ្ណោះ។

ដោយឡែក រោងកញ្ចុះខាងលើគឺនៅលក់ដូចដូចធម្មតាទាំងរដូវប្រាំង និងរដូវវស្សា។

រមណីយដ្ឋានទឹកជួរទន្លេមេគង្គ​កាំពី នៅតែ​ទទួលបានភាពទាក់ទាញនិងពេញនិយមខ្លាំងនារដូវខ្យល់រំហើយ ក៏ដោយសារមានទេសភាពស្រស់ស្អាត ទឹកថ្លាយង់ត្រជាក់ និងមានកោះតូចៗ ដែលមានដើមឈើដុះជាម្លប់ត្រឈឹងត្រឈៃ ព្រមទាំងមានរោងលេីទឹកជាច្រេីនសម្រាប់ទទួលអ្នកទេសចរ។

អ្នកទេសចរ អាចងូតទឹកកម្សាន្តបាន ព្រោះទឹកនៅទីនោះមានសភាពថ្លា និងត្រជាក់ ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរចុះមុជលេង​ដោយសុវត្ថិភាព។

តំបន់នេះទាក់ទាញភ្ញៀវបំផុតក្នុង រដូវប្រាំង ចាប់ពីខែមករា ដល់ខែឧសភា នៅពេលទឹកស្រក។ ដោយឡែក ម្ហូបអាហារ ក៏មានសំបូរបែបផងដែរ ដូចជា ត្រីទន្លេស្រស់ៗ ត្រីក្របី ត្រីក្អែក ត្រីប៉ាវ៉ាមុខពីរ ខ្ចៅចាក់ច្រែងជាប្រភេទខ្ចៅពិសេសដែលមានតែនៅក្នុងតំបន់កាំពី ដែលភ្ញៀវនិយមបរិភោគ។

រមណីយដ្ឋាន ទឹកជួទន្លេមេគង្គកាំពីមានទីតាំងស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គ ក្នុងភូមិក្បាលជួរ ឃុំសំបុក ស្រុកចិត្របុរី ដែលមានចម្ងាយប្រហែល ១៥ ទៅ ១៦ គីឡូម៉ែត្រ ខាងជើងទីរួមខេត្ត៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម