Connect with us

ព័ត៌មានជាតិ

ផ្លូវ ៦ ខ្សែ នៅក្នុងខេត្តពោធិ៍សាត់​ ប្រែក្លាយ​ពីផ្លូវ​ដីទៅជាផ្លូវកៅស៊ូ​និង​បេតុង ផ្លាស់ប្តូរមុខមាត់ជនបទ​កាន់តែ​អភិវឌ្ឍ

បានផុស

នៅ

ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន ៦ ខ្សែ បានកំពុង​​ស្ថាបនាប្រែក្លាយពីផ្លូវដីទៅជាផ្លូវកៅស៊ូ​និង​បេតុង​ ដែល​ក្រៅពីជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​និងដឹកជញ្ជូនកសិផល​​របស់ពលរដ្ឋ ក៏​នឹង​នាំ​ភាព​តរីកចម្រើន​នៅ​ទីជនបទ​កាន់តែ​អភិវឌ្ឍថែមទៀត​។

លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃ​ទី ២០ ខែ​ឧសភា ឆ្នាំ ២០២៦ បាន​ដឹកនាំ​មន្ដ្រីបច្ចេកទេសក្រសួងអភិវឌ្ឍន៍ជនបទចុះទៅពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវចំនួន ៦ខ្សែ ដែលកំពុង​ដំណើរការ​ស្ថាបនា​ជា​ផ្លូវ​កៅស៊ូ និង​បេតុង​នៅក្នុងខេត្តពោធិ៍សាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្សែទី១៖ ផ្លូវភូមិបាគូ-ផ្ទះស្រែ សាងសង់ក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុងមានប្រវែងសរុប ៧,៦១គ.ម ទទឹង ៧ ម៉ែត្រ តភ្ជាប់ពីភូមិផ្ទះស្រែ ឃុំស្វាយលួង ទៅដល់ភូមិបាគូ ឃុំស្រែស្ដុក ស្រុកកណ្ដៀង។ ផ្លូវនេះចាប់ផ្ដើម​សាងសង់កាលពីខែឧសភា ឆ្នាំ២០២៥ មកដល់បច្ចុប្បន្នសម្រេចលទ្ធផលបាន ៨៧%។

ខ្សែទី២៖ ផ្លូវវត្តព្រះធាតុ-ភូមិថ្មី ជាផ្លូវ​ក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុងមានប្រវែងសរុប ៥,៣៧គ.ម. ទទឹង ៧ ម៉ែត្រ តភ្ជាប់ពីភូមិបាគូ ទៅដល់ភូមិធ្លាអំពិល ឃុំស្រែស្តុក ស្រុកកណ្ដៀង ដែល​បាន​ចាប់ផ្ដើម​ដំណើរការ​សាងសង់កាលពីខែសីហា ឆ្នាំ២០២៥ មកដល់បច្ចុប្បន្នសម្រេចលទ្ធផលបាន ៤៧,៩៣%។

ខ្សែទី៣៖ ផ្លូវស្ថានីយ៏-ធ្លក-បឹងចក ក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុងមានប្រវែងសរុប ១១ គ.ម. ទទឹង ៧ ម៉ែត្រ តភ្ជាប់ពីភូមិស្ថានីយ៍ ឃុំកណ្តៀង ទៅដល់ភូមិបឹងចក ឃុំស្យា ស្រុកកណ្ដៀង ដែល​បានចាប់ផ្ដើមសាងសង់កាលពីខែសីហា ឆ្នាំ២០២៥ មកដល់បច្ចុប្បន្នសម្រេចលទ្ធផលបាន ៥៣,៤៨%។

ខ្សែទី៤៖ ឈ្មោះផ្លូវ បន្ទាយត្រោក-កំពង់សំបួរ ជា​ផ្លូវ​ក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុងមានប្រវែងសរុប ៤,២៧ គ.ម. ទទឹង ៨ ម៉ែត្រ តភ្ជាប់ពីភូមិបន្ទាយត្រោក ឃុំស្រែស្តុក ទៅដល់ភូមិបឹងឈូក ឃុំកណ្តៀង ស្រុកកណ្ដៀង ដែល​បាន​ចាប់ផ្ដើមសាងសង់កាលពីខែសីហា ឆ្នាំ២០២៥ មកដល់បច្ចុប្បន្នសម្រេចលទ្ធផលបាន ៤៤,៤%។

ផ្លូវទាំង ៤ ខ្សែនេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយ​កម្មកសិកម្ម (SAAMBAT) ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ធនាគារវិនិយោគអឺរ៉ុប (EIB) និងមូល​និធិវិនិយោគអាស៊ី នៃសហភាពអឺរ៉ុប (EU-AIF)។

ខ្សែទី៥៖ ឈ្មោះផ្លូវ ភ្នៅ-ផ្ទះព្រីង ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុងមានប្រវែងសរុប ១២,២៦ គ.ម ទទឹងតួផ្លូវ ៦ ម៉ែត្រ តភ្ជាប់ពីភូមិក្រពើរោទិ៍ ឃុំស្នាមព្រះ ស្រុកបាកាន ទៅកាន់ភូមិដំរីស ឃុំ កោះជុំ ស្រុកកណ្តៀង ដែល​បាន​ចាប់ផ្ដើម​បើកការដ្ឋាន​សាងសង់កាលពី​ខែឧសភា ឆ្នាំ២០២៥ មកដល់បច្ចុប្បន្នសម្រេចលទ្ធផលបាន ៤៦,២% គ្រោង​នឹងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២៦។

ខ្សែទី៦៖ ឈ្មោះផ្លូវ អូរស្ដៅ-វត្តវាល ជា​ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុងមានប្រវែងសរុប ៤,៩៩គ.ម. ទទឹងតួផ្លូវ ៦ ម៉ែត្រ តភ្ជាប់ពីភូមិអូរស្តៅ ឃុំស្វាយអាត់ ស្រុកពោធិ៍សាត់ ទៅកាន់ភូមិផ្សារលើ ឃុំលលកស ស្រុកពោធិ៍សាត់ ដែល​បានចាប់ផ្ដើមសាងសង់នៅឧសភា ឆ្នាំ២០២៥ សម្រេចវឌ្ឍនភាព ៣៥,៦៣%។

ខ្សែផ្លូវទី ៥ និងទី ៦ នេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ជំហាន ២ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដោយទទួលបានឥណទានសហប្រតិបត្តិការពីធនាគារពិភពលោក (WB)។

ក្នុងឱកាសពិនិត្យការដ្ឋានសាងសង់ផ្លូវទាំង ៦ ខ្សែខាងលើ រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ​ បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ប្រចាំការនៅការដ្ឋានផ្ទាល់ឱ្យពន្លឿនការងារសាងសង់ឱ្យលឿនស្របតាមកិច្ចសន្យាការងារ និងត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសដើម្បីឱ្យផ្លូវមានគុណភាពល្អ អាចបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយូរអង្វែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម