ព័ត៌មានជាតិ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ពេញចិត្តចំពោះការអភិវឌ្ឍន៍ភូមិ ប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង និងសរសើរគ្រប់ផ្ទះមានពណ៍បៃតងស្រស់ពោរពេញដោយដំណាំចម្រុះ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានចិត្តសប្បាយរីករាយក្រោយឃើញ ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង មានការអភិវឌ្ឍផ្លាស់ប្តូរច្រើនក្រោយខកខានមកទីនេះជាង ៥ឆ្នាំ ទៅហើយ។ នេះជាប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងក្នុងពិធីសំណេះសំណាល ចែកអំណោយមនុស្សធម៌១,១៦៩ គ្រួសារ និងប្រគល់ផ្ទះចំនួន១០០ខ្នង-អណ្តូងទឹក ១២៥ អណ្តូង ជូនអតីតយុទ្ធជន និងនិវត្តជន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់ នៅព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៦។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញមានប្រសាសាន៍សំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនចំនួន ១,១៦៩ គ្រួសារថា គិតត្រឹមពេលនេះ គឺមានរយៈពេល ៥ ឆ្នាំ ៣ខែហើយ ដែលសម្តេចមិនបានចុះសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធជន និងនិវត្តជនដែលរស់នៅទីនេះ។ ពេលសម្តេចធ្វើដំណើរមកដល់ទីនេះ គឺសម្តេចមានចិត្តសប្បាយរីករាយណាស់ដែលបងប្អូនប្រជាពលរដ្ឋរស់នៅភូមិនេះ មិនទុកដីចោលឱ្យទំនេរ មើលទៅឃើញដំណាំដាំដុះសឹងគ្រប់ផ្ទះមានពណ៍បៃតងស្រស់ស្អាត។

ឆ្លៀតក្នុងឱកាសនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានមានប្រសាសន៍កោតសរសើរដល់លោក គន់គីម និងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន និងនិវត្តជន និងឯកឧត្តម ខូយ រីដា អភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្ត-ក្រសួង-មន្ទីរពាក់ព័ន្ធ និងសប្បុរសជននានាដែលបានចូលរួមសហការអភិវឌ្ឍន៍កែប្រែតំបន់នេះឱ្យមានរចនាសម្ព័ន្ធរស់នៅល្អ មានផ្ទះ សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ប្រព័ន្ធទឹក ភ្លើង ដែលពិតជាបានបង្កបរិយាកាសអំណោយផលដល់ការរស់នៅប្រចាំថ្ងៃរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន កាន់តែល្អប្រសើរ។

ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ក៏បានមានប្រសាសន៍ថ្លែងអំណរគុណដល់ឯកឧត្តម អ្នកឧកញ៉ា ម៉ម វណ្ណឌី ដែលជានិច្ចជាកាលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យអតីតយុទ្ធជន និងនិវត្តជន និងជាពិសេសបានជួយកសាងទាំងហេដ្ឋារចនាសម្ព័ន្ធសម្រាប់សមាគម ព្រមទាំងចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មផ្សាភ្ជាប់និងអតីតយុទ្ធជន តាមរយៈគម្រោងចិញ្ចឹមគោ ចិញ្ចឹមជ្រូក និងដាំស្មៅ ដែលជាមុខរបរបន្ថែមសម្រាប់បងប្អូនអតីតយុទ្ធជន និងនិវត្តជនក្នុងភូមិចូលរួមចិញ្ចឹម និងដាំដុះ ដើម្បីបង្កើនប្រាក់ចំណូលធ្វើឱ្យសេដ្ឋកិច្ចពួកគាត់មានជីវភាពកាន់តែប្រសើរឡើង។

ក្នុងឱកាសនោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានណែនាំដល់ថ្នាក់ដឹកនាំសមាគម ព្រមទាំងរដ្ឋបាលខេត្ត ត្រូវធ្វើការពិនិត្យ និងដោះស្រាយបញ្ហាខ្វះអណ្តូងទឹក និងបញ្ហាប្រឈមនានា សម្រាប់គ្រួសារអតីតយុទ្ធជន និងនិវត្តជនមួយចំនួនដែលនៅសេសសល់ ជាពិសេសបងប្អូនយុទ្ធជនពិការ ដែលមិនទាន់ដោះស្រាយ ដើម្បីផ្តល់ភាពងាយស្រួលដល់ការរស់នៅរបស់ពួកគាត់។
បន្ទាប់ពីមានប្រសាសន៍សំណេះសំណាលរួច សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចែកអំណោយជូនអតីតយុទ្ធជន និងនិវត្តជនចំនួន ១,១៦៩គ្រួសារ និងអញ្ជើញកាត់ខ្សែបូរសម្ពោធ ប្រគល់-ទទួលផ្ទះថ្មីចំនួន ១០០ខ្នង និងអណ្តូងទឹកចំនួន ១២៥ អណ្តូង និងបន្តចុះសំណេះសំណាលផ្ទាល់ជាមួយគ្រួសារអតីតយុទ្ធជន និងនិវត្តជនគំរូ ដែលបានរៀបចំផ្ទះ និងដាំដុះដំណាំហូបផ្លែ ចិញ្ចឹមសត្វ ទទួលបានទិន្នផលល្អប្រសើរ នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹងផងដែរ។
យោងតាមរបាយការណ៍ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ត្រូវបានរៀបចំបង្កើតឡើងកាលពីឆ្នាំ ២០២០ ក្រោមគំនិតផ្ដួចផ្ដើម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងឈ្លាសវៃរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងចាប់ផ្តើមឈូសឆាយដីរៀបចំបង្កើតឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២១។ ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង គឺជាភូមិថ្មីមួយដែលបំបែកចេញពីភូមិសាយ នៃឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នឹងត្រូវបានក្រសួងមហាផ្ទៃប្រកាសទទួលស្គាល់ជាផ្លូវការកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ និងសម្ពោធជាផ្លូវការក្រោមអធីបតីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។

ជាមួយគ្នានេះដែរ លោកកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជានិច្ចជាកាលតែងបានយកចិត្តទុកដាក់ខ្ពស់ ដោយចុះពិនិត្យ តាមដានជាប់ជាប្រចាំចំពោះការរស់នៅរបស់បងប្អូន និងតែងតែចូលរួមស្វែងរកដំណោះស្រាយភ្លាមៗ ចំពោះបញ្ហាប្រឈមជូនពួកគាត់ ដែលជារួមគឺបានដើរតួនាទីប្រៀបដូចជាអាណាព្យាបាលមើលការខុសត្រូវសព្វបែបយ៉ាង ជំនួសមុខឱ្យសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលសម្ដេចតែងតែចាត់ទុកអតីតយុទ្ធជន និងនិវត្តជន អ្នកដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ មាតុភូមិ។

គួរជម្រាបជូនថា បច្ចុប្បន្នភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង មានការវិវត្តគួរកត់សម្គាល់ ហេដ្ឋារចនាសម្ព័ន្ធដែលជាតម្រូវការចាំបាច់ប្រើប្រាស់នៅក្នុងភូមិត្រូវបានកសាងរួចរាល់ទាំងអស់ រួមមាន៖ ផ្លូវថ្នល់ខ្វែងខ្វាត់ សាលារៀន មណ្ឌលសុខភាព វត្តអារាម អណ្ដូងទឹក ការតបណ្ដាញអគ្គិសនីដាក់ប្រព័ន្ធសូឡា ទំនប់ស្ទាក់ទឹក និងទំបន់បង្ហៀរទឹក ដែលជាប្រព័ន្ធធារាសាស្រ្តដ៏សំខាន់សម្រាប់ការធ្វើកសិកម្មដាំដុះបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពគ្រួសារ៕

















-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


