ព័ត៌មានជាតិ
សម្ដេច ប៊ុន រ៉ានី ទូរសព្ទទៅម្ដាយយោធិនម្នាក់ដែលថៃចាប់ឃុំខ្លួន និងប្រាប់កុំឱ្យបារម្ភខ្លាំង ព្រោះរដ្ឋបានធ្វើការជាមួយអន្តរជាតិឱ្យថៃដោះលែងបន្ទាន់
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូរសព្ទទៅសួរសុខទុក្ខម្ដាយយោធិនម្នាក់ ក្នុងចំណោមយោធិនទាំង១៨ ដែលថៃកំពុងឃុំខ្លួនរយៈពេលជាង២សប្ដាហ៍មកហើយ និងបានស្នើសុំម្ដាយរបស់យោធិនកុំឱ្យព្រួយបារម្ភខ្លាំង ព្រោះរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ ធ្វើការជាមួយអន្តរជាតិទាមទារឱ្យថៃដោះលែងយោធិនទាំង១៨រូបមកវិញឱ្យបានឆាប់។ វីដេអូដែលសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទូរសព្ទទៅម្ដាយយោធិនម្នាក់ ក្នុងចំណោមយោធិនដែលថៃកំពុងឃុំខ្លួន ត្រូវបានផ្សព្វផ្សាយដោយអភិបាលខេត្តឧត្ដរមានជ័យ លោក មាន ចាន់យ៉ាដា នារសៀលថ្ងៃទី១៤ ខែសីហា នេះ។

ក្នុងពេលទូរសព្ទ ទៅកាន់ម្ដាយយោធិនម្នាក់ ក្នុងចំណោមយោធិនដែលថៃកំពុងឃុំខ្លួន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានប្រសាសន៍ប្រាប់ម្ដាយយោធិនដូច្នេះ៖«កុំបារម្ភអីទាំងអស់! រដ្ឋាភិបាលមិនមែនព្រងើយកន្តើយទេ រដ្ឋាភិបាលប្រឹងប្រែងធ្វើការជាមួយអន្តរជាតិផង អាស៊ានផង ដើម្បីឱ្យថៃដោះលែងមកវិញ មិនបាច់មានការព្រួយបារម្ភអីទេ។»។

សូមរម្លឹកថា នៅវេលាម៉ោង០៧៖៥០នាទីព្រឹកថ្ងៃទី២៩ ខែកក្កដា ទាហានថៃបានប្រើល្បិចបក់ដៃហៅទាហានកម្ពុជាទៅចាប់ដៃ និងថតរូបជាមួយគ្នា ក៏ប៉ុន្តែនៅពេលដែលទាហានកម្ពុជាចូលទៅ ថៃបានយកកាំភ្លើងភ្ជង់ពីក្រោយ និងឃាត់ខ្លួនទាហានកម្ពុជាជាង២០រូបទៅដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូលជាធរមាន។ ចាប់តាំងពីចាប់ខ្លួនយោធិនកម្ពុជាដោយខុសច្បាប់ ថៃ បានបញ្ជូនយោធិនកម្ពុជាមកវិញត្រឹមតែ៣រូបប៉ុណ្ណោះ ក្នុងនោះ១រូបជាសាកសព ចំណែក២រូបទៀត បញ្ជូនមកវិញក្នុងសភាពពិការដើរមិនរួច មានបញ្ហារបួសធ្ងន់ធ្ងរ និងម្នាក់ទៀតបាត់បង់ស្មារតី។

គិតត្រឹមថ្ងៃទី១៤ ខែសីហា នេះ គឺមានរយៈពេល១៦ថ្ងៃហើយ ដែលថៃ ចាប់ឃុំខ្លួនយោធិនកម្ពុជា ដោយខុសច្បាប់មនុស្សធម៌អន្តរជាតិ។ រដ្ឋាភិបាលកម្ពុជាចាត់ទុកសុខទុក្ខរបស់យោធិនកម្ពុជា គឺជាអាទិភាពចម្បងបំផុត និងបានបញញ្ជាក់ថា មិនបានបំភ្លេចចោលយោធិនណាម្នាក់សូម្បីមួយវិនាទីណាឡើយ។ កម្ពុជា បានប្រឹងប្រែងចរចា និងធ្វើការជាមួយស្ថាប័នជាច្រើនទាំងនៅថៃផ្ទាល់ផង ជាមួយប្រធានអាស៊ាន និងនៅកម្រិតអាស៊ានផង អង្គការសហប្រជាជាតិផង និងជាពិសេសបានធ្វើការជាមួយកាកបាទក្រហមអន្តរជាតិ។

នៅចំពោះមុខស្ថានការណ៍ដ៏តានតឹង និងអាក្រក់ ដែលថៃមិនទាន់ដោះលែងយោធិនមកវិញ ក៏ដូចជាបង្ហាញពីលក្ខខណ្ឌជាថ្នូរនឹងការដោះលែង, កម្ពុជា បានបន្តអំពាវនាវដោយទទូច ឱ្យថៃ បំពេញកាតព្វកិច្ចរបស់ខ្លួន គឺដោះលែងយោធិនកម្ពុជាទាំង១៨រូបមកវិញជាបន្ទាន់ ស្របតាមច្បាប់អន្តរជាតិ និងការអំពាវនាវរបស់ប្រទេសជាដៃគូរ និងស្ថាប័នអន្តរជាតិជាច្រើន។ កម្ពុជា អះអាងថា នឹងនៅតែអំពាវនាវម្ដងហើយម្ដងទៀត លុះត្រាតែថៃបំពេញកាតព្វកិច្ចស្របតាមច្បាប់អន្តរជាតិ បញ្ជូនយោធិនមកវិញ៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


