ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា និង អង្គការគាំពារសត្វព្រៃកម្ពុជា លែងសត្វប្រមា ២ ក្បាល ទៅក្នុងព្រៃតំបន់អង្គរ
កាលពីរសៀលថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៦ អង្គការគាំពារសត្វព្រៃកម្ពុជា (CWC) បាននាំយកសត្វប្រមាចំនួន ២ ក្បាល មកប្រគល់ជូន អាជ្ញាធរជាតិអប្សរា ដើម្បីផ្សាំងទុកមួយរយៈ មុននឹង លែង ឲ្យរស់នៅតាមធម្មជាតិទៅក្នុងព្រៃតំបន់អង្គរ។


លោក ទ្រី ស៊ីថេង ប្រធានអង្គការគាំពារសត្វព្រៃកម្ពុជា (CWC) បានឲ្យដឹងថា សត្វប្រមាទាំង ២ ក្បាល នេះ គឺលោកបានទទួលពីមេបញ្ជាការយោធាមួយរូប នៅតំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ។ លោកបញ្ជាក់ថា ជាយូរមកហើយ មេបញ្ជាការទាហានម្នាក់ បានចិញ្ចឹមសត្វប្រមា សរុបចំនួន ៣ ក្បាល ក៏ប៉ុន្តែ ប្រមាមួយក្នុងចំណោមនោះ បានចាស់ ហើយងាប់។ បន្ទាប់មក ក៏មានសង្គ្រាមនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ កើតឡើង ដោយសារតែមេបញ្ជាការរូបនោះ រវល់រឿងការពារព្រំដែនខ្មែរ ហើយម្យ៉ាងទៀតគាត់ចង់ឲ្យសត្វប្រមាដែលគាត់ចិញ្ចឹមទាំងពីរមានសុវត្ថិភាពផង ក៏ប្រគល់វាមកឲ្យអង្គការគាំពារសត្វព្រៃកម្ពុជាយកមកថែរក្សាតែម្ដង។

លោក ទ្រី ស៊ីថេង បញ្ជាក់ទៀតថា មូលហេតុដែលលោកសម្រេចចិត្តយកសត្វប្រមាទាំង ២ ក្បាល មកថែរក្សានៅតំបន់អង្គរ ដោយសារតែលោកចង់ឲ្យភ្ញៀវទេសចរជាតិ និង អន្តរជាតិ នៅពេលមកទស្សនាអង្គរ គឺមិនត្រឹមតែឃើញប្រាសាទបុរាណតែប៉ុណ្ណោះទេ គឺចង់ឲ្យភ្ញៀវទេសចរបានឃើញទាំងសម្បត្តិធម្មជាតិ និង សត្វព្រៃផងដែរ។

លោក Nick Marx អ្នកជំនាញរបស់អង្គការគាំពារសត្វព្រៃកម្ពុជា (CWC) និងជាទីប្រឹក្សាផ្នែកជីវចម្រុះរបស់អាជ្ញាធរជាតិអប្សរា បានឲ្យដឹងដែរថា សត្វប្រមា ២ ក្បាល ដែលយកមកប្រគល់ជូនអាជ្ញាធរជាតិអប្សរា ពេលនេះ មិនទាន់លែង ឲ្យរស់នៅក្នុងព្រៃធម្មជាតិភ្លាមៗ បានទេ។ អ្នកជំនាញ ត្រូវផ្សាំងសត្វទាំង ២ ឲ្យស៊ាំនឹងបរិស្ថានជាមុនសិន មុនពេលលែងសត្វទាំងពីរ ឲ្យទៅរស់នៅក្នុងព្រៃធម្មជាតិដោយខ្លួនឯង។

លោក Nick Marx បញ្ជាក់ទៀតថា នេះជាលើកទី ១ ហើយ ដែលអង្គការគាំពារសត្វព្រៃកម្ពុជា បានយកសត្វប្រមាមកប្រគល់ជូនអាជ្ញាធរជាតិអប្សរាឲ្យលែងក្នុងព្រៃអង្គរ។ អ្នកជំនាញសត្វព្រៃ រូបនេះ បានបញ្ជាក់ពីសារសំខាន់ នៃសត្វប្រមា ថា សត្វនេះ ក៏ដូចជាសត្វព្រៃដទៃទៀតដែរ គឺមានតួនាទីជួយឲ្យប្រព័ន្ធជីវចម្រុះធម្មជាតិកាន់តែសម្បូរបែបឡើង តាមរយៈការស៊ីផ្លែ ហើយពាំគ្រាប់យកទៅតាមកន្លែងផ្សេងៗ ធ្វើឲ្យកូនឈើដុះលូតលាស់។

ចំណែកលោក ជូរ៉ា ឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និង ហេដ្ឋារចនាសម្ព័ន្ធ បានឲ្យដឹងថា នៅក្នុងព្រៃតំបន់អង្គរ ក៏មានសត្វប្រមាមួយចំនួនកំពុងរស់នៅដែរ។ ការលែងសត្វប្រមា ២ ក្បាល ដែលបានពីតំបន់ផ្សេង ឲ្យរស់នៅក្នុងតំបន់អង្គរ គឺពិតជាធ្វើឲ្យចំនួនសត្វប្រមានៅក្នុងព្រៃអង្គរ មានចំនួនកើនឡើងបន្ថែមទៀត។

លោក ជូរ៉ា ឌីណា រំពឹងថា សត្វប្រមាចំនួន ២ ក្បាល ដែលលែងនៅក្នុងព្រៃអង្គរ ពេលនេះ អាចនឹងមានសម្ព័ន្ធភាពជាមួយនឹងសត្វដែលរស់នៅក្នុងព្រៃអង្គរជាយូរមកហើយ ព្រមទាំងពួកគេអាចនឹងបង្កើតកូនចៅបានកាន់តែច្រើននៅពេលខាងមុខថែមទៀត។
ចាប់តាំងពីឆ្នាំ ២០១៣ គម្រោងលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និង អង្គការ Wildlife Alliance ទទួលបានជោគជ័យក្នុងការលែងសត្វព្រៃជាច្រើនប្រភេទចូលក្នុងព្រៃធម្មជាតិ នៃឧទ្យានអង្គរមានដូចជា ៖ សត្វទោចមកុដ (Pileated Gibbon) ចំនួន ១៧ ក្បាល (កើតកូនបានចំនួន ៩ ក្បាល) ,
សត្វឈ្លូស (Red Muntjac) ចំនួន ៧ ក្បាល , សត្វស្វាព្រាហ្មណ៍ ឬ ស្វាព្រាម (Silvered Langurs) ចំនួន ១២ ក្បាល (កើតកូនបាន ១៨ ក្បាល) , សត្វសំពោចក្រអូប (Common palm Civets) ចំនួន ៧ ក្បាល , សត្វភេខ្លួនរលោង (Smooth-coated Otter) ចំនួន ១៥ ក្បាល (កើតកូនបានចំនួន ១២ ក្បាល) , សត្វឆ្មាដាវ (Leopard Cat) ចំនួន ៣ ក្បាល , សត្វកេងកងតូច (Oriental Pied Hornbill) ចំនួន ៩ ក្បាល , សត្វកេងកងធំ (Great Hornbill) ចំនួន ៦ ក្បាល , សត្វភូវាំង (Wreathed Hornbill) ចំនួន ៧ ក្បាល , សត្វក្ងោក (Peafowl) ចំនួន ៩ ក្បាល , សត្វអន្សង (Common Water Monitor) ចំនួន ២ ក្បាល , សត្វពង្រូល (Sunda Pangolin) ចំនួន ២ ក្បាល , និង សត្វផ្សេងៗ មួយចំនួនទៀត ដែលមកដល់បច្ចុប្បន្នសត្វទាំងអស់នេះ នៅតែមានវត្តមាននៅទីនោះនៅឡើយ ក្រោមការយកចិត្តទុកដាក់តាមដាន និង ថែទាំជាប្រចាំពីក្រុមការងារ៕
អត្ថបទ ៖ គឿនវេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


