Connect with us

ព័ត៌មានជាតិ

កម្ពុជាគ្រោងលែងកូនក្ដាមសេះ៣លានក្បាលទៀតនៅតាមខេត្តជាប់មាត់សមុទ្រ ដើម្បីបង្កើនចំនួនក្ដាមស្របពេលតម្រូវការទីផ្សារកើនឡើង

បានផុស

នៅ

អង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO)  តាមរយៈគម្រោង ការបន្ស៊ាំនិងភាពធន់នឹងអាកាសធាតុនៃសហគមន៍ពឹងអាស្រ័យលើធនធានជលផលនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា (CamAdapt)  មានគម្រោងលែងកូនក្ដាមសេះ៣លានក្បាលបន្ថែមទៀតចូលទៅក្នុងដែនសមុទ្រនៅតាមបណ្ដាខេត្តជាប់មាត់សមុទ្ររបស់កម្ពុជា នៅពេលគម្រោង (CamAdapt) ជិតបញ្ចប់។ នេះបើតាមការថ្លែងរបស់តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) លោកស្រី Rebekah Bell  កាលពីថ្ងៃទី១៥ ខែមិថុនា ក្នុងពិធីលែងកូនក្ដាមសេះចំនួន៨៥ម៉ឺនក្បាលចូលសហគមន៍ចំនួន៥នៅខេត្តកំពត។

រូបថតដោយ៖ FAO
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Rebekah Bell  គូសបញ្ជាក់ថា៖«នៅពេលគម្រោងជិតបញ្ចប់នឹងមានការលែងកូនក្តាមសេះចំនួន៣,០០០,០០០ក្បាល បន្ថែមទៀតនៅតាមបណ្តាខេត្តទាំងបួនរបស់គម្រោងរួមមាន ខេត្តកែប កំពត កោះកុង និងព្រះសីហនុ។ នេះគឺជាការរួមចំណែកជួយជំរុញវិស័យជលផលឱ្យកាន់តែមានភាពប្រសើរ ក៏ដូចជាលើកកម្ពស់ជីវភាព និងបង្កើនភាពធន់ ដល់សហគមន៍តំបន់ឆ្នេរ។ »។

រូបថតដោយ៖ FAO

ក្ដាមសេះ គឺជាធនធានជលផលសមុទ្រដ៏មានតម្លៃសម្រាប់កម្ពុជា និងជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាសហគមន៍នៅតាមតំបន់ឆ្នេរ។  តាមការស្រាវជ្រាវ ក្ដាមសេះញីមួយក្បាលអាចបង្កកំណើតពងបានរហូតដល់ជាង២លានក្បាល ដែលនេះវាសបញ្ជាក់អំពីសារៈសំខាន់នៃការរួមចំណែកការពារ និងស្ដារឡើងវិញនូវចំនួនក្ដាមសម្រាប់ទៅពេលអនាគត។

រូបថតដោយ៖ FAO

ការលែងកូនក្ដាម គឺស្ថិតក្រោមគម្រោងការបន្ស៊ាំនិងភាពធន់នឹងអាកាសធាតុនៃសហគមន៍ពឹងអាស្រ័យលើធនធានជលផលនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា (CamAdapt)។ គម្រោង CamAdapt ទទួលបានជំនួយហិរញ្ញប្បទានពីមូលនិធិបរិស្ថានសកល អង្គការ FAO បានបំពេញការងារយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ដៃគូផ្សេងៗ ក៏ដូចជាសហគមន៍នេសាទនានាក្នុងគោលដៅលើកកម្ពស់ភាពធន់នឹងការប្រែប្រួលអាកាសធាតុសម្រាប់ប្រជាជន ប្រមាណ១០០,០០០នាក់ ព្រមទាំងជួយរួមចំណែកគាំទ្រដល់ការការពារប្រព័ន្ធអេកូឡូស៊ីលើផ្ទៃដីប្រមាណ ៨២,០០០ហិកតាសម្រាប់ខេត្តនៅជាប់តំបន់ឆ្នេរ។

រូបថតដោយ៖ FAO

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  ចាត់ទុកការលែងកូនក្តាមចូលក្នុងសមុទ្រ ជាព្រឹត្តិការណ៍ដែលមានសារៈសំខាន់ ស្តែងចេញពីការរួមគិត រួមធ្វើ រវាងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ គឺអង្គការ FAO តាមរយៈគម្រោង ការបន្ស៊ាំនិងភាពធន់នឹងអាកាសធាតុនៃសហគមន៍ពឹងអាស្រ័យលើធនធានជលផលនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា (CamAdapt) មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ (MARDec) និងសហគមន៍មូលដ្ឋាន ដែលមានបំណងគាំទ្រដល់ការស្តារឡើងវិញនូវធនធានក្តាមសេះនៅក្នុងធម្មជាតិ ស្របពេលតម្រូវការទីផ្សារកើនឡើង និងដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍នេសាទតំបន់ឆ្នេរ ឱ្យកាន់តែមានភាពធន់ ស្ថិរភាព និងនិរន្តរភាពសេដ្ឋកិច្ចគ្រួសារ៕

ដោយ៖ ង៉ិល ណារ៉ាត់

រូបថតដោយ៖ FAO
រូបថតដោយ៖ FAO



Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម