ព័ត៌មានជាតិ
ពីក្តីស្រមៃកាលរៀនវិទ្យាល័យ ដល់បានអាហារូបករណ៍ទៅអាមេរិក សុផានិត ប្តេជ្ញានឹងមកវិញដើម្បីរួមចំណែកក្នុងវិស័យសុខាភិបាលកម្ពុជា
ពីក្តីស្រមៃតូចមួយកាលនៅរៀនថ្នាក់វិទ្យាល័យ រហូតក្លាយជាការពិតក្នុងថ្ងៃនេះ កញ្ញា ម៉ាប់ សុផានិត (អ្នកខេត្តឧត្តរមានជ័យ) បានក្លាយជានិស្សិតកម្ពុជាម្នាក់ ក្នុងចំណោមនិស្សិតឆ្នើម ៦រូប ដែលទទួលបានអាហារូបករណ៍ Fulbright ដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត នៅសហរដ្ឋអាមេរិក។

ផ្តល់បទសម្ភាសជាមួយ កម្ពុជាថ្មី សុផានិត បានរៀបរាប់ពីឆន្ទៈនៃការសិក្សារបស់ខ្លួន រហូតសម្រេចក្តីស្រមៃទៅសិក្សា ថ្នាក់អនុបណ្ឌិតលើជំនាញ សុខភាពសាធារណៈ ឯកទេស អេពីដេមីសាស្ត្រ (Epidemiology) រយៈពេល ២ឆ្នាំ នៅអាមេរិក។ ក្នុងដំណើរឆ្ពោះទៅកាន់សិក្សានៅក្រៅប្រទេសនេះដែរ គឺមានបំណងនាំយកចំណេះដឹង និងបទពិសោធពីប្រព័ន្ធសុខាភិបាលអាមេរិក មកចូលរួមអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។
សុផានិត បញ្ជាក់ថា ការដែលខ្លួនជ្រើសសិក្សាជំនាញសុខភាពសាធារណៈ មិនមែនជាការសម្រេចចិត្តដោយចៃដន្យឡើយ ប៉ុន្តែជាការបន្តពីមូលដ្ឋានសិក្សា និងការងារបច្ចុប្បន្នរបស់ខ្លួនក្នុងវិស័យសុខាភិបាល។ ដូចនេះ ការជ្រើសយកជំនាញនេះ នឹងធ្វើឱ្យខ្លួនបានរៀនសូត្រ ក៏ដូចជាយល់ដឹងបន្ថែមទៀតអំពីបញ្ហាផ្សេងៗនៅក្នុងវិស័យសុខភាពសាធារណៈ កាន់តែទូលំទូលាយ។ ម៉្យាងវិញទៀត កញ្ញាមើលឃើញថា វិស័យសុខភាពសាធារណៈ ក៏ជាវិស័យចាំបាច់មួយ ដែលអាចឱ្យចូលរួមចំណែកអភិវឌ្ឍប្រព័ន្ធសុខាភិបាលនៅកម្ពុជាឱ្យកាន់តែល្អប្រសើរផងដែរ។

– ដំណើរពីខេត្តបន្ទាយមានជ័យ មកកាន់ឱកាសសិក្សានៅអាមេរិក មិនមែនងាយស្រួលទេ។ តើអ្វីជាកម្លាំងចិត្តដែលជួយឱ្យ សុផានិត បន្តដើរទៅមុខជានិច្ច?
សុផានិត រំលឹកថា ក្តីស្រមៃចង់ទៅសិក្សានៅក្រៅប្រទេសនេះ គឺចាប់ផ្តើមតាំងពីរៀនវិទ្យាល័យមកម្ល៉េះ ពោល គឺបន្ទាប់ពីបានឃើញមិត្តភក្តិម្នាក់ដែលរៀនជាមួយគ្នានៅខេត្តបន្ទាយជ័យ ទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ប៉ុន្តែពេលនោះ ខ្លួនមិនទាន់មានសមត្ថភាពភាសាអង់គ្លេសគ្រប់គ្រាន់ទេ។ ក្រោយមក លុះបានបន្តការសិក្សាថ្នាក់មហាវិទ្យាល័យនៅរាជធានីភ្នំពេញ ទើបមានឱកាសអភិវឌ្ឍភាសាអង់គ្លេស និងជំនាញផ្សេងៗជាបន្តបន្ទាប់។ កញ្ញាថា “បើទោះបីជាកន្លងទៅយូរប៉ុណ្ណា ក៏ខ្ញុំមិនដែលបោះបង់ក្តីស្រមៃដែរ” ។
– ដើម្បីទទួលបានឱកាសសិក្សានៅអាមេរិក តើត្រូវត្រៀមខ្លួនបែបណាខ្លះ?
ដោយឡែក ទាក់ទងនឹងការដាក់ពាក្យអាហារូបករណ៍វិញ សុផានីត បានចែករំលែក ៤ចំណុច ៖
ទី១ ស្វែងរកព័ត៌មានទាក់ទងនឹងអាហាររូបករណ៍ឱ្យច្បាស់ ពីតម្រូវការ ពិសេសត្រៀមឯកសារឱ្យបានគ្រប់គ្រាន់ ដោយអាចស្វេងរកដោយខ្លួនឯងបានតាមបណ្តាញសង្គមនានា លើប្រព័ន្ធអុីនធើណិត ។ ចំណែកឯការប្រលងនេះ ក៏មិនមានការប្រលងដែរ គឺគ្រាន់តែរៀបចំឯកសារ បំពេញពាក្យឱ្យបានគ្រប់ជ្រុងជ្រោយ គឺអាចដាក់ពាក្យបានហើយ។
ទី២ ការត្រៀមខ្លួន ៖ សុផានិត បានចំណាយពេលប្រមាណ ៤ខែ ដើម្បីត្រៀមការដាក់ពាក្យអាហារូបករណ៍ ដោយផ្តោតលើការរៀបចំឯកសារ និងសំណេរជាភាសាអង់គ្លេស ឱ្យឆ្លើយតបនឹងលក្ខខណ្ឌរបស់កម្មវិធី ដើម្បីបង្ហាញពីសមត្ថភាព គោលបំណង និងចក្ខុវិស័យរបស់ខ្លួន ក្នុងន័យទាក់ទាញគណៈកម្មការ រហូតផ្តល់ឱកាសឈានដល់វគ្គសម្ភាស។ ពិសេសក៏គួរត្រៀមខ្លួនឱ្យបានល្អសម្រាប់វគ្គសម្ភាស ដោយផ្តោតលើសំណួរពាក់ព័ន្ធនឹងជំនាញដែលចង់សិក្សា បទពិសោធការងារ ភាពជាអ្នកដឹកនាំ ការធ្វើការងារជាក្រុម និងសមត្ថភាពដោះស្រាយបញ្ហា ព្រោះសំណួរទាំងនេះជាចំណុចដែលគណៈកម្មការតែងតែលើកយកមកវាយតម្លៃ។
ពាក់ព័ន្ធនឹងការសម្ភាសនេះដែរ សុផានិត គូសបញ្ជាក់ទៀតថា ប្រសិនបើដល់វគ្គសម្ភាសហើយ ប៉ុន្តែពិន្ទុភាសាអង់គ្លេសមិនទាន់គ្រប់តាមលក្ខខណ្ឌ កម្មវិធីនៅតែផ្តល់ឱកាសឱ្យប្រលងបន្ថែម។ ជាក់ស្តែង កញ្ញាផ្ទាល់ បានប្រលងភាសាអង់គ្លេសរហូតដល់ទៅ ៣លើក ទើបទទួលបានពិន្ទុតាមតម្រូវការរបស់អាហារូបករណ៍។ ក្នុងន័យនេះ កញ្ញាលើកទឹកចិត្តឱ្យយុវជនគ្រប់រូប កុំរង់ចាំឱ្យពិន្ទុភាសាអង់គ្លេសល្អឥតខ្ចោះ ទើបចាប់ផ្តើមដាក់ពាក្យ។

– អ្វីជាចំណុចសំខាន់ ដែល សុផានិត ចង់រៀនពីប្រព័ន្ធសុខាភិបាលនៅអាមេរិក?
សុផានីត បានឱ្យដឹងថា គោលបំណងសំខាន់នៃការទៅសិក្សានៅសហរដ្ឋអាមេរិក គឺចង់សិក្សាពីចំណុចខ្លាំងរបស់ប្រព័ន្ធសុខាភិបាលនៅទីនោះ ខណៈក៏រំពឹងថា នឹងអាចនាំយកចំណេះដឹង និងបទពិសោធទាំងនោះ មកកែសម្រួល និងអនុវត្តឱ្យសមស្របនឹងបរិបទរបស់កម្ពុជា ដើម្បីរួមចំណែកក្នុងប្រព័ន្ធសុខាភិបាលជាតិកាន់តែប្រសើរ។
និស្សិតស្រីរូបនេះ បន្ថែមដែរថា ក្រោយបញ្ចប់ការសិក្សានៅអាមេរិក ខ្លួនក៏មានគោលបំណងចង់មកបម្រើការនៅក្រសួងសុខាភិបាល ដោយយោងលើបទពិសោធធ្វើការក្នុងវិស័យនេះ។ ម៉្យាងក៏សង្កតឃើញថា រដ្ឋាភិបាលមានការយកចិត្តទុកដាក់ ហើយនិងព្យាយាមផ្លាស់ប្តូរប្រព័ន្ធសុខាភិបាលកម្ពុជាឱ្យកាន់តែល្អប្រសើរជាងមុន។ ដូច្នេះហើយ កញ្ញាគិតថា បើសិនជាបានចូលបម្រើការក្នុងប្រព័ន្ធសុខាភិបាល នោះនឹងមានឱកាសច្រើន ដើម្បីចូលរួមចំណែកការងារ និងរួមចំណែកលើកកម្ពស់វិស័យសុខាភិបាលកាន់តែល្អប្រសើរ។
សុផានិត សង្ឃឹមដែរថា បទពិសោធរបស់ខ្លួនអាចជាកម្លាំងជំរុញទឹកចិត្តដល់អ្នកដទៃទៀត ឱ្យចង់ទៅសិក្សានៅក្រៅប្រទេស ដូចអ្វីដែលខ្លួនបានទទួលពីមិត្តភក្តិកាលនៅរៀនវិទ្យាល័យដូច្នេះដែរ។ កញ្ញាជឿជាក់ថា “មិនថាក្នុងកាលៈទេសៈណាទេ ឬមួយក៏អ្នកទាំងអស់គ្នាមកពីកន្លែងណាក៏ដោយ ឱ្យតែអ្នកទាំងអស់គ្នាតាំងចិត្តមិនបោះបង់ ឱកាសអ្នកទាំងអស់គ្នានឹងមកដល់” ៕
ផ្តល់សម្ភាសជាមួយ ៖ អុន ស្រីមាន | អត្ថបទដោយ៖ សុធាវី

-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ២២ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


