ព័ត៌មានជាតិ
អាជីវករជួលឈុតបុរាណនៅអង្គរ ត្រូវគោរពក្បួនខ្នាតខ្មែរ និងបញ្ឈប់ប្រើកំណាត់ពីថៃត្រឹមឆ្នាំ២០២៧
មន្ត្រីអាជ្ញាធរអប្សរា បានចុះណែនាំអាជីវករផ្តល់សេវាជួលឈុតបុរាណនៅតំបន់អង្គរ ឱ្យគោរពក្បួនខ្នាតខ្មែរឱ្យបានត្រឹមត្រូវ និងបញ្ឈប់ការប្រើប្រាស់កំណាត់នាំចូលពីប្រទេសថៃត្រឹមឆ្នាំ២០២៧ បន្ទាប់ពីរកឃើញថាមានឈុតបុរាណសម្រាប់ជួលខុសពីទម្រង់ដើមច្រើន។ ជាមួយគ្នានេះ អាជ្ញាធរបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៣ ខែកក្កដា តទៅ ភ្ញៀវដែលស្លៀកឈុតបុរាណខុសក្បួនខ្នាត នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលទស្សនារមណីយដ្ឋានអង្គរឡើយ។

មន្ត្រីអាជ្ញាធរជាតិអប្សរា សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប អាជ្ញាធរមូលដ្ឋាន និងប៉ូលិសការពារបេតិកភណ្ឌ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានចុះជួបសំណេះសំណាលជាមួយអាជីវករដែលបម្រើសេវាកម្មជួលសម្លៀកបំពាក់បែបខ្មែរបុរាណឱ្យភ្ញៀវទេសចរ ក្នុងតំបន់រមណីយដ្ឋានអង្គរ។
ការជួបសំណេះសំណាលនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់អាជីវករដែលផ្តល់សេវាជួល និងតុបតែងសម្លៀកបំពាក់បែបប្រពៃណីខ្មែរ ឱ្យយល់ច្បាស់ពីរចនាបថ និងក្បួនខ្នាតសម្លៀកបំពាក់បុរាណខ្មែរ ព្រមទាំងអាចបែងចែកបានរវាងសម្លៀកបំពាក់ដែលជាអត្តសញ្ញាណខ្មែរ និងសម្លៀកបំពាក់ដែលមានឥទ្ធិពលពីវប្បធម៌បរទេស។


លោក ចាន់ សោភ័ន មន្ត្រីការិយាល័យសូនរូប នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ដែលជំនាញលើសិល្បៈបុរាណខ្មែរ និងបានស្រាវជ្រាវលើផ្នែកសម្លៀកបំពាក់ខ្មែរអស់រយៈពេលជាច្រើនឆ្នាំ បានឱ្យដឹងថា បច្ចុប្បន្នឈុតបុរាណប្រមាណ ៧០% ដែលអាជីវករជួលឱ្យភ្ញៀវទេសចរនៅមុខប្រាសាទអង្គរវត្ត មានការកែច្នៃខុសពីទម្រង់ដើម។ ជាពិសេសការប្រើកំណាត់ និងគ្រឿងអលង្ការនាំចូលពីប្រទេសថៃ ដែលប្រាសចាកពីអត្តសញ្ញាណជាតិ និងវប្បធម៌របស់ខ្មែរទាំងស្រុង ដែលមិនខុសពីការបម្រើឱ្យវប្បធម៌បរទេសនោះឡើយ។
លោកពន្យល់ថា ការស្លៀកពាក់តាមបែបបុរាណខ្មែរ គឺត្រូវតែប្រើកំណាត់ និងគ្រឿងអលង្ការដែលជារបស់ខ្មែរ ដោយគោរពតាមក្បួនខ្នាត និងឋានៈសង្គមក្នុងសម័យបុរាណ ដោយមិនត្រូវកែច្នៃឱ្យខុសពីទម្រង់ដើមឡើយ។ សម្លៀកបំពាក់របស់ខ្មែរបុរាណមានការកំណត់យ៉ាងច្បាស់ទៅតាមឋានៈ ចាប់ពីព្រះមហាក្សត្រ រហូតដល់ប្រជារាស្ត្រសាមញ្ញ។ ឧទាហរណ៍៖
– សម្លៀកបំពាក់ហូលដែលធ្វើពីសូត្រ សម្រាប់ព្រះមហាក្សត្រ ម្ចាស់ក្សត្រី ។
– កំណាត់ល្បើក និងលើ្បកជ័រជើង សម្រាប់ឋានៈសេដ្ឋី គហបតី ។
– កំណាត់ដែលត្បាញពីកប្បាស សម្រាប់មនុស្សសាមញ្ញទូទៅជាដើម។

ទន្ទឹមនេះ លោក ចាន់ សោភ័ន បានជំរុញឱ្យអាជីវករទាំងអស់ ត្រូវតែកែប្រែបន្តិចម្តងៗដោយងាកមកប្រើ ហូល សូត្រ ល្បើកពេជ្រ ល្បើករងជើង និងគ្រឿងអលង្ការខ្មែរ ដើម្បីលើកតម្លៃស្នាដៃអ្នកតម្បាញ និងជាងទងក្នុងស្រុក ព្រមទាំងរួមចំណែកអភិរក្សវប្បធម៌ខ្មែរឱ្យគង់វង្ស។
ជាមួយគ្នានេះ លោក ទេស សុធីរ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា ថ្លែងថា ការជួលឈុតបុរាណមួយចំនួននៅតំបន់អង្គរ ដែលមិនស្របតាមទម្រង់ដើម បានរងការរិះគន់ជាបន្តបន្ទាប់ និងប៉ះពាល់ខ្លាំងដល់តម្លៃវប្បធម៌ខ្មែរ។ ដូច្នេះ អាជ្ញាធរជាតិអប្សរា និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានអំពាវនាវឱ្យក្រុមអាជីវករដែលបម្រើសេវាកម្មជួលសម្លៀកបំពាក់ ឬឈុតបុរាណ កាត់បន្ថយ និងឈានដល់ការបញ្ឈប់ការប្រើប្រាស់កំណាត់នាំចូលពីបរទេស ជាពិសេសកំណាត់តម្លៃថោកៗនាំចូលពីប្រទេសថៃ។
អាជ្ញាធរជាតិអប្សរា ក៏បានដាក់កំហិតថា ចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ តទៅ ចំពោះសម្លៀកបំពាក់បុរាណ ដែលច្នៃខុសពីទម្រង់ដើមនៃបែបផែនខ្មែរ គ្មានក្បួនខ្នាតត្រឹមត្រូវ ឬប្រាសចាកពីទម្រង់ដើម គឺមិនអនុញ្ញាតឱ្យចូលទៅទស្សនាអង្គរទៀតឡើយ។ ចំណែកសម្លៀកបំពាក់ ដែលប្រើប្រាស់កំណាត់មកពីថៃ គឺត្រូវបញ្ចប់ជាស្ថាពរ នៅត្រឹមខែមករា ឆ្នាំ២០២៧ ខាងមុខ៕
អត្ថបទ៖ឆាយ ផាន់នី
រូបភាព៖ ស៊ិន ប្រណី
























-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


