ព័ត៌មានជាតិ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់អនុសាសន៍ ៥ចំណុច ដើម្បីអភិរក្សអត្តសញ្ញាណមង្គលការខ្មែរ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦ បានលើកឡើងថា ការច្នៃប្រឌិតក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរ គួរធ្វើឡើងដោយឈរលើឫសគល់វប្បធម៌ មិនត្រូវបោះបង់អត្តសញ្ញាណ និងអត្ថន័យដើមនៃប្រពៃណីខ្មែរឡើយ។

លោកជំទាវបណ្ឌិត ក៏បានកោតសរសើរចំពោះការរៀបចំពិព័រណ៍ដ៏មានអត្ថន័យ និងកាន់តែធំពីមួយឆ្នាំទៅមួយឆ្នាំ ហើយក្លាយជាវេទិកាសំខាន់សម្រាប់ភ្ជាប់អ្នកផ្តល់សេវារៀបចំអាពាហ៍ពិពាហ៍ជាមួយអតិថិជន និងជួយលើកកម្ពស់ការយល់ដឹងអំពីគុណតម្លៃនៃមង្គលការខ្មែរ។ ជាពិសេស គឺការរួមចំណែកយ៉ាងសំខាន់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានផ្តល់ការណែនាំ គាំទ្រ និងបង្ហាញអំពីការវិវត្តនៃសម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរតាមសម័យកាល ស្របតាមខ្លឹមសារបច្ចេកទេសគុណតម្លៃប្រពៃណីខ្មែរ។
អាពាហ៍ពិពាហ៍ មិនមែនគ្រាន់តែជាពិធីអបអរសាទរនៃការរួមរស់រវាងកូនក្រមុំ និងកូនកំលោះប៉ុណ្ណោះទេ ប៉ុន្តែជាការចាប់ផ្តើមនៃការកសាងសុភមង្គលគ្រួសារថ្មីដោយក្តីស្រលាញ់ ភក្តីភាព ទំនួលខុសត្រូវ និងភាពសុខុដុមរមនា ព្រមទាំងជាពេលវេលារំលឹកដល់គុណបំណាច់មាតាបិតា និងដូនតាដែលបានបន្សល់ទុកនូវទំនៀមទម្លាប់ដ៏ល្អប្រពៃ។
ផ្សារភ្ជាប់ទៅនឹងទំនៀមទម្លាប់នេះដែរ លោកជំទាវបណ្ឌិត ក៏បានរំលឹកអំពីការតុបតែង និងការស្លៀកពាក់នៅក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរនាសម័យមុន ហើយធៀបនឹងសម័យបច្ចុប្បន្ននេះ គឺមានភាពខុសគ្នា ព្រោះការវិវត្តនៃសង្គមនាំឱ្យមានការច្នៃប្រឌិតច្រើន ប៉ុន្តែរាល់ការច្នៃប្រឌិត គឺត្រូវមានឫសគល់ រាល់ការធ្វើទំនើបកម្មមិនត្រូវភ្លេចអត្តសញ្ញាណដើមបានឡើយ ហើយការកែច្នៃគឺមិនគួរក្លាយជាការកែបោះចោលអត្ថន័យដើមទេ។


ដូចនេះ ដើម្បីឱ្យពិធីមង្គលការខ្មែរកាន់តែមានអត្ថន័យ និងរក្សាបាននូវអត្តសញ្ញាណប្រពៃណី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អនុសាសន៍ ៥ ចំណុច រួមមាន៖
១. ជំរុញឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ បន្តស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយចំណេះដឹងអំពីអាពាហ៍ពិពាហ៍ខ្មែរ ឱ្យកាន់តែទូលំទូលាយ ច្បាស់លាស់ និងងាយយល់ ជាពិសេសសម្រាប់យុវជន យុវនារី និងអ្នកផ្តល់សេវារៀបចំមង្គលការ។
២. អំពាវនាវដល់អ្នកប្រកបអាជីវកម្មពាក់ព័ន្ធនឹងមង្គលការទាំងអស់ បន្តការច្នៃប្រឌិតដោយគោរពទម្រង់ដើម និងរក្សាអត្តសញ្ញាណខ្មែរ ដោយមិនធ្វើឱ្យបាត់បង់អត្ថន័យដើមនៃប្រពៃណីខ្មែរ។
៣. លើកទឹកចិត្តឱ្យយុវជន យុវនារី និងគូស្រករថ្មី សិក្សាស្វែងយល់អំពីអត្ថន័យនៃពិធី និងកិច្ចសំខាន់ៗ មុននឹងរៀបចំពិធីមង្គលការ ក្នុងន័យដើម្បីឱ្យថ្ងៃមង្គលមានអត្ថន័យជ្រាលជ្រៅសម្រាប់ខ្លួន គ្រួសារ និងកូនចៅជំនាន់ក្រោយ។
៤. លើកទឹកចិត្តចំពោះការបន្តប្រើប្រាស់ផលិតផលខ្មែរ ផ្កាខ្មែរ ផ្លែឈើខ្មែរ សិប្បកម្មខ្មែរ និងស្នាដៃអ្នកជំនាញខ្មែរ ក្នុងការរៀបចំពិធីមង្គលការ។ ការធ្វើបែបនេះគឺមិនត្រឹមតែជួយលើកស្ទួយវប្បធម៌ខ្មែរនោះទេ ប៉ុន្តែក៏ជួយដល់សេដ្ឋកិច្ច ជួយដល់សហគ្រិនខ្មែរ សិប្បករខ្មែរ និងអ្នកប្រកបអាជីវកម្មតូច-មធ្យមផងដែរ។
៥. លើកទឹកចិត្តឱ្យក្រុមហ៊ុនរៀបចំពិព័រណ៍ និងបណ្តាដៃគូទាំងអស់ បន្តធ្វើឱ្យពិព័រណ៍នេះក្លាយជាវេទិកាមួយដែលមិនមែនត្រឹមជាការបង្ហាញផលិតផល និងសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែក្លាយទៅជាវេទិកាមួយសម្រាប់ការរៀនសូត្រ ការផ្សព្វផ្សាយ និងការបន្តរួបរួមគ្នាអភិរក្សដង្ហើមនៃប្រពៃណីពិព័រណ៍អាពាហ៍ពិពាហ៍ខ្មែរយើង។
សូមបញ្ជាក់ផងដែរថា នេះជាលើកទី៣ ហើយដែលពិព័រណ៍អាពាហ៍ពិពាហ៍ត្រូវបានរៀបចំធ្វើឡើង ក្នុងគោលបំណងអភិរក្ស ថែរក្សាវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ដូនតាខ្មែរ និងផ្សព្វផ្សាយវប្បធម៌ប្រពៃណីខ្មែរ ការរៀបអាពាហ៍ពិពាហ៍ខ្មែរទៅកាន់ឆាកអន្តរជាតិឱ្យស្គាល់អំពីអត្តសញ្ញាណ អរិយធម៌ លក្ខណៈ រចនាបថខ្មែរក្នុងបំណងការពារកុំឱ្យមានការភ័ន្តច្រឡំជាមួយនឹងប្រទេសដទៃផងដែរ។
ស្របទៅនឹងគោលនយោបាយប្រជាជនរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិព័រណ៍នេះក៏មានគោលបំណងលើកកម្ពស់តម្លៃគ្រួសារ លើកទឹកចិត្តដល់គូស្រករថ្មីបង្កើតគ្រួសារស្របតាមច្បាប់ទម្លាប់ប្រពៃណីខ្មែរ ការបន្តពូជពង្សវង្សត្រកូលខ្មែរ ដើម្បីរក្សាតុល្យភាពរវាងរចនាសម្ព័ន្ធប្រជាជន និងធានាធនធានមនុស្សកម្ពុជាឱ្យសម្បូរបែបក្នុងនាមជាកម្លាំងចលករអភិវឌ្ឍជាតិ៕













































-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១


