ព័ត៌មានជាតិ
គ្រាន់តែស្រុកបន្ទាយអំពិលនៅឧត្ដរមានជ័យ សង្គ្រាមថៃឈ្លានពាន បន្សល់គ្រាប់មិនទាន់ផ្ទុះយ៉ាងហោច៧ពាន់គ្រាប់
អភិបាលរងស្រុកបន្ទាយអំពិល លោក ខេន ដឿម ឱ្យដឹងថា សង្គ្រាមដែលថៃឈ្លានពានកម្ពុជាកាលពីឆ្នាំ២០២៥ កន្លងទៅនេះ បានបន្សល់នូវគ្រាប់មិនទាន់ផ្ទុះ យ៉ាងហោច៧ពាន់គ្រាប់ ក្នុងនោះមានទាំងគ្រប់បែកចង្កោម គ្រាប់កាំភ្លើងធំរាយប៉ាយលើទឹកដីស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ គំរាមកំណែងសុវត្ថិភាពដល់ប្រជាពលរដ្ឋ ជាពិសេសប៉ះពាល់ដល់ការធ្វើកសិកម្ម ស្របពេលពលរដ្ឋប្រមាណ៩០ភាគរយប្រកបមុខរបរធ្វើស្រែចម្ការ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន អភិបាលរងស្រុកបន្ទាយអំពិល គូសបញ្ចាក់ពីចំនួនគ្រាប់ដែលថៃទម្លាក់ដូច្នេះ៖«ជាងពាន់៧ពាន់គ្រាប់ ដែលធ្លាក់ចូលមកក្នុងស្រុកបន្ទាយអំពិល មានទាំងគ្រាប់បែកចង្កោម គ្រាប់ផ្សេងៗទៀតដែលធ្វើឱ្យមានផលប៉ះពាល់ទៅលើផ្ទះសម្បែង ក៏ដូចជាដីធ្លីបងប្អូនប្រជាពលរដ្ឋ »។

លោកថ្លែងថា សម្រាប់តែស្រុកបន្ទាយអំពិល ការឈ្លានពានមកលើទឹកដីកម្ពុជាពីសំណាក់យោធាថៃទាំងពីរលើក បានបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ ស៊ីវិល ចំនួន៨២៣ខ្នង និងហេដ្ឋារចនាសម្ព័ន្ធច្រើននៅក្នុងស្រុកបន្ទាយអំពិល ក្នុងនោះមានវត្តអារាមចំនួន៣កន្លែង ដូចជាវត្តតាមាន់សែនជ័យ វត្តគិរីរង្សីថ្មដូន និងវត្តជប់គគីរកើត, សាលារៀនចំនួន៦ខ្នង, មណ្ឌលសុខភាពចំនួន៣កន្លែង ដោយមិនទាន់រាប់បញ្ចូលនូវការខូចខាតនៅទូទាំងខេត្តឧត្តរមានជ័យ។

បើនិយាយពីការខូចខាតនៅទូទាំងខេត្តឧត្ដរមានជ័យ របាយការណ៍ផ្លូវការបង្ហាញថា ក្នុងអំឡុងពេលបើកការប្រហារឈ្លានពានទឹកដីកម្ពុជា លើកទី២ បានធ្វើឱ្យទ្រព្យសម្បត្តិសាធារណៈសំខាន់ៗជាច្រើន ត្រូវបានបំផ្លាញ ក្នុងនោះប្រាសាទបុរាណចំនួន២ គឺប្រាសាទតាក្របី និងប្រាសាទចន្ទ, ស្ពានចំនួន២ទីតាំង, វត្តអារាមចំនួន៩, មណ្ឌលសុខភាពចំនួន៣, សាលារៀនចំនួន១៥ទីតាំង, ប៉ុស្តិ៍រដ្ឋបាល, ច្រកទ្វារព្រំដែន ជាដើម។ ដោយឡែកទ្រព្យសម្បត្តិឯកជនវិញមានដូចជា អគារសណ្ឋាគារ៤, ស្ថានីយប្រេងឥន្ធនៈចំនួន ៣កន្លែង, ព្រមទាំងមធ្យោបាយធ្វើដំណើរ មានរថយន្ត ទោចក្រយានយន្ត គោយន្ត និងសម្ភារផ្សេងៗទៀត។

អំឡុងពេលបើកការប្រហារឈ្លានពានទឹកដីកម្ពុជា កាលពីឆ្នាំ២០២៥ យោធាថៃបានប្រើប្រាស់សព្វាវុធគ្រប់ធុន និងគ្រប់ប្រភេទ ក្នុងនោះក៏មានការប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់ប្រភេទMK82, MK84, គ្រាប់ផ្លោង និងគ្រាប់ទម្លាក់ពីដ្រូន ព្រមទាំងគ្រាប់បែកចង្កោម ដែលត្រូវអន្តរជាតិហាមប្រាម ដែលនេះសបញ្ជាក់ថា យោធាថៃមានបំណងឈ្លានពានទឹកដីកម្ពុជា យ៉ាងច្បាស់ក្រឡែត។

ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជាកាលពីឆ្នាំ២០២៥ តាមការប៉ាន់ស្មាន ទាហានថៃអាចបាញ់គ្រាប់បែកចង្កោមប្រភេទគ្រាប់១៥៥មម ចំនួនប្រមាណ១២០.០០០ទៅ១៣០.០០០គ្រាប់ និងមានកូនគ្រាប់បែកចង្កោមប្រភេទM42,M46 និងM85 ប្រមាណ៦លានទៅ៧លានគ្រាប់ មកលើខេត្តរបស់កម្ពុជាជាប់ព្រំដែនជាមួយថៃ។ នេះបើតាមការផ្សព្វផ្សាយរបស់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា៕


-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក


