ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង ៖ ការប្រមូលយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាចេញពីបាតទន្លេគឺដើម្បីធានាសុវត្ថិភាពជូនអ្នកធ្វើដំណើរ និងអ្នកប្រកបអាជីវកម្មផ្សេងៗតាមដងទន្លេមេគង្គ
ការបញ្ជាក់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើឡើង ខណៈបានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពីលទ្ធផលកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវានៅការដ្ឋានទី១ នៅឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កិច្ចដំណើរការដ្ឋានទី២ នៅឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្ដាល និងការដ្ឋានទី៣ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល តាមប្រព័ន្ធវីដេអូ Zoom នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។
មានប្រសាសន៍បើកកិច្ចប្រជុំ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា យោងតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ ត្រូវប្រមូលយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាទាំងអស់ចេញពីបាតទន្លេមេគង្គ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ អ្នកធ្វើដំណើរ អ្នកនេសាទ និងអ្នកប្រកបអាជីវកម្មផ្សេងៗតាមដងទន្លេមេគង្គ។
នៅក្នុងកិច្ចប្រជុំនោះ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង បានធ្វើសេចក្តីរាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្កប្រជុំអំពីលទ្ធនៃការបិទបញ្ចប់ការងារនៅការដ្ឋានទី១នៅឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលចាប់ផ្ដើមពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ប្រកបដោយជោគជ័យ ទាំងកិច្ចសហការល្អ និងសុវត្ថិភាពខ្ពស់បំផុត ដោយក្រុមការងារស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានជាង១៦តោន និងសម្ភារសឹកមួយចំនួនទៀត។
ដោយឡែកនៅការដ្ឋានទី២ និងទី៣វិញ នាយឧត្តមសេនីយ៍ នាង ផាត បានបន្តថាការងារអនុវត្តនៅការដ្ឋានទាំងពីរនេះ បានប្រព្រឹត្តទៅតាមស្មារតីនៃផែនការដែលបានគ្រោងទុក ដោយរហូតដល់ពេលនេះ កិច្ចប្រតិបត្តិការនៅការដ្ឋានទី២ កំពុងអនុវត្តយ៉ាងសកម្ម និងថាបើទោះបីមានការយឺតយ៉ាវខ្លះៗ ប៉ុន្ដែក្រុមការងារនៅតែអាចបន្ដប្រតិបត្តិការជាប្រក្រតី ខណៈការដ្ឋានទី៣ ដែលចាប់ផ្ដើមពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១មកនោះ ក្រុមការងារក៏បានបន្តភារកិច្ចដោយមានកិច្ចសហការល្អជាមួយកំពង់ផែស្វយ័តភ្នំពេញ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងការកោតសរសើរដល់ក្រុមការងារទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងបេសកកម្មបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាក្រោមបាតទន្លេមេគង្គ។ សម្ដេចក្រឡាហោមបានបង្ហាញការកត់សំគាល់ថា រហូតមកដល់ពេលនេះ ដ្បិតថាការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោម និងស្រង់នាវាពីបាតទន្លេមេង្គ មិនទាន់បញ្ចប់ទាំងស្រុង ប៉ុន្ដែកំពុងទទួលបានជោគជ័យ និងមានលទ្ធផលល្អជាបន្តបន្ទាប់ជាមួយក្ដីសង្ឃឹមជឿជាក់ថាបេសកម្មនេះនឹងឈានទៅបញ្ចប់នាពេលខាងមុខ។
សូមបញ្ជាក់ថា កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការចូលរួមពី រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន នាយឧត្តមសេនីយ៍ អគ្គនាយកមជ្ឈមណ្ឌលជាតិ សម្រាប់កងកម្លាំងរក្សាសន្ដិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកស្វយ័តកំពង់ផែភ្នំពេញ ព្រមទាំងសមាជិកក្រុមការងារអន្តរក្រសួងជាច្រើនទៀត៕
ដោយ ៖ កោះកែវ








-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


