Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនគ្រោងបញ្ជាទិញយន្តហោះថ្មី ២៤ គ្រឿងពី Boeing និង Airbus

បានផុស

នៅ

ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន​ Philippine Airlines (PAL) គ្រោងបញ្ជាទិញយន្តហោះថ្មីចំនួន ២៤ គ្រឿង រួមមានយន្តហោះ Boeing 787-10 ចំនួន ១៥ គ្រឿង និង Airbus A350-1000 ចំនួន ៩ គ្រឿង ដើម្បីពង្រីកកងយន្តហោះ និងឆ្លើយតបនឹងតម្រូវការធ្វើដំណើរដែលកំពុងកើនឡើង។ ​នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់សម្ដីពីប្រភពក្នុងឧស្សាហកម្មអាកាសចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​បានឱ្យដឹងថា ការបញ្ជាទិញនេះ​រំពឹងថានឹងប្រកាសជាផ្លូវការនៅក្នុងពិព័រណ៍អាកាសចរណ៍ Farnborough Airshow ​នៅខែកក្កដានេះ។ ប្រសិនបើកិច្ចព្រមព្រៀងត្រូវបានបញ្ចប់ វានឹងក្លាយជាការបញ្ជាទិញយន្តហោះ Boeing លើកដំបូងរបស់ Philippine Airlines ក្នុងរយៈពេលជិត ២០ ឆ្នាំ។

យន្តហោះ Boeing 787-10 និង Airbus A350-1000 សុទ្ធតែជាយន្តហោះផ្លូវឆ្ងាយទំនើប ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការសន្សំសំចៃប្រេងឥន្ធនៈ និងអាចដឹកអ្នកដំណើរបានច្រើន។ ការបន្ថែមយន្តហោះទាំងនេះ ត្រូវបានរំពឹងថានឹងជួយឱ្យក្រុមហ៊ុនពង្រីកជើងហោះហើរអន្តរជាតិ និងបង្កើនសមត្ថភាពប្រកួតប្រជែងជាមួយក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់។

បច្ចុប្បន្ន Philippine Airlines មានកងយន្តហោះផ្លូវឆ្ងាយដែលរួមមាន Airbus A330, Boeing 777 និង Airbus A350។ ក្រុមហ៊ុនបានបង្ហាញពីផែនការបញ្ជាទិញយន្តហោះថ្មីកាលពីខែមិថុនា ខណៈកំពុងរៀបចំពង្រីកប្រតិបត្តិការ និងបំពេញតម្រូវការធ្វើដំណើរដែលកំពុងកើនឡើង។

ការពង្រីកកងយន្តហោះនេះ ក៏ស្របពេលហ្វីលីពីនកំពុងជំរុញការអភិវឌ្ឍវិស័យអាកាសចរណ៍ ដោយមានគម្រោងសាងសង់អាកាសយានដ្ឋានថ្មី និងបង្កើនសមត្ថភាពដឹកជញ្ជូនតាមផ្លូវអាកាស។ កាលពីខែមុន Philippine Airlines ក៏បានប្រកាសគម្រោងចូលរួមសម្ព័ន្ធក្រុមហ៊ុន​អាកាសចរណ៍ oneworld Alliance ដែលនឹងជួយពង្រីកបណ្តាញជើងហោះហើរ និងការតភ្ជាប់ជាមួយក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដទៃទៀត។

ទោះបីជាយ៉ាងណា ក្រុមហ៊ុន Boeing, Airbus និង Philippine Airlines មិនទាន់ធ្វើអត្ថាធិប្បាយជាផ្លូវការអំពីកិច្ចព្រមព្រៀងនេះនៅឡើយទេ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម