Connect with us

ព័ត៌មានជាតិ

អាជ្ញាធររំកិលរូបសំណាក លោក តាក្រម ង៉ុយ ទៅសួនច្បារចុងខាងជើង

បានផុស

នៅ

រូប​សំណាក​លោក​តា​ ក្រម ង៉ុយ ដែល​គ្រប់​គ្នា​ធ្លាប់​ឃើញ​តាំង​នៅ​លើសួនច្បារជាប់​នឹង​អតីតៈ​រោង​ដំរី​ខាង​មុខ​សណ្ឋា​គារ​កាំបូឌីយ៉ាណា នោះ​ឥឡូវ​នេះ​អាជ្ញាធរ​រាជធានីភ្នពេញ​បាន​រៀប​ចំ​រំកិល​ពី​ទីតាំង​ចាស់​មក​ទីតាំង​ថ្មីស្ថិត​នៅ​ទិស​ខាងជើង​បន្តិច​ត្រង់​សួន​ច្បារ​ដដែល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការពិនិត្យ​មើល​ជាក់​ស្តែង​នៅថ្ងៃទី០៨ខែមិថុនានេះដែរគេឃើញក្រុមជាងបានហ៊ុមព័ទ្ធ របង​ស័ង្កសី​នៅ​បរិវេណ​ទីតាំង​នោះ​ដោយ​បាន​ស្ទូច​រូបសំណាក​លោក​តា ក្រមង៉ុយ ចេញពីជើងទម្រចាស់ ​ដាក់​មក​ក្រោម​ហើយ​ប្រើគ្រឿងចក្រ​ដើម្បីបុករំលាយទីតាំងចាស់​លើកតម្កល់វិញ​នៅខាងជើងបន្តិច​ម្ដុំដើមពោធិ៍ក្នុងសួនដដែល។

ជាមួយនឹងការងឿងឆ្ងល់ របស់ប្រជាពលរដ្ឋដែលធ្វើ​ដំណើរឆ្លងកាត់នៅទីនោះ​ហើយ​មិនឃើញ​រូប​សំណាកលោកតាក្រម ង៉ុយទៀត​ដោយ​ឃើញ​តែគេហ៊ុម​ព័ទ្ធ​សង្កសី​នៅជុំវិបរិវេណនោះត្រូវ​បាន​ជាអាធរខណ្ឌដូនពេញ​បញ្ជាក់ថារូបសំណាក​លោកតា ក្រមង៉ុយ​ត្រូវបានរំកិលមកចុង​ខាងជើង​នៃសួនច្បារដដែល​នោះព្រោះនៅកន្លែងចាស់អាចបាំងនឹងអាគារប្រុង​សាងសង់នាពេលខាងមុខ​ដោយមានការដោះដូរដីនៅទីតាំងនោះ។

គួរបញ្ជាក់ថា ថាការហ៊ុមព័ទ្ធរបងនោះ​គឺត្រូវហ៊ុមព័ទ្ធទាំងអស់មិនថាអតីតបន្ទាយកងរាជអាវុធហត្ថ​ខណ្ឌដូនពេញ និងអតីតស្នាក់ការប៉ុស្តិ៍រដ្ឋបាលចតុមុខក៏ត្រូវបានផ្លាស់ប្តូរទៅទីតាំងថ្មីដែរ។

ជាអាជ្ញាធរខណ្ឌដូនពេញបញ្ចាក់ថាការរំកិលរូបសំណាកលោកតា ក្រម ង៉ុយ ពីទីតាំងចាស់មក​ទីតាំង​ថ្មីត្រង់​សួរច្បារដដែលនេះនឹងត្រូវធ្វើរួចរាល់នាពេលខាងមុខនេះ។

លោកតាមក្រមង៉ុយ ជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ ដែលខ្មែរគ្រប់រូបទទួលស្គាល់​ថាជាអ្នក​បង្កើតច្បាប់​ប្រៀនប្រដៅ ដាស់តឿន ដល់កូនខ្មែរ និងបង្កើតវោហារស័ព្ទខ្មែរ។

១.ប្រវត្តិរូបសង្ខេប

គេមិនដឹងពីថ្ងៃខែកំណើត របស់អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយទេ ប៉ុន្តែឯកសារបានអះអាងថា លោកកើតនៅឆ្នាំ១៨៦៥ ព.ស ២៤០៨ នៅភូមិព្រៃអណ្ដូងស្វាយ ឃុំកំបូល ស្រុកភ្នំពេញ (បច្ចុប្បន្នស្រុកអង្គស្នួល) ខេត្តកណ្ដាល។ លោកមានឈ្មោះពីកំណើតគឺ អ៊ុក អ៊ូ ហៅង៉ុយ។

ឯកសារដែលអាចប្រមូលបានឥឡូវនេះ មិនបានបញ្ជាក់ទេថា លោកមានបងប្អូនប៉ុន្មាននាក់ គឺគ្រាន់តែនិយាយថាលោកជាកូនទី២ក្នុងគ្រួសារប៉ុណ្ណោះ។ បិតារបស់លោក គឺចៅពញាធម្មធារា មេឃុំកំបូល នាមអ៊ុក។ រីឯមាតា នាម អៀង ជាបុត្រីរបស់ចៅពញាម៉ុក មេឃុំស្ពានថ្ម ស្រុកខេត្តជាមួយគ្នា។ មាតាបិតា លោកត្រូវជាបងប្អូនជីទូតមួយនឹងគ្នា។

ជីវិតស្នេហារបស់កវីប្រជាប្រិយរូបនេះ ពុំមានឯកសារណារៀបរាប់ទេ គ្រាន់តែដឹងថា ក្រោយពីបានចាក់សិក្ខាបទមកជាគ្រហស្ត លោកមានភរិយា ឈ្មោះ អ៊ិន និងមានកូនសុទ្ធតែប្រុសចំនួន៦រូប ឈ្មោះ ដួង ចេង ចា ចិន ចុង និងចេវ។

លោក យី ធន់ ធ្លាប់បញ្ជាក់ថា ក្នុងចំណោមកូនរបស់លោកទាំង ៦ រូបមានកូនទី៥ ដែលមានទេព្យ​កោសល្យខាងសំនួនវោហារ ហើយក៏ល្បីល្បាញផងដែរក្នុងឈ្មោះថា”អាចារ្យចុង”។ ប្រភពខ្លះទៀតនិយាយថា លោកអ៊ុក អ៊ូ មានចៅម្នាក់ទៀតដែរ ដែលមានវោហារល្បីខាងច្រៀងអាយ៉ៃ ហើយមានរូបរាងស្គមស្ដើងដែលគេធ្លាប់ឮឈ្មោះថានាយស្លឹក។ នៅពេលច្រៀងអាយ៉ៃ នាយស្លឹកតែងឧទ្ទេសនាមខ្លួនគាត់ថា”ស្រុកខ្ញុំនៅខាងលិច ពោធិចិនតុង កូនអាចារ្យចុង ចៅអាចារ្យង៉ុយ”។ អាចារ្យ ចុង បានទទួលអនិច្ចកម្មក្នុងគុកនយោបាយនៅឆ្នាំ ១៩៥៥ ពេលបោះឆ្នោតគណៈបក្សប្រជាធិតេយ្យ ប្រកួតប្រជែង និងបក្សសង្គមរាស្ត្រនិយម។

ក្នុងការរស់នៅជាកសិករ លោកតាមក្រមង៉ុយមានប្រជាប្រិយភាពខ្លាំងខាងវោហារ និងល្បិចលើកកំណាព្យភ្លាមៗ ច្រៀង ឡើង និងសំនៀងសាដៀវយ៉ាងពិរោះ ព្រមទាំងចំណេះខាងធម៏អាថ៍យ៉ាងខ្ពង់ខ្ពស់ ដែលធ្វើឧ្យកសិករឯទៀតរាប់អាន ស្រឡាញ់ទុកលោកជាអ្នកប្រាជ្ញក្នុងភូមិស្រុក ហើយអ្នកស្រុកហៅលោកថា ភិរម្យ ង៉ុយ។ បន្ទាប់មករដ្ឋអំណាច បានតាំងលោកជា (ក្រម) គឺជាភារៈជន ដែលធ្វើទំនាក់ទំនងរវាងរដ្ឋបាល និងប្រជាជនក្នុងឃុំ។

ពេលរដូវរំហើយ ក្រោយពីកិច្ចការច្រូតកាត់អ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរក្រមង៉ុយ តែងតែទេសនាប្រៀនប្រដៅ ច្រៀងកំណាព្យ​បន្ទរដោយសំនៀងសាដៀវដ៏ក្រលួចពីភូមិមួយទៅភូមិមួយ ដោយយំស្រណោះអាណិតខ្មែរគ្នាឯង ពីភាពក្រខ្សត់ខ្សោយ ក្រីក្រ ល្ងង់ខ្លៅ ឈ្លោះគ្នាឯងបែកបាក់សាមគ្គី។

សំនួនល្បីល្បាញពីកវីសិល្បករនេះ លេចឮដល់ទីក្រុង ហើយសម្តេចចក្រីបានហៅឧ្យ ទៅច្រៀងថ្វាយស្តេចស៊ីសុវត្តិពេញព្រះទ័យបានឧ្យរង្វាន់ជាប្រាក់កាស និងផ្ដល់គោរម្យងារជាព្រះភិរម្យភាសា។

អ្នកភិរម្យភាសាអ៊ូហៅង៉ុយ គឺជាគោរមងារមួយដែលហ្លួង ស៊ីសុវត្ថិ ប្រទានឱ្យកវី អ៊ុក អ៊ូ ហៅង៉ុយ អ្នកដែលបានធ្វើឱ្យកូនខ្មែរបានរស់នៅក្នុងការប្រៀនប្រដៅបែបប្រជាប្រិយដោយការរួមបញ្ចូលរវាងពុទ្ធោវាទ ជាមួយបរិស្ថានសង្គមកិច្ចកម្ពុជា​នាសម័យកាលថ្មីមួយ។

ប្រជាជនកម្ពុជាបាត់បង់សេរីភាព និងឥស្សរភាពជាម្ចាស់ប្រទេស ដោយពួកអាណានិគមបារាំងបានចាប់បង្ខំដាក់នឹមត្រួតត្រា។

អ្នកភិរម្យភាសាអ៊ូ បានទទួលអនិច្ចកម្ម នៅថ្ងៃសុក្រ ៦កើត ខែមិគសិរ ព.ស ២៤៧៩ គ.ស ១៩៣៦ ក្នុងជន្មាយុ៧១ឆ្នាំ ដោយជំងឺទល់លាមក។

២.ការសិក្សា និងស្នាដៃ

កុមារង៉ុយបានចូលរៀនលេខនព្ធន្ត អក្សរសាស្ត្រនៅវត្តអង្គបឹងចក ភូមិបែកស្គរ ឃុំបែកចាន ដែលជាស្រុកកំណើតរបស់លោក។ លោកជាក្មេងឧស្សាហ៏រៀនសូត្រ បានបួសជាសាមណេរ ចេះធម៏អាថ៏ជ្រៅជ្រះ ហើយកាលពេញវ័យ២១ឆ្នាំ​សាម​​ណេរ ក៏បំពេញឧបសម្បទាជាភិក្ខុ ដែលបានសិក្សាធម៍អាថ៍ ស្វះស្វែង រៀនប្រែព្រះត្រ័យបិដកដំបូង ក្នុងសំណាក់លោកគ្រូអាចារ្យទិត្យ គង់វត្តបឹងចក ភូមិបែកស្គរ ឃុំបែកចាន ស្រុកភ្នំពេញ ខេត្តកណ្តាល។ បន្ទាប់ពីប្រែព្រះត្រ័យបិដក ភិក្ខុ ង៉ុយ ស្វែងរៀនឧបស្សនាកម្មដ្ឋាន ក្នុងសំណាក់ព្រះអាចារ្យជាច្រើន កន្លែងទៀត។

បន្ទាប់ពីបួសពីសាមណេរ បានប៉ុន្មានឆ្នាំ លោកលាចាកសិក្ខាបទ ទៅបម្រើមាតា បិតា ហើយបានធ្វើជាស្មៀនរបស់ឪពុកលោកក្នុងការដើរហូតពន្ធស្រូវអាជ្ញា ហ្លួង។ នៅអាយុ ២១ឆ្នាំ លោកបានបួសម្ដងទៀត ដោយបំពេញឧបសម្បទាជាភិក្ខុ​នៅក្នុងវត្តដដែលដោយមានព្រះ ឧបជ្ឈាយ៍នាមសាស់។

បន្ទាប់មកលោកបានស្វែងរករៀនវិបស្សនាកម្មដ្ឋាន ក្នុងសំណាក់លោកអាចារ្យជាច្រើនកន្លែង ។ លោកបានគង់ក្នុងផ្នួស៥ឆ្នាំ លុះចេះដឹងល្មមប្រើការបានហើយ លោកក៏លាចាកសិក្ខាបទមកបកប្រែជីវភាពជាគ្រហស្ដវិញ ដោយបន្តជួយធ្វើការឪពុកក្នុងការជាក្រមផង ជាស្មៀនផង។

ដល់ពេលស្រុកភ័ន្តប្រែ លោកលាឈប់លែងធ្វើការរាជការហើយមករស់នៅជាកសិករធម្មតា។ គឺចាប់ពីពេលនោះហើយ ដែលលោកបានប្រើទេព្យកោសល្យគ្មានពីររបស់លោកច្រៀង ឬទេសនាពីភូមិមួយទៅភូមិមួយ ក្នុងពិធីបុណ្យទាននារដូវរំហើយ ស្រឡះដៃពីការងារស្រែចំការ។ ការច្រៀង ឬទេសនានោះមិនកំណត់ថ្លៃទេ ប៉ុន្តែអ្នកស្រុកតែងប្រមែប្រមូលស្រូវអង្គជូនលោកតាមសទ្ធា។

ស្នាដៃរបស់ក្រមង៉ុយ ដែលគេរកឃើញរហូតមកដល់សព្វថ្ងៃនេះ រួមមាន:

១- ច្បាប់ល្បើកថ្មី (ជាបទកាកគតិ-ឆ្នាំ១៩២២)

២- ច្បាប់កេរកាលថ្មី (ជាបទព្រហ្មគីតិ-ឆ្នាំ១៩២២))

៣- សេចក្ដីរំលឹកដាស់តឿន (ជាបទពាក្យ៧-ឆ្នាំ១៩៣១)

៤- ពាក្យកាព្យប្រដៅជនប្រុសស្រី (ជាបទពាក្យ៧- មិនដឹងកាលបរិច្ឆេទ, អាចក្នុងឆ្នាំ១៩៣៥ ព្រោះថាស្នាដៃទី៥)

៥- បណ្ដាំក្រមង៉ុយ (ជាបទព្រហ្មគីតិ- ក្នុងរវាងឆ្នាំ១៩៣៥)

នៅមានស្នាដៃផ្សេងៗទៀតរបស់ក្រមង៉ុយ ដែលគេរកមិនឃើញឯកសារសរសេរ ប៉ុន្តែអ្នកស្រាវជ្រាវមុនៗបានចាត់ទុកថាជាស្នាដៃរបស់លោកដែរ គឺចម្រៀងស្ដីអំពី : ការប្រែប្រួលនៃស្រុកទេស, កតញ្ញូកតវេទី, ត្រៃលក្ខណ៍, ចំរៀងស្រី- ប្រុស៕ ដោយៈ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម