Connect with us

ព័ត៌មានជាតិ

ព្រះសង្ឃ​ចំនួន១៤​អង្គ​និង​ប្រជាពលរដ្ឋ​ជីវភាពខ្វះខាត​ចំនួន០២គ្រួសារ ទទួល​អំណោយ​លោក​បណ្ឌិត​ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​ពេ​ជ ច័ន្ទ​មុន្នី​

បានផុស

នៅ

កំពង់ធំ ​៖ ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន ប្រធាន​ក្រុមការងារ​របស់​រាជរ​ដ្ឋា​ភិ​បាល ចុះ​ជួយ​មូលដ្ឋាន​ឃុំ​បន្ទាយ​ស្ទោង បាន​នាំ​យក អំណោយ​ឯកឧត្តម​បណ្ឌិត​ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​ពេ​ជ ច័ន្ទ​មុន្នី ប្រគេន​ព្រះសង្ឃ​ចំនួន​១៤​អង្គ និង​ប្រជាពលរដ្ឋ​ទីទាល់​ក្រ​ចំនួន​០២ គ្រួសារ នៅ​វត្ត​ចំបក់​បញ្ញា ឃុំ​បន្ទាយ​ស្ទោង ស្រុក​ស្ទោង ខេត្តកំពង់ធំ នៅ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ដឹកនាំ​សហការី រួម​ជា​មួយ​អាជ្ញាធរ​ដែនដី នាំយក​នូវ​ទេយ្យទាន និង​ស្បៀងអាហារ ថវិកា ទៅ​ប្រគេន​ព្រះសង្ឃ ដែល​កំពុង​ខ្វះខាត​ចង្ហាន់​ប្រចាំថ្ងៃ និង​ប្រជាពលរដ្ឋ ដែល​មាន​ជីវភាព​លំបាក​ខ្វះខាត ដោយសារ​រង​ផល​ប៉ះពាល់​ពី​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តែងតែមាន​ការព្រួយបារម្ភ​អំពី​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង​ក្នុងពេលដែល​ប្រទេសជាតិ​យើង​កំពុង​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ នេះ។​

ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន បាន​សំណូមពរ​ដល់​ព្រះសង្ឃ អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវតែ​មានការ​ប្រុងប្រយ័ត្ន​ជានិច្ច ជៀសវាង​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​ក្រុម​គ្រួសារ និង​ទីវ​ត្ត​អារាម ដោយ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​វិធានការ ៣​កុំ និង ៣​ការពារ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សម្រាប់ ទេយ្យទាន មាន​អង្ករ​ចំនួន ២៥០ គីឡូក្រាម , មី​១៥​កេស , ត្រីខកំប៉ុង ១០​យួរ , ទឹកបរិសុទ្ធ​០៥​កេស , ម៉ាស់​ពីរ​ប្រអប់ , ជេ​ល​០២​ដប និង​បច្ច័យ​មួយចំនួន​ផង​ដែរ ដោយឡែក​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​លំបាក​ខ្វះខាត​ចំនួន​ពីរ​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ ២៥​គីឡូក្រាម , មី​ចំនួន​មួយ​កេស , ទឹកត្រី​ចំនួន​មួយ​យួរ , ត្រីខកំប៉ុង​ចំនួន​មួយ​យួរ និង​ថវិកា​ក្នុង​មួយ​គ្រួសារ ២០​ម៉ឺន​រៀល។

ព្រះសង្ឃ អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​លំបាក​ខ្វះខាត មានចិត្ត​រំភើប​រីករាយ​យ៉ាង​ក្រៃលែង ដោយ​បាន​ទទួល​ជំនួយ​ស្បៀងអាហារ និង​ថវិកា​បាន​ទាន់​ពេល​វេលា និង​សូម​គោរព​ជូនពរ​ឯកឧត្តម​បណ្ឌិត​ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ពេ​ជ ច័ន្ទ​មុន្នី ព្រមទាំង​ក្រុមការងារ​របស់​រាជរដ្ឋា​ភិ​បាល​ចុះ​ជួយ​មូលដ្ឋាន ឃុំ​បន្ទាយ​ស្ទោង ស្រុក​ស្ទោង ខេត្តកំពង់ធំ សូម​បាន​ប្រកបដោយ​ពុទ្ធពរ​ទាំង​ប្រាំ​ប្រការ​កុំបី​ឃ្លៀងឃ្លាត​ឡើយ៕

ដោយ ៖ ប៊ុន រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម