ព័ត៌មានជាតិ
វត្តចំនួន ៩ រងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ ទទួលបានអំណោយពី សម្ដេចធិបតី
វត្តចំនួន ៩ ជុំវិញបឹងទន្លេសាប ដែលកំពុងរងគ្រោះដោយទឹកជំនន់ ទទួលបានអំណោយជាបច្ច័យ និងអង្ករ ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី កាលពីល្ងាចថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣ នៅវត្តវេឡុវ័ន្ត ឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ពិធីនេះមានការចូលរួមពី លោក ហង្ស ចាន់ព្រីដា រដ្ឋលេខាធិការ តំណាងលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ សាសនា លោក អ៊ុំ រាត្រី អភិបាលខត្តបន្ទាយមានជ័យ អភិបាលរងខេត្ត មន្ត្រីសង្ឃ លោក បៀវ ថាន ប្រធានធម្មការខេត្ត អនុប្រធាន អាចារ្យ និងពុទ្ធបរិស័ទជាច្រើននាក់ផងដែរ។

ក្នុងពិធីនោះ លោក អ៊ុំ រាត្រី បានថ្លែងអំណរគុណដល់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលបានចូលរួមសទ្ធាជ្រះថ្លា និងជួយដោះស្រាយរាល់ការលំបាក ខ្វះខាត ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ និងគោរពស្រឡាញ់ ជឿជាក់លើព្រះពុទ្ធសាសនា ព្រោះថាព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ និង ចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យប្រជាពលរដ្ឋប្រកាន់ភ្ជាប់នូវសីលធម៌ ចរិយាធម៌ និងគុណធម៌ល្អប្រសើរក្នុងការរស់នៅ។

ចំពោះវត្តរងគ្រោះដោយសារទឹកជំនន់ចំនួន ៩ វត្ត រួមមាន ៖ ១.វត្តសាយសាម៉ន ក្នុងឃុំចំណោយ ,២.វត្តបទុមបារមីយារាមគោកសំរោង ,៣.វត្តវេឡុវ័ន្ត ឫស្សីក្រោក ឃុំឫស្សីក្រោក ,៤.វត្តឃុំសឿ ,៥.វត្តកេតុរង្សីសុខរតនរាមចក ឃុំរហាត់ទឹក ,៦.វត្តត្រៃបទុមារាមសំបួរ ,៧.វត្តប៉ុណ្ណវីវឹកសរាម ស្រះឈូក ,៨.វត្តមាកោសលលោករាមតាសល់ចាស់ឃុំបល្ល័ង្គ ,៩.វត្តចេតនារាមបឹងខ្លាំងឃុំតាឡំ។ វត្តទាំង ៩ នេះ ទទួលបានអង្ករ ១៤០ ការុង មី ១៧៥ កេះ ហើយចែកក្នុងមួយវត្តៗ ទទួលបានអង្ករ ១៥ ការុង មី ១៩ កេះ និងថវិកា ២០ ម៉ឺនរៀល ស្មើគ្នា។

ជាមួយនោះ លោក ហង្ស ចាន់ព្រីដា ក៏បានមានប្រសាសន៍ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានដឹកនាំបន្តពីរាជរដ្ឋាភិបាលអាណត្តិទី ៦ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរពីសុខទុក្ខ ភាពលំបាក របស់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងៗ មិនដែលដាច់។

លោកបន្តថា ក្នុងនាមក្រសួងធម្មការ និងសាសនា ពិតណាស់ចង់ឃើញនៅតាមបណ្ដាវត្តអារាមនានា ឮតែសំឡេងព្រះធម៌ មានភាពស្ងប់ស្ងាត់ ដែលផ្តល់ភាពត្រជាក់ត្រជំសម្រាប់ប្រជាពុទ្ធបរិស័ទ ជ្រកក្រោមម្លប់ព្រះធម៌ ស្របតាមរដ្ឋធម្មនុញ្ញ ថា «ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ»។ ព្រោះ បច្ចុប្បន្ន វិស័យព្រះពុទ្ធសាសនា កំពុងល្បីល្បាញ និងរីកចម្រើន អាចប្រព្រឹត្តទៅបាន អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព។ បើគ្មានសុខសន្តិភាពទេ យើងក៏គ្មានឱកាសអភិវឌ្ឍន៍ប្រទេសបានរីកចម្រើនដូចសព្វថ្ងៃនេះឡើយ។ ហើយសម្ភារៈអំណោយទាំងនេះ បានបែងចែក និង ប្រគេនដល់វត្តចំនួន ៩។ វត្តទាំងនេះ ជាវត្តដែលមានការខ្វះខាតអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីចូលរួមចំណែកទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ឲ្យកាន់តែរីកចម្រើនទ្វេឡើងថែមទៀតផង៕
អត្ថបទ ៖ វ៉ាន់ ណាង
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


