ខេត្តសៀមរាប៖ ខ្លោងទ្វារតាកាវជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារទាំង៥នៃក្រុងអង្គរធំ ដែលមានសភាពចាស់ទ្រុឌទ្រោមមានអាយុកាលជិត ១ពាន់ឆ្នាំ ត្រូវបានក្រុមបច្ចេកទេសខាងបុរាណដ្ឋានរៀបចំជួសជុលឡើងវិញ។
កញ្ញា ហាន សុច្ចរី ស្ថាបត្យករ និងជាអ្នកទទួលបន្ទុកលើការងារជួសជុលបង្កាន់ដៃរូបទេវតានិងអសុរាបានឱ្យដឹងថា ដំណើរការជួសជុលនេះ គឺមានកិច្ចការងារចម្បងៗចំនួនបី ដែលត្រូវធ្វើជាចាំបាច់ ០១) ការងាររៀបរន្ទារទល់ទ្រពង្រឹងរចនាសម្ពន្ធប្រាង្គខ្លោងទ្វារទាំងមូល ដើម្បីការពារសុវត្ថិភាពក្នុងកំឡុងពេលធ្វើការនិងផ្តល់លទ្ធភាពសម្រាប់អ្នកបច្ចេកទេសសិក្សាបច្ចេកទេសរួមក្នុងការជួសជុល ០២) ការងារជួសជុលពង្រឹងជើងខឿនជ្រុងពាយ័ព្យហើយនិងដំរីអាទិទេព ០៣) ការងារជួសជុលស្ពានប្រវែង១០ម៉ែត្រ។ ចំពោះការងារជួសជុលខាងលើនឹងត្រូវអនុវត្តទន្ទឹមគ្នា គ្រោងនឹងដំណើរការដំណាលគ្នា។
ស្ថិតនៅទិសខាងលិចនៃប្រាសាទបាយ័ន ខ្លោងទ្វារតាកាវសង់អំពីថ្មភក់ និងថ្មបាយក្រៀម ដែលមានកំពូលរូបព្រះមុខបួនចំនួន៣ នៅពីលើកំពូលកណ្តាល មានកម្ពស់រហូតដល់២៣ម៉ែត្រ។ រីឯតាមចំណុចកែងនៃខ្លោងទ្វារ មានរូបព្រះឥន្ទគង់លើដំរីក្បាលបី ហើយនៅខាងលិចមានស្ពានហាលដែលមានលម្អដោយរូបទេវតានិងយក្សទាញព្រ័ត។
ដោយសារកត្តាអាយុកាល អាកាសធាតុ និងសង្គ្រាម បានធ្វើឱ្យដើមឈើដុះលើនិងក្បែរ បានបណ្តាលឱ្យរូបចម្លាក់បង្កាន់ដៃយក្សនិងទេវតាដួលរលំស្ទើរអស់គ្មានសល់ ហើយបានធ្វើឱ្យរចនាសម្ពន្ធរបស់ខ្លោងទ្វារមួយភាគធំ បានរងនូវការខូចខាតជាខ្លាំងដោយរូបចម្លាក់ព្រះឥន្ទគង់លើដំរីក្បាលបី បានរលុះធ្លាក់ដី ដំបូលរលុះនិងផ្នែកនៅសលបានហែកញែករកកលរលុះធ្លាក់មកដី។
កញ្ញា ហាន សុច្ចរី ដែលទទួលខុសត្រូវលើការងារជួសជុលបានលើកឡើងពីបញ្ហាខ្លះៗដូចជា ស្ថានភាពរូបចម្លាក់អមសងខាងស្ពានមានភាពទ្រុឌទ្រោមស្ទើរតែរាបដល់ដី ថ្មចម្លាក់មាននៅលាយឡំគ្នា និងខ្លះទៀតបានបាត់បង់ធ្វើឱ្យក្រុមការងារពិបាកក្នុងការស្វែងរកថ្មមករៀបចំផ្គុំឡើងវិញ និងការសិក្សាកំណត់យកអ័ក្សរួមនៃថ្មកម្រាល ចម្លាក់ លើរចនាសម្ពន្ធស្ពាន ដោយសារថ្មជញ្ជាំងគ្រឹះមួយចំនួនធំ បានងាកចេញពីទីតាំងដើម។
ខ្លោងទ្វារតាកាវ ត្រូវបានប្រារព្ធពិធីប្រុងពលី ដើម្បីដំណើរការជួសជុលកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវ ភឿង សកុណា ប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា និងជារដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមគំនិតផ្តួចផ្តើមនិងជួយឧបត្ថម្ភដោយលោកជំទាវឧកញ៉ា នាងវិសាខា អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍កិតិ្តបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ អនុវត្តផ្ទាល់ដោយអាជ្ញាធរជាតិអប្សរា៕
អត្ថបទ៖ គឿនវេត