Connect with us

ព័ត៌មានជាតិ

ទូតជប៉ុនប្រចាំកម្ពុជាបំពេញទស្សនកិច្ចការងារ២ថ្ងៃក្នុងខេត្តបាត់ដំបង និងពិនិត្យលទ្ធភាពជួយបន្ថែម

បានផុស

នៅ

ខេត្តបាត់ដំបង÷ ក្នុងដំណើរទស្សនកិច្ចក្នុងខេត្តបាត់ដំបងរយៈពេល០២ថ្ងៃចាប់ពីថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ លោក Masahiro Mikami ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងតំណាងអង្គការចៃកា Jica ជប៉ុនត្រូវបានអាជ្ញាធរខេត្តបាត់ដំបងទទួលស្វាគមន៍រាកទាក់យ៉់ាងកក់ក្តៅបំផុតក្នុងការបានចុះបំពេញការងារ និងទស្សនកិច្ចស្វែងយលពីគម្រោងនានាដែលជប៉ុនបានជួយដល់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈជំនួយមនុស្សធម៌ និងកម្ចីហិរញ្ញប្បទានរបស់ខ្លួនក្នុងការកសាងនូវសមិទ្ធផលនានាកន្លងមកក្នុងខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរទស្សនកិច្ចនេះ លោកអគ្គរាជទូតក៏បានចុះពិនិត្យគម្រោងសាងសង់ផ្លូវជាតិលេខ៥ (ហាយវ៉េ) ផ្លូវវៀងក្រុងសំណង​អគារនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបងដ៏ស្កឹមស្កៃ និងសាលាមត្តេយ្យធនធានក្នុងក្រុងបាត់ដំបងដែលបាន និងកំពុងដំណើរការរៀន និងបង្រៀនដល់សិស្ស និងអគារមន្ទីរពេទ្យដែលបំពាក់នូវសម្ភារៈបរិក្ខារពេទ្យទំនើបៗស្ថិតក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ហើយដែលបានបើកដំណើរការមួយរយៈកន្លងមក និងខ្លះទៀតរង់ចាំពេលវេលាសមស្របសម្ពោធដាក់ប្រើប្រាស់ផងដែរ។

នៅក្នុងឱកាសចុះទៅពិនិត្យមើលពីវឌ្ឍនភាពនៃការអនុវត្តគម្រោងរួម និងពិនិត្យមើលសំណង់មួយចំនួនដែលកំពុងតែអនុវត្តនៅតាមគោលដៅទីតាំងខាងលើ ក៏មានវត្តមានលោកអគ្គបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ព្រមទាំងអស់លោកលោកស្រីជាថ្នាក់ដឹកនាំមន្ទីរអប់រំខេត្តអាជ្ញាធរក្រុង និងអង្គភាពជំនាញវិស័យពាក់ព័ន្ធមួយចំនួនបានចូលរួមអមដំណើរជាមួយជាច្រើនរូបផងដែរ។

តាមការបញ្ជាក់ពីតំណាងដៃគូ Jica ជប៉ុនបានឱ្យដឹងថា ជប៉ុនកំពុងតែពិនិត្យលទ្ធភាក្នុងការជួយដល់ខេត្តបាត់ដំបងក្រោយពីបញ្ចប់ពីការរាតត្បាតជាសកលនូវវិបត្តិកូវីដ-១៩ តាមរយៈគម្រោងផ្សេងៗដទៃទៀតដែលជាអាទិភាពក្នុងការជួយដល់ខេត្តបាត់ដំបង ជាពិសេសពាក់ព័ន្ធគម្រោងអភិវឌ្ឍទីក្រុងវ័យឆ្លាតរបស់ខេត្តបាត់ដំបងទៅថ្ងៃអនាគត។

នៅក្នុងឱកាសចុះពិនិត្យរាល់សមិទ្ធផលខាងលើននេះដែរ លោកឯកអគ្គរាជទូតជប៉ុន Masahiro Mikami លោកអគ្គបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន និងលោកអភិបាលខេត្តបាត់ដំបងព្រមទាំងប្រតិភូក៏បានអញ្ជើញជួបសំណេះ​សំណាលជាមួយអ្នកគ្រូមត្តេយ្យនៅទីនោះផងដែរ​ និងបានពិនិត្យមើលពីកិច្ចដំណើរការនៅក្នុងការរៀន និងការបង្រៀនដល់កូនក្មួយៗចៅៗជាសិស្សតាមប្រព័ន្ធអនឡាញដែលកំពុងតែរៀននៅតាមផ្ទះក្នុងដំណាក់កាលរីករាលដាលរាតត្បាតជាសកលពីជំងឺកូវីត-១៩រហូតដល់ពេលបច្ចុប្បន្ននេះ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម